ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋតំបន់បឹងទន្លេសាប និងតំបន់ឆ្នេរទទួលគម្រោងលើកកម្ពស់ជីវភាពពីសហភាពអឺរ៉ុប

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានប្រកាសជាផ្លូវការពីការចាប់ផ្តើមអនុវត្តគម្រោងចំនួនបួន ដែលទទួលបានថវិកាពីសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ ការផ្ដល់សេវាសង្គម និងការការពារធនធានធម្មជាតិឱ្យរឹតតែប្រសើរសម្រាប់សហគមន៍នេសាទក្នុងខេត្តចំនួន ១០…

រាជធានីភ្នំពេញ ៖ សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានប្រកាសជាផ្លូវការពីការចាប់ផ្តើមអនុវត្តគម្រោងចំនួនបួន ដែលទទួលបានថវិកាពីសហភាពអឺរ៉ុប ដើម្បីគាំទ្រដល់កំណើនបៃតង ការបង្កើតការងារ ការផ្ដល់សេវាសង្គម និងការការពារធនធានធម្មជាតិឱ្យរឹតតែប្រសើរសម្រាប់សហគមន៍នេសាទក្នុងខេត្តចំនួន ១០ ដែលស្ថិតនៅតំបន់បឹងទន្លេសាប និងតំបន់ឆ្នេរ ។

អង្គការ WCS, Oxfam, Aide et Action, និង Save the Children ដើរតួនាទីសំខាន់នៅក្នុងការអនុវត្តគម្រោងនោះ ជាភាគីពាក់ព័ន្ធសំខាន់នៅក្នុងការធ្វើឲ្យដំណើរការគម្រោងនេះ ។ បណ្ឌិត កែន សិរីរដ្ឋា នាយកប្រចាំប្រទេសនៃអង្គការអភិរក្សសត្វព្រៃ (WCS) មានប្រសាសន៍ថា «គម្រោងទន្លេសាបរបស់យើងមានសារៈសំខាន់សម្រាប់ជីវចម្រុះ ធនធានជលផល មុខរបរចិញ្ចឹមជីវិត សុខុមាលភាព និងវប្បធម៌ ប៉ុន្តែបឹងរបស់យើងកំពុងបាត់បង់រូបរាងយ៉ាងឆាប់រហ័ស ដោយសារតែការប្រែប្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនី និងការបង្វែរទឹកពីតាមដៃទន្លេសម្រាប់ ប្រព័ន្ធស្រោចស្រពក្នុងវិស័យកសិកម្ម ។ យើងត្រូវចាប់យកឱកាស ដើម្បីកសាងភាពធន់នៃប្រព័ន្ធអេកូឡូស៊ី សហគមន៍ និងជីវៈចម្រុះ ដើម្បីបញ្ចៀសគ្រោះមន្តរាយមកលើមនុស្ស និងប្រព័ន្ធអេកូឡូស៊ី» ។

គួរជម្រាបថា អង្គការ Save the Children  (REDD BARNA) ទទួលថវិកា ៤ លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងផ្ដល់ការគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ដើម្បីលើកកម្ពស់ស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ ប្រព័ន្ធគ្រប់គ្រងសំណល់ គំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអប់រំ ។  អង្គការ Oxfam ទទួលថវិកា ៤ លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល ៤ ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហគមន៍នេសាទក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ក្នុងការលើកកម្ពស់លទ្ធភាពទទួលបាននូវការផ្គត់ផ្គង់ទឹកស្អាត សេវាអប់រំ សេវាអនាម័យ សេវាគ្រប់ គ្រងសំណល់ ការគ្រប់គ្រងធនធានធម្មជាតិសហគមន៍ប្រកបដោយចីរភាព ក៏ដូចជា លើកកម្ពស់ឱកាសប្រកបមុខរបរចិញ្ចឹមជីវិត និងឱកាសការងារ ។ អង្គការ Aide et Action Association ជាមួយនឹងថវិកាចំនួន ៤ លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល ៤ ឆ្នាំ (២០២១-២០២៤) ដើម្បីគាំទ្រដល់សហគមន៍ក្នុងខេត្តកែប កំពត ក្រុងព្រះសីហនុ និងខេត្តកោះកុង ឱ្យកាន់តែមានភាពធន់ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានប្រកបដោយចីរភាព ការផ្តល់សេវាកម្មកាន់តែប្រសើរឡើង និងកំណើនបៃតង ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមនិងអង្គការអភិរក្សសត្វព្រៃ (WCS) ក្រសួងបរិស្ថាន និងដៃគូដែលបានទទួលជំនួយថវិកា ៤,៩ លានអឺរ៉ូ ពីសហភាពអឺរ៉ុប កំពុងអនុវត្តគម្រោងរយៈពេល ៤ ឆ្នាំ (២០២១-២០២៤) នៅក្នុងខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវការគ្រប់គ្រង និងការស្ដារដែនជម្រកសំខាន់ៗ សំដៅជួយបង្កើនភាពធន់នឹងការប្រែប្រួលបរិស្ថាន ក៏ដូចជាជួយលើកកម្ពស់អភិបាលកិច្ច និងគោលនយោបាយ សំដៅកាត់បន្ថយកត្តាបង្កឱ្យមានការប្រែប្រួលបរិស្ថាន ។

លោកស្រី Pearce មានប្រសាសន៍ថា «អង្គការ Save the Children  ពិតជាមានចិត្តរំភើបរីករាយ ដែលអាចសហការជាមួយនឹងដៃគូនានា សហគមន៍ និងអាជ្ញាធរមូលដ្ឋាន ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងសហគមន៍នេសាទងាយរងគ្រោះ នៅភាគខាងកើតនៃតំបន់ទន្លេសាប និងជាពិសេសជំរុញឱ្យមានការអនុវត្តនូវគំនិតផ្តួចផ្តើមសេដ្ឋកិច្ចបៃតង និងការអនុវត្តល្អផ្នែកបរិស្ថាន ហើយក្នុងពេលជាមួយគ្នាជួយឱ្យកុមារ និងគ្រួសារទទួលបានសេវាកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងបរិយាប័ន្ន សម្រាប់ការ អប់រំ ទឹកស្អាត អនាម័យ និងសេវាគ្រប់គ្រងសំណល់» ។

លោក វន សម្ផស្ស នាយកប្រចាំប្រទេសនៃអង្គការ Aide et Action Cambodia មានប្រសាសន៍ថា «ភាពជាដៃគូ CO-SAVED Cambodia មានការចូលរួមពីតួអង្គពាក់ព័ន្ធចម្រុះ ដូចជា វិស័យឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីជំរុញឲ្យមានវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ យើងប្ដេជ្ញាផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជាចំនួន ៣៨២.៦៥០ នាក់ ដែលរស់នៅក្នុងសហគមន៍តាមតំបន់ឆ្នេរក្នុងការបង្កើតភាពជាដៃគូយូរអង្វែង ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាប័ន្ន  ការផ្តល់សេវាអប់រំ ទឹកស្អាត និងអនាម័យប្រកបដោយគុណភាព និងការមានជីវភាពរស់នៅប្រកបដោយចីរភាព» ។

ប្រធានទទួលបន្ទុកកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក Bryan Fornari មានប្រសាសន៍ថា «កម្មវិធី CAPFISH គឺជាកម្មវិធីទ្វេភាគីធំជាងគេដំបូងបង្អស់របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលមានគោលដៅជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយ បរិយាប័ន្ន ចីរភាព និងធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ សម្រាប់វិស័យជលផល ។ តាមរយៈការសហការជាមួយនឹងរដ្ឋបាលជលផល ព្រមទាំងដៃគូរអនុវត្តរបស់យើង ការប្រកាសចាប់ផ្ដើមអនុវត្តគម្រោងទាំងបួននៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ការស្ដារឡើងវិញពីជំងឺកូវីដ-១៩ នៅក្នុងតំបន់នេះ តាមរយៈការនាំមកនូវឱកាសសេដ្ឋកិច្ចថ្មីៗ និងការកសាងជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋជាងប្រាំម៉ឺន គ្រួសារ ។ ភាពជាដៃគូរបស់យើងជាមួយនឹងរដ្ឋបាលជលផល នឹងជួយឱ្យយើងអាចសម្រេចគោលដៅនេះបាន» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ