ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនចង់បោះបង់ការសិក្សា តែគ្រួសារក្រកុមារអាយុ ១៣ ឆ្នាំម្នាក់ធាក់ស៊ីក្លូដើរលក់ចេក និងអន្សមអំាង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មាឌក៏តូចអាយុក៏តិចស្ថិតនៅក្នុងវ័យកុមារនៅឡើយអាយុទើប ១៣ ឆ្នាំប៉ុណ្ណោះ កុមារា គណ បានខំធាក់ស៊ីក្លូកែច្នៃ ១ គ្រឿងដឹកនំអន្សមអាំង…

រាជធានីភ្នំពេញ ៖ មាឌក៏តូចអាយុក៏តិចស្ថិតនៅក្នុងវ័យកុមារនៅឡើយអាយុទើប ១៣ ឆ្នាំប៉ុណ្ណោះ កុមារា គណ បានខំធាក់ស៊ីក្លូកែច្នៃ ១ គ្រឿងដឹកនំអន្សមអាំង និងចេកអាំងចេញដើរលក់ចល័តគ្រប់កន្លែង តាមដងផ្លូវនានា ពិសេសទីប្រជាជុំជន ដូចជាមុខរោងចក្រកាត់ដេរ ផ្សារ ជាយៗរាជធានីភ្នំពេញ ក្នុងការរកប្រាក់ជួយសម្រាលការលំបាករបស់ឪពុកម្ដាយ កំពុងមានជីវភាពយ៉ាប់យ៉ឺនជាខ្លាំងនោះ ។

កុមារា គណ បានរៀបរាប់ប្រាប់ថា ខ្លួនពុំបានបោះបង់ការសិក្សានោះទេ ពីមុនក្មួយរៀនថ្នាក់ទី ៥ នៅក្នុងសាលារៀនមួយនៅឯស្រុកកំណើត តែដោយសារជំងឺកូវីដរាតត្បាតធ្វើឲ្យសាលាបិទទ្វារ ដូច្នេះគេបានឡើងមកភ្នំពេញ និងបានជួយលក់ដូរឪពុកម្តាយបង្កើនប្រាក់ចំណូល ។

កុមារារូបនេះបាននិយាយទៀតថា ការចេញលក់នំអន្សមអាំង និងចេកអាំងនេះ បានជិត ១ ឆ្នាំមកហើយ ហើយនៅពេលណាសាលាបើកទ្វារវិញគេនឹងទៅរៀនបន្តទៀតបោះបង់ចោលការសិក្សាឡើយ ។ «ខ្ញុំបានសំណូមពរឪពុកម្ដាយឲ្យផ្លាស់ខ្ញុំមករៀននៅភ្នំពេញវិញ ដើម្បីបានរស់នៅជួបជុំគ្នាផង និងបានឆ្លៀតពេលទំនេរពីការរៀនសូត្រជួយរកស៊ីពួកគាត់ផង» ។

វណ មានបងប្អូនចំនួន ៣ នាក់ ហើយគេជាកូនទី ២ ចំណែកបងស្រីធ្វើជាកម្មការិនីរោងចក្រ រីឯប្អូនទី ៣ នៅតូចនៅឡើយ ។ គ្រួសារដែលមានប្រភពមកពីស្រុកព្រៃកប្បាស ខេត្តតាកែវមួយនេះ បានស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជារៀងរាល់ថ្ងៃឪពុករបស់ វណ ចេញលក់នៅទីកន្លែងផ្សេង រីឯប្អូនប្រុសលក់នៅភូមិព្រៃទា និងតំបន់ជុំវិញនោះព្រោះនៅតូច កម្លាំងមិនដល់ក្នុងការធាក់ស៊ីក្លូដើរលក់ផ្លូវឆ្ងាយ ។

«ម្ដាយខ្ញុំជាអ្នកវេចនំអន្សម និងដោតចេកសម្រាប់ខ្ញុំ និងឪពុកដើរលក់» វណ បញ្ជាក់ ។ ក្នុង ១ ថ្ងៃៗ វណ ថាខ្លួនបានលក់នំអន្សមអាំងពី ៥០ ទៅ ៦០ នំ និងចេកអាំងពី ៥០ ទៅ ៧០ ចង្កាក់ ។ ថ្ងៃខ្លះក៏លក់ដាច់អស់ហើយថ្ងៃខ្លះទៀតក៏លក់ពុំអស់ឡើយ ប្រសិនបើលក់ដាច់អស់ បានចំណេញ ២ ម៉ឺនរៀលប៉ុណ្ណោះ ។ ឪពុកម្ដាយ គាត់ខំប្រឹងដើម្បីគ្រួសារ ទើបខ្ញុំឆ្លៀតពេលជួយពួកគាត់ដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារឲ្យប្រសើរឡើង មិនដើរលេងអត់ប្រយោជន៍ ។ វណ និយាយក្នុងភាពរឹងមាំ ។

ទោះយ៉ាងណាអ្នកទិញនំរបស់ វណ តែងតែលើកឡើងថា គេមិនគួរអនុញ្ញាតឲ្យក្មេងដើរលក់នំតាមទីសាធារណនោះទេ ពីព្រោះប្រឈមនឹងគ្រោះចរាចរណ៍ ម្យ៉ាងទៀតគេខ្លាចតែកុមាររូបនេះ មិនមានអារម្មណ៍សិក្សានៅពេលគេបានចេញរកប្រាក់តំាងពីក្មេងបែបនេះ ។ ពលរដ្ឋជាច្រើនលើកឡើងថា ការចៀសឆ្ងាយពីភាពក្រីក្របានមានតែចំណេះវិជ្ជានោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ