ភ្នំពេញ៖ ទឹកស្ទឹងព្រែកត្នោត បានកើនឡើងកាន់តែខ្លាំង បណ្ដាលឲ្យហូរលើផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចភ្លើងស្តុបព្រែកជ្រៃ រួមនឹងផ្ទះសម្បែងច្រើនខ្នង នៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទឹកឡើងលិចផ្លូវនេះ ចាប់តាំងពីម៉ោង ៦ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ រហូតដល់ម៉ោង ៨យប់នេះ ចរាចរណ៍នៅតែអនុញ្ញាតឲ្យឆ្លងកាត់កំណាត់ផ្លូវ២១៧ ដែលទឹកជន់លិចនេះ តែមានម៉ូតូជាច្រើន រលត់ម៉ាស៊ីន ដោយជ្រក់ទឹក។
ជំនន់ទឹកភ្លៀងលើកំណាត់ផ្លូវត្រង់ចំណុចស្តុបខាងលើនេះ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង រហូតដល់វេលាម៉ោង ៨យប់ថ្ងៃដដែលនេះ ពុំទាន់ធូរស្រាលនៅឡើយ។
ចំណែកម៉ូតូ ពុំអាចបើកបរឆ្លងកាត់ផ្លូវលេខ២១៧ នោះបានឡើយ ដោយម៉ូតូជាច្រើនគ្រឿង បានរលត់ម៉ាស៊ីន ព្រោះតែឈ្លក់ទឹក ត្រូវទឹកចូលក្នុងម៉ាស៊ីន។ ទឹកលិចកន្លែងខ្លះដល់ស្មងជើង ក្រោមក្បាលជង្គង់។
រីឯកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ក៏បានឈរជើងសម្រួលចរាចរណ៍ នៅតាមចំណុច ដែលមានការកកស្ទះនានា ទាំងមេឃ កំពុងធ្លាក់ភ្លៀង ព្រមទាំងបានបញ្ចៀសឲ្យអ្នកដំណើរទាំងអស់ ជាពិសេសអ្នកជិះម៉ូតូ ធ្វើដំណើរវាង ទៅតាមផ្លូវ ៦០ម៉ែត្រ និងផ្លូវផ្សេងៗទៀត ដើម្បីទៅកាន់រង្វង់មូលកួរស្រូវ។
ផ្លូវលេខ២១៧ ចាប់ពីមុខផ្សារព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដល់ចំណុចរង្វង់មូលកួរស្រូវ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ នៅពុំទាន់លិចនៅឡើយទេ។ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលប៉ុស្តិ៍ស្ពានថ្ម។
ប្រភព័ត៌មានបានឲ្យដឹងថា ទឹកដែលហូរលើផ្លូវលេខ២១៧ ហៅផ្លូវចំការដូង និងលិចលំនៅដ្ឋានជាច្រើនខ្នងនេះ ពុំមែនដោយសារតែការបាក់ទំនប់ស្ទឹងព្រែកត្នោតនោះទេ គឺព្រោះតែកម្រិតទឹកស្ទឹង កើនឡើងឥតឈប់ឈរ និងបានហៀរចេញពីស្ទឹង ហូរចូលផ្ទះ និងលិចផ្លូវនេះតែម្ដង។ នេះគឺជាការព្រួយបារម្ភជាថ្មីអំពីការជន់លិច ប្រសិនបើទឹកស្ទឹង នៅតែបន្តកើនឡើងឥតឈប់បែបនេះ គឺនឹងត្រូវលិចលង់ ដូចគ្នាទៅនឹងឆ្នាំ២០២០ កន្លងទៅមិនខានឡើយ។ កាលពីឆ្នាំមុន នៅចំណុចទឹកលិចកំណាត់ផ្លូវលេខ២១៧ រហូតដល់រង្វង់មូលកួរស្រូវ គឺត្រូវជិះទូក ដោយទឹកឡើងលិចដល់ត្រឹមចង្កេះ និងកន្លែងខ្លះដល់ត្រឹមទ្រូង៕ យន់ ស៊ីថា









ចែករំលែកព័តមាននេះ