រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ការប្រកួតប្រដាល់អន្តរជាតិប្រចាំសប្ដាហ៍ពេលព្រឹករបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍នឹងចាប់ដំណើរការទៀតហើយ ដោយមានកីឡាករកម្ពុជា២រូបប្រកួតជាមួយកីឡាករថៃ។ យ៉ាងណាក៏ដោយមនុស្សតិចណាស់ដែលជឿថា ឃីម បូរ៉ា និងមាស ច័ន្ទមាន អាចយកឈ្នះកីឡាករថៃសម្រាប់ការប្រកួតនេះ ។
កីឡាករ ឃីម បូរ៉ា ដែលអ្នកណាក៏ស្គាល់ថាជាជើងខ្លាំងម្នាក់ និងជិតរៀបការភរិយាផងនោះ នឹងត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះ យ៉ត បណ្ឌិត ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ការប្រកួតរបស់គូនេះ ត្រូវគេកត់សម្គាល់ពីស្នាដៃរួចទៅហើយ ដោយសារតែកីឡាករកម្ពុជាក៏មានប្រវត្តិស្វិតស្វាញនៅលើសង្វៀន ខណៈកីឡាករថៃក៏មិនមែនជាជើងថ្មី ។ ភាគីខាងកម្ពុជាគឺជាកីឡាករដែលមានឈ្មោះបោះសំឡេងនៅលើសង្វៀន ប៉ុន្តែគេមានសំណាងមិនសូវល្អទាល់តែសោះសម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ដែលបានធ្វើឡើង ។ អ៊ីចឹងហើយទើបគេមិនមានខ្សែក្រវាត់ជើងឯកក្នុងដៃ ហើយហាក់ដូចជាធ្វើឲ្យគេបាក់ទឹកចិត្ត និងមានការប្រកួតម្ដងល្អម្ដងមិនល្អមិនសូវនឹងនរ។ ដោយឡែកសម្រាប់កីឡាករ យ៉ត បណ្ឌិត វិញ ក៏មិនទាន់មានខ្សែក្រវាត់ជើងឯក យកមកបង្អួតនោះដែរ ប៉ុន្តែគេគឺជាជើងខ្លាំងម្នាក់ ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានបង្ហាញភាពជឿជាក់ចំពោះកីឡាករថៃ ដោយសារតែបានទស្សនាការប្រកួតរបស់គេនៅក្នុងប្រទេសថៃ ហើយលោកនិយាយថាថ្វីដៃ និងបច្ចេកទេសប្រកួតរបស់គេរស់រវើកពិបាកឲ្យគូប្រកួតទប់ជាប់ ។ លោកហាក់មិនសូវជឿថាកីឡាករកម្ពុជានឹងឈ្នះគេដោយស្រួលនោះទេ ដោយសារតែឃីម បូរ៉ា កន្លងមកក៏មានការប្រកួតហេងស៊យម្ដងម្កាលផងដែរ ចាប់តាំងពីគេរបូតខ្សែក្រវាត់ជើងឯកដែលគួរទទួល២លើកផ្ទួនៗ។ លោកនិយាយថា «កីឡាករថៃល្អ តាមមើលបូរ៉ាបែបយ៉ាប់ហើយសម្រាប់ការប៉ះគ្នាហ្នឹង!» ។ គាប់ជួនជាការប្រកួតក្នុងប៉ុន្មានលើកចុងក្រោយរបស់កីឡាករថៃរមែងប្រមូលយកជ័យជម្នះត្រឡប់ទៅវិញអស់ផង ទើបកីឡាករកម្ពុជាមិនថាអ្នកស្ថិតក្នុងកម្រិត B នោះទេ គឺសូម្បីតែកម្រិត A ក៏ចាញ់ថៃឲ្យរដឹកដែលធ្វើឲ្យអ្នកទស្សនាពិបាកទុកចិត្តសមត្ថភាពប្រកួតរបស់កីឡាករកម្ពុជាផងដែរ។
លោកថា កីឡាករកម្ពុជាបានហ្វឹកហាត់គ្រប់គ្រាន់គឺមិនអន់នោះទេ ប៉ុន្តែមកពីផឹកច្រើននិងដើរលេង ច្រើនហើយហ្វឹកហាត់តែប៉ុន្មានថ្ងៃមុនឡើងរេញ ទើបការប្រកួតយូរទៅមិនសូវដូចពេលឡើងកូដ។ យ៉ាងណាក៏ដោយ លោកថា កីឡាករឃីម បូរ៉ា គឺជាជើងខ្លាំងដែលមានឆន្ទះហ្វឹកហាត់គ្រប់គ្រាន់ ដូច្នេះបើទោះជាពិបាកស៊ីព្រោះកីឡាករ យ៉ត បណ្ឌិត ជាកីឡាករល្អ ក៏កីឡាករថៃនឹងមិនងាយស្រួលក្នុងការវាយប្រយុទ្ធនោះដែរ។ ស្រួលមិនស្រួលកីឡាករថៃនឹងត្រូវចាញ់យ៉ាងអាម៉ាស់លើរេញនោះផង ដោយសារតែឃីម បូរ៉ា មិនណយសម្រាប់ការប៉ះប្រកួតជាមួយថៃយូរមកហើយ ។ លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតបានថ្លែងស្របគ្នាថា កីឡាកររបស់លោកមិនមែនជើងថ្មី និងថាកីឡាករឃីម បូរ៉ា នឹងពិបាកស៊ីផុយ ដោយសារសំអាងថាស្បែករបស់គេស្វិត និងកណ្ដាប់ដៃរបស់គេល្អ ។
ទោះបីយ៉ាងណា លោកបានបង្ហាញការព្យាករថា កីឡាករទាំងពីរមិនទាន់ប្រាកដថាអ្នកណានឹងឈ្នះអ្នកណានោះទេ ដោយគ្រាន់តែមានការប៉ាន់ស្មានថាម្នាក់ៗនឹងស្វិតស្វាញសម្រាប់ឆាកប្រយុទ្ធ និងបានត្រៀមខ្លួនដើម្បីរក្សាមុខមាត់រៀងខ្លួនប៉ុណ្ណោះ។ លោកថា កីឡាករ យ៉ត បណ្ឌិត ធ្លាប់ប្រកួតបាន៦១ដង ឈ្នះ៥៣ដង ចាញ់៦ដង និងស្មើ១ដង ដោយការប្រកួតរបស់កីឡាកររូបនេះ លោកហ៊ានអះអាងគឺល្អដៃ ម៉ាត់ កែង និងទាត់ព្រមគ្នា ហើយបើនិយាយពីកម្លាំងស៊ុហ្វវិញ លោកថាកីឡាករថៃគឺជាកីឡាករអាជីព ដូច្នេះចំពោះការហ្វឹកហាត់របស់គេម៉ត់ចត់ និងច្បាស់លាស់មិនដូចកីឡាករកម្ពុជាដែលទាល់តែជិតឡើងរេញទើបសម្រុកចូលហាត់រំលឹកក្បាច់គុននោះឡើយ ។ ប៉ុន្តែនោះក៏មកពីស្ថានភាពតម្លៃខ្លួន និងការរស់នៅរបស់កីឡាករប្រទេសទាំងពីរនៅមិនទាន់ដូចគ្នានោះផងដែរ។ ដោយឡែកសម្រាប់កីឡាករឃីម បូរ៉ា វិញគេធ្លាប់ប្រកួតបាន៨២លើក ឈ្នះ៦៩លើក ចាញ់១១លើក និងស្មើ២លើក ដែលមានន័យថាបទពិសោធន៍ប្រកួតរបស់កីឡាកររូបនេះមិនអន់នោះឡើយ ។
ចំពោះមាស ច័ន្ទមាន ក៏ជាកីឡាករម្នាក់ដែលមិនសូវមានអ្នកជឿច្រើនថាគេនឹងឈ្នះកីឡាករថៃសម្រាប់ព្រឹត្តិការណ៍ព្រឹកថ្ងៃអាទិត្យដូចគ្នាផងដែរ។ គេនឹងប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះស៊ុបភើ ប៊យ ដែលជាជើងខ្លាំងនៅក្នុងប្រទេសថៃ ។ កីឡាករថៃរូបនេះធ្លាប់ប្រកួត៩៩លើក ឈ្នះ៧៩លើក ចាញ់១៦លើក និងស្មើ៤លើក ដោយលទ្ធផលប្រកួតប៉ុន្មានលើកចុងក្រោយរបស់គេត្រូវបានលោកថៃ អ៊ូ លើកមេដៃឡើងលើទទួលស្គាល់ថាកាន់តែរីកចម្រើន។ ដោយឡែកសម្រាប់មាស ច័ន្ទមាន វិញ គេធ្លាប់ប្រកួតបាន១២០លើក ឈ្នះ៩៩លើក ចាញ់២៥លើក និងមិនដែលស្មើ ។
យ៉ាងណាក៏ដោយ គេនៅតែចាត់ទុកថាកីឡាករជាម្ចាស់ខ្សែក្រវាត់K-Cement កាលពីឆ្នាំ២០១៣រូបនេះ ហាក់ត្រឡប់ទៅរកភាពធ្លាក់ដៃម្ដងទៀត ដោយសារតែវ័យរបស់គេកាន់តែជ្រេខុសពីមុន ។ គូនេះ មានការព្យាករ១០០%ថាទំនងជាស្មើគ្នាច្រើនជាងចាញ់ឈ្នះ ដោយសារតែកីឡាករថៃគឺជើងខ្លាំងម្នាក់ ហើយមាស ច័ន្ទមាន ក៏ពិតជាប្រកួតប្ដូរដែលបណ្ដាលឲ្យលទ្ធផលស៊ីសងគ្នាមិនដាច់៕
ចែករំលែកព័តមាននេះ