ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នៅ​តែ​មិន​អាច​ទប់ស្កាត់​ការ​នាំ​ចូល​សាច់ និង​បន្លែ​ពី​បរទេស ទោះបី​ផលិត​បាន​ក្តី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក លី ឡា​វី​ល នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន M’s Pig ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី​គ្រុប បាន​មាន​ប្រសាសន៍​ថា ៖ « សព្វ​ថ្ងៃនេះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​បរទេស

រាជធានី​ភ្នំពេញ ៖ លោក លី ឡា​វី​ល នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន M’s Pig ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី​គ្រុប បាន​មាន​ប្រសាសន៍​ថា ៖ « សព្វ​ថ្ងៃនេះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​បរទេស នៅ​មាន​ចំនួន​តិចតួច​ជាង​កម្ពុជា​នាំ​ចូល​ពី​បរទេស ហើយ​អ្វី​ដែល​សំខាន់​នោះ គឺ​កម្ពុជា​មិនមែន​នាំ​ចូល​តែ​ផលិតផល ឬ​ទំនិញ​ដែល​គ្មាន​នោះ​ទេ សូ​ម្បី​តែ​ផលិតផល ឬ​ទំនិញ​ដែល​កម្ពុជា​អាច​មាន​លទ្ធភាព​ធ្វើ​បាន ក៏​ត្រូវ​នាំ​ចូល​ដែរ ហើយ​បាន​នាំ​ចូល​ក្នុង​ចំនួន​ច្រើន​ទៀត​ផង » ។

លោកនាយក​ចាត់ការ​ទូទៅ​បន្ត​ថា ៖ «​សព្វ ថ្ងៃនេះ កម្ពុជា​យើង​មិន​មាន​ផលិតផល​ប្រើប្រាស់​គ្រប់គ្រាន់​នៅឡើយ​ទេ ដែល​តម្រូវ​ឱ្យ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ ជាក់ស្ដែង សាច់​ជ្រូក​នៅ​កម្ពុជា​សព្វថ្ងៃ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម និង​ថៃ សម្រាប់​យក​មក​ផ្គត់ផ្គង់​បង្គ្រប់​នៅ​ទីផ្សារ​កម្ពុជា​យ៉ាងច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​។ សម្រាប់​សាច់​ជ្រូក​នេះ បើសិនជា​យើង​បិទ​ការ​នាំ​ចូល​រយៈពេល​បី​ខែ​នោះ កម្ពុជា​នឹង​គ្មាន​សាច់​សម្រាប់​បរិភោគ​ទៀត​ទេ ព្រោះថា​ការ​ផ្គត់ផ្គង់​របស់​យើង​សព្វថ្ងៃ បាន​ត្រឹមតែ​៥០% ទៅ​៦០%​ប៉ុណ្ណោះ ក្រៅពី​នោះ គឺ​នាំ​ចូល » ។

លោក​បន្ថែម​ថា ៖ « ក្រៅពី​សាច់​ជ្រូក ក៏​មាន​ទំនិញ​ជា​ច្រើន​ទៀត ដែល​ត្រូវ​បាន​នាំ​ចូល​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​ផង​ដែរ ដូច​ជា​បន្លែ​ជាដើម គឺ​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​នៅឡើយ​ទេ ដែល​ត្រូវ​ពឹង​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​បរិភោគ​វិញ ។ វា​ជា​ការ​ពិត​ណាស់​ដែល​កម្ពុជា​ត្រូវការ​នាំ​ចូល​ទំនិញ​ពី​បរទេស តែ​ទោះជា​យ៉ាងណា សូម​ឱ្យ​រាជរដ្ឋាភិបាល មាន​វិធានការ​ទប់ស្កាត់ ឬ​ក៏​កំណត់​ពី​ចំនួន​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​បរទេស ដើម្បី​ទុក​លទ្ធភាព​ឱ្យ​ប្រជាជន​ក្នុងស្រុក​ពង្រឹង​ការ​ដាំ​ដុះ និង​ផ្គត់ផ្គង់​ដោយ​ខ្លួន​វិញ ជា​ពិសេស ត្រូវ​រក​ទីផ្សារ​ឱ្យ​អ្នក​ផលិត​ក្នុងស្រុក ដូច​ជា​បន្លែ និង​សាច់​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃនេះ​ជាដើម ឬ​ក៏​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ មុន​នឹង​នាំ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា ពីព្រោះ​ការ​នាំ​ចូល​ទាំងអស់​មិនមែន​សុទ្ធតែ​ត្រឹមត្រូវ​ឡើយ អាច​មាន​របស់​ដែល​គ្មាន​គុណភាព បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាក់ស្ដែង ការ​នាំ​ចូល​ជ្រូក​ដែល​មិន​បាន​ពិនិត្យ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ហើយ​ថែម​ទាំង​ចម្លង​ដល់​ជ្រូក​ផ្សេង​ទៀត​ក្នុងស្រុក​ទៀត​ផង » ។

លោក​លើក​ឡើង​ថា ៖ « ចំពោះ​បន្លែ​វិញ ប្រជា​កសិករ​ដាំ​បាន​ហើយ តែ​ដោយសារ​តែ​គ្មាន​ទីផ្សារ ឬ​ក៏​បន្លែ​នោះ​ថោក​ពេក ក៏បង្ខំចិត្ត​ឈូស​ឆាយ​បន្លែ​ទាំងនោះ​ចោល​វិញ ។ ទាំងនេះ​ហើយ​គឺជា​ផលវិបាក​មួយ​សម្រាប់​ប្រជា​កសិករ​ជា​អ្នក​ផលិត ។ ដូចនេះ ទើប​ធ្វើ​ឱ្យ​បន្លែ និង​សាច់​ពី​នាំ​ចូល​ពី​បរទេស គឺ​ភាគច្រើន​ព្រួយបារម្ភ​ពី​បន្លែ​គីមី តែបើ​មិន​នាំ​ចូល គឺ​អត់​មានអី​ហូប » ។

គួរ​បញ្ជាក់​ថា ក្រៅពី​សាច់ បន្លែ និង​របស់របរ​ហូប​ចុក​ជា​ច្រើន កម្ពុជា​ក៏​មានការ​នាំ​ចូល​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ តែ​ទន្ទឹម​នឹង​ការ​នាំ​ចូល​ពី​បរទេស​នោះ កម្ពុជា​ក៏​បាន​នាំ​ចេញ​នូវ​ផលិតផល និង​ទំនិញ​ជា​ច្រើន​ផង​ដែរ គ្រាន់តែ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​បរទេស​នោះ​មាន​ចំនួន​តិច​ជាង​ការ​នាំ​ចូល​ពី​បរទេស​មក​កម្ពុជា ។ ជាក់ស្ដែង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃ គឺ​ថៃ​បាន​នាំ​ចូល​មក​កម្ពុជា ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ប៉ុន្តែ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​វិញ មិន​ដល់​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង គឺ​ខុស​គ្នា​ឆ្ងាយ ៕