រាជធានីភ្នំពេញ ៖ របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយនៅថ្ងៃទី៣០ មីនា ២០១៦ បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងនៅតែបន្តភាពរឹងមាំក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ដោយមានការជំរុញពីវិស័យឧស្សាហកម្ម កាត់ដេរ និងស្បែកជើង សំណង់ និងសេវាកម្ម។ របាយការណ៍សេដ្ឋកិច្ចបោះពុម្ពផ្សាយប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានឈ្មោះថាទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៦ (ADO) បានលើកឡើងថា ផលិតផលសរុបក្នុងប្រទេស (ផសស) ត្រូវបានព្យាករថា នឹងមានការកើនឡើង៧,០%នៅក្នុងឆ្នាំ២០១៦ ពោលគឺដូចគ្នានឹងកម្រិតដែលសម្រេចបានក្នុងឆ្នាំ២០១៥ មុននឹងឡើងវិញតិចតួចក្នុងឆ្នាំ២០១៧។
លោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ « ដោយមានកំណើនក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ការធ្វើពិពិធកម្មក្នុងវិស័យឧស្សាហកម្មធុនស្រាល កាត់ដេរ និងទិសដៅនាំចេញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងនៅតែរឹងមាំក្នុងរយៈពេល២ឆ្នាំខាងមុខ ។ ដើម្បីរក្សានិរន្តរភាពនៃកំណើននេះ ប្រទេសកម្ពុជាចាំបាច់ត្រូវបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រីកឱកាសការងារបន្ថែមទៀត តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗ » ។
លោកមានប្រសាសន៍បន្តថា ៖ « វិស័យឧស្សាហកម្មត្រូវបានព្យាករថា មានកំណើន៩,៥%នៅឆ្នាំនេះ ដោយមានការគាំទ្រពីការបន្តធ្វើពិពិធកម្មផលិតផល ដែលមានតម្លៃបន្ថែមខ្ពស់ជាងដូចជា ផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអេឡិចត្រូនិក ។ កំណើនក្នុងវិស័យសេវាកម្មត្រូវបានរំពឹងនឹងកើនឡើង៧,៨% ។ វិស័យកសិកម្មនឹងកើនឡើង១,៦% ដោយការសន្មតថា អាកាសធាតុអាចមានភាពអំណោយផលវិញ ។ កំណើនវិស័យសំណង់រំពឹងថា នឹងបន្តថមថយមកវិញ បើធៀបនឹងកំណើនខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ » ។
ឱនភាពសារពើពន្ធ ដោយមិនរាប់បញ្ចូលជំនួយឥតសំណងត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់៤,៣% នៃ ផសស ក្នុងឆ្នាំ២០១៦។ ឱនភាពគណនីចរន្តត្រូវបានព្យាករថា គ្មានការប្រែប្រួលគួរឱ្យកត់សម្គាល់ទេក្នុងឆ្នាំ២០១៦ ប៉ុន្តែនឹងធ្លាក់ចុះក្នុងឆ្នាំ២០១៧ ដោយសារតែឱកាសនាំចេញមានលក្ខណៈល្អប្រសើរជាងមុន។ អតិផរណាឆ្នាំមុននេះ បានថមថយមកនៅត្រឹមអត្រាទាបបំផុតចាប់តាំងពីឆ្នាំ២០០៩មក ប៉ុន្តែបានកើនឡើងតិចតួចវិញនៅចុងឆ្នាំមុន ។ ការថយចុះនូវថ្លៃស្បៀងអាហារ និងឥន្ធនៈសកល ត្រូវបានគេរំពឹងថា នឹងនាំឲ្យអតិផរណាធ្លាក់ចុះ២,៥%ក្នុងឆ្នាំ២០១៦ មុននឹងកើនឡើងដល់៣,០%ក្នុងឆ្នាំ២០១៧ ។
កំណើនដ៏ឆាប់រហ័សនៃឥណទាន និងវិស័យអចលនទ្រព្យនាំឲ្យហានិភ័យនៃវិស័យហិរញ្ញវត្ថុកើនឡើង ។ កិច្ចខិតខំប្រឹងប្រែងបង្កើតគោលនយោបាយដើម្បីធានាស្ថិរភាពវិស័យហិរញ្ញវត្ថុគួរតែបន្ត ។ ទន្ទឹមនឹងនោះ កម្ពុជាចាំបាច់ត្រូវតែបង្កើនគុណភាពការងារ តាមរយៈការឆ្លើយតបចំពោះចំណុចខ្វះខាតក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល និងជួយឲ្យកុមារអាចរៀនចប់ចុងចប់ដើម ។
មានការិយាល័យកណ្តាលនៅទីក្រុងម៉ានីល ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញាកាត់បន្ថយភាពក្រីក្រនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នភាព កំណើនដែលធានាដល់ចីរភាពបរិស្ថាន និងសមាហរណកម្មតំបន់ ។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារនេះ ជាកម្មសិទ្ធិរបស់សមាជិកចំនួន៦៧ប្រទេស ដែលក្នុងនោះ៤៨ប្រទេសមកពីតំបន់នេះ ៕
ចែករំលែកព័តមាននេះ