ផ្អើលក្រុងបាវិត ! ឆេះចម្ការស្មាច់អស់ជាង២ហិកតា
ខេត្តស្វាយរៀង ៖ ចម្ការស្មាច់ទំហំជាង២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត បានត្រូវភ្លើងឆេះសន្ធោសន្ធៅកាលពីថ្ងៃទី៣០ ខែមីនា…
ខេត្តស្វាយរៀង ៖ ចម្ការស្មាច់ទំហំជាង២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត បានត្រូវភ្លើងឆេះសន្ធោសន្ធៅកាលពីថ្ងៃទី៣០ ខែមីនា…
ខេត្តស្វាយរៀង ៖ ចម្ការស្មាច់ទំហំជាង២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត បានត្រូវភ្លើងឆេះសន្ធោសន្ធៅកាលពីថ្ងៃទី៣០ ខែមីនា វេលាម៉ោង១០និង១៥នាទីព្រឹក ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយនគរបាលក្រុងបានជួយអន្តរាគមន៍ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់៦រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បានដោយចំណាយពេលជាង២ម៉ោងទើបភ្លើងរលត់ទាំងស្រុង ។ ក្នុងការពន្លត់ភ្លើងឆេះចម្ការស្មាច់នេះ មានវត្តមានលោក លឹម សៀងហេង អភិបាលរងក្រុងបាវិត ដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស នគរបាលក្រុងបាវិត និងមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនទៀត ។
បើតាមមន្ត្រីកងរាជអាវុធហត្ថក្រុងបាវិតឱ្យដឹងថា ដើមភ្លើងនេះកើតឡើងដោយសារមានក្មេងដុតគំនរសំរាមនៅជិតផ្លូវជាតិលេខ១ ជាប់ចម្ការស្មាច់ ហើយមិននៅមើលភ្លើងនោះទេទុកឱ្យភ្លើងឆេះរាលដាល ។ ដោយសារតែអាកាសធាតុក្តៅខ្លាំង បណ្តាលឱ្យស្មៅស្លោកងាប់ ស្លឹកឈើជ្រុះ និងមានសំរាមរាយប៉ាយផងនោះ ពេលមានខ្យល់បក់បោក ក៏ឆេះរាលដាលទៅក្នុងចម្ការស្មាច់យ៉ាងសន្ធោសន្ធៅ មានអណ្តាតភ្លើង កម្ពស់ចុងឈើ ។ ពេលនោះអ្នកភូមិឃើញក៏ស្រែកឆោឡោ និងប្តឹងទៅលោកអធិការនគរបាលក្រុងបាវិត ឱ្យចាត់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានក្រុង១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថក្រុងបាវិតចំនួន២គ្រឿងមកបាញ់ទឹកពន្លត់ ។ ប៉ុន្តែដោយសារក្នុងចម្ការគ្មានផ្លូវអាចឲ្យរថយន្តចូលបាន ទើបភ្លើងឆេះរហូតអស់ជិត២ហិកតាទម្រាំគ្រប់គ្រងស្ថានការណ៍បាន ។
អ្នកភូមិនិយាយថា បើរថយន្តអគ្គិភ័យមកជួយពន្លត់មិនទាន់ពេលទេ គឺអាចរាលដាលឆេះដល់ផ្ទះដែលនៅជាប់ចម្ការស្មាច់នោះទៀត ក៏ប៉ុន្តែសមត្ថកិច្ចព្យាយាមតទុយោបាញ់ទឹកពន្លត់ភ្លើងក្បែផ្ទះ និងបាញ់ទឹកដាក់ស្លឹកឈើ និងសំរាម ទើបភ្លើងរលត់ដោយមិនអាចឆេះរាលដាលដល់ផ្ទះអ្នកស្រុកបាន ។
ទោះជាយ៉ាងណា ករណីភ្លើងឆេះចម្ការស្មាច់នេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ហើយសមត្ថកិច្ចបានត្រៀមកម្លាំងការពាររហូតដល់ម៉ោង១រសៀលថ្ងៃដដែល ទើបដកត្រឡប់ទៅវិញ ៕
ចែករំលែកព័តមាននេះ