ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមរភូមិកណ្ដាលក្រុងភ្នំពេញ ម្នាក់ៗ​ព្រលឹងចុងសក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន រហូត​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ​…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន រហូត​មានការ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ដែល​ជា​ការ​ប៉ះទង្គិច​គ្នា ដោយ​ជនសង្ស័យ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​វិញ ដើម្បី​បើករថយន្ត​គេចខ្លួន ។ ការ​បាញ់​គ្នា​មួយ​ប្រាវ​នោះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ា​ង​ខ្លាំង​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី យប់​ថ្ងៃ​ទី​២៩ មីនា នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០៥ និង​ផ្លូវ​លេខ​៣៨៤ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បានឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​រស់នៅ​នៅ​ជិត​កន្លែង​កើតហេតុ និង​អ្នក​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ភ័យ​ខ្លាច​ព្រលឹង​ចុង​សក់ ពេល​ឃើញ​មានការ​បាញ់បោះ​ដាក់​គ្នា ដូច​ក្នុង​សមរភូមិ​មុខ​កណ្តាល​រាជធានី ដោយ​មិន​គិតដល់​អាយុជីវិត​អ្នក​ដទៃ​ឡើយ ។ អ្នក​រស់នៅ​តំបន់​នោះ​ម្នាក់​ៗ​នឹក​ស្មានថា ក្រុម​ទាំង​២​មានរឿង​អ្វី​កើតឡើង​តាំងពី​ថ្ងៃ​ណា​មក​ទេ បានជា​មក​បាញ់​តដៃ​គ្នា​ទៅ​វិញ​ទៅ​មក​របៀប​ស៊ីសាច់ហុតឈាម​នេះ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា មុន​ពេល​មានការ​បាញ់​គ្នា​នេះ​កើតឡើង ដោយសារ​តែ​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ បាន​ដេញ​តាម​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន មាន​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ជិះ​រថយន្ត​ឡិច​ស៊ី​ស RX 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2M-4860 មួយ​គ្រឿង តែ​មិនដឹង​ថា ដេញ​តាម​តាំងពី​ចំណុច​ណា​មក​ទេ ។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​បាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឡោម​ព័ទ្ធ​ដើម្បី​ចាប់ ក៏​ធ្វើ​ឲ្យ​មានការ​បាញ់​បើកផ្លូវ​ពី​សំណាក់​ជនសង្ស័យ ទើប​កម្លាំង​ដែល​ឡោម​ព័ទ្ធ​បាន​បាញ់​តបត​វិញ​ដូច​ក្នុង​សមរភូមិ​ប្រយុទ្ធ​ទម្រាំ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​មេ​ថ្នាំ​ញៀន​ទាំង​២​នាក់​បាន និង​ដកហូត​បាន​គ្រឿងញៀន​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់ កាំភ្លើងខ្លី​មួយ​ដើម រួម​ទាំង​រថយន្ត RX300 មួយ​គ្រឿង ។

ក្រោយ​ពី​កើតហេតុ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី ។

ក្រុម​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​ដែល​បើក​ប្រតិបត្តិ​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​ណាមួយ​ដល់​អ្នករាយការណ៍​ព័ត៌មាន​នោះ​ទេ ។ ប្រការ​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ការ​បាញ់​តដៃ​គ្នា​នោះ​មិន​បាន​ត្រូវ​របួស​ភាគី​ខាង​ណា​ទេ សូ​ម្បី​ជនសង្ស័យ ក៏​មិន​រង​របួស​ដោយ​គ្រាប់កាំភ្លើង​សមត្ថកិច្ច​ដែរ ទោះបី​កញ្ចក់​មុខ​រថយន្ត​ត្រូវ​បាន​បាញ់​ទម្លុះ​សុសសាច់​អស់​ទៅ​ហើយ​ក្តី ។

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​ថា រឿងរ៉ាវ​ទាក់ទិន​នឹង​គ្រឿងញៀន​របស់​ជនសង្ស័យ​មិនដឹង​មាន​កម្រិត​ណា​នោះ​ទេ ហើយ​ពេល​នេះ​ក៏​កន្លង​ហួស​ពី​សមត្ថកិច្ច​ខណ្ឌ និង​ក្រុង​ទៅ​ហើយ ។ ប្រភព​ក្រៅផ្លូវការ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ ក៏​មានការ​ទាក់ទិន​នឹង​អំពើ​ប្លន់​ផង​ដែរ ៕