ដុតសំរាម បង្កឲ្យឆេះរាលដាលរោងដាក់សម្ភារជាប់ស្ថានីយប្រេង
ខេត្តកំពង់ឆ្នាំង ៖ ករណីអគ្គីភ័យ បានឆាបឆេះរោងស្តុកសម្ភារ ប្រវែង១៥ម៉ែត្រ ជាប់របងស្ថានីយប្រេងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លាន់ស្លោ
ខេត្តកំពង់ឆ្នាំង ៖ ករណីអគ្គីភ័យ បានឆាបឆេះរោងស្តុកសម្ភារ ប្រវែង១៥ម៉ែត្រ ជាប់របងស្ថានីយប្រេងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លាន់ស្លោ
ខេត្តកំពង់ឆ្នាំង ៖ ករណីអគ្គីភ័យ បានឆាបឆេះរោងស្តុកសម្ភារ ប្រវែង១៥ម៉ែត្រ ជាប់របងស្ថានីយប្រេងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លាន់ស្លោ ព្រោះតែអគ្គីភ័យនោះនៅជាប់និងស៊ីទែនប្រេង ដែលគ្រាន់តែបាំងដោយរបងថ្មម្ខាងម្នាក់តែប៉ុណ្ណោះ ។ ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច។ ទោះយ៉ាងណា ពុំមាននរណាម្នាក់រងរបួសក្នុងហេតុការណ៏នោះទេ ។
លោក ម៉ាត់ លី អធិការនគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ សា ម៉ាត់ អាយុ៦០ឆ្នាំ ជនជាតិខ្មែរឥស្លាម មានរបរជាអ្នកលក់គុយទាវ ។ លោកបានបន្តដោយស្រង់សំដី បុរសជាម្ចាស់ផ្ទះថា មុនពេលកើតហេតុ គ្មានអ្នកបានចាប់អារម្មណ៏ថា មានគេលួចដុត សំរាមក្រោយផ្ទះនោះទេ ស្រាប់តែភ្លើងនោះបានឆេះរាលដាលតាមស្មៅងាប់ៗ តគ្នារហូតមកដល់រោងក្រោយផ្ទះ ដែលគាត់ធ្វើដាក់ឈើផ្ទះចាស់ ដែលរុះគរទុក ដោយធ្វើរោងសង់គ្របពីលើ មានប្រវែង៥គុណនិង១៥ម៉ែត្រ ធ្វើពីឈើប្រក់ និងបាំងជញ្ជាំងសង្កសី បណ្តាលឲ្យឆាបឆេះ ដល់ឈើផ្ទះ និង ប៊ីដុងជ័រ ដែលគាត់ដាក់ខ្លាញ់គោ ជាច្រើនប៊ីដុង យ៉ាងសន្ធោសន្ធៅឡើង ទើបដឹង និងផ្អើលឆោឡោតែម្ដង។
ពេលនោះដែរក៏មានប្រជាពលរដ្ឋ និងអ្នកជិតខាងមានការភ័យស្លន់ស្លោជាខ្លាំង ដោយសារតែការឆេះរោងឈើនេះ នៅជិតស៊ីទែន ដែលកំពុងមានប្រេងស្តុកនៅឡើយ ហើយប្រជាពលរដ្ឋបានប្រញាប់ នាំគ្នាជួយដងទឹកមកពន្លត់ និងខ្លះទៀតបានបូមទឹកជួយបាញ់ពន្លត់ គ្រាន់តែទប់ទល់កុំឲ្យរាលដាល ទៅដល់ស៊ីទែនប្រេងប៉ុណ្ណោះ មិនអាចពន្លត់ភ្លើងឆេះរោងនោះបានទេ គឺបណ្តាលឲ្យ ឆេះខ្ទេចទាំង ស្រុងតែម្តង ទើបរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការខេត្ត បានទៅដល់ជួយពន្លត់បន្ថែម។ ចំពោះការខូចខាត គឺឆេះរោងមួយខ្នង មានប្រវែង ១៥គុណនិង៥ម៉ែត្រ ឈើផ្ទះរុះទុក១ខ្នង ប៊ីដុងដាក់ខ្លាញ់គោមួយចំនួន និងសម្ភារជាច្រើនទៀត ។ ករណីអគ្គីភ័យឆាបឆេះនេះ សំណាងហើយដែលមិនឆេះរាលដាលដល់ ស៊ីទែនប្រេង បើឆាបឆេះដល់វិញ ទំហំនៃការខូចខាតពិតជាធំធេងជាក់ជាពុំខាន៕
ចែករំលែកព័តមាននេះ