ប៉ូលិសបែលហ្ស៊ិកកំពុងបន្តតាមរកជនសង្ស័យសំខាន់ដែលគេចខ្លួនមួយសប្តាហ៍មកហើយ ក្រោយការវាយប្រហារភេរវកម្មរបស់ពួកជីហាដ ដែលបណ្តាលឱ្យមនុស្សស្លាប់៣២នាក់ នៅក្រុងព្រុចសែល ក្នុងនោះរួមមានព្រលានយន្តហោះក្រុងនេះដែរ ដែលនៅតែបិទទ្វារមកដល់ថ្ងៃទី៣០ មីនា ។
ក្រោយបំពេញការងារដ៏ស្មុគស្មាញ អាជ្ញាធរបែលហ្ស៊ិកបានបញ្ចប់នាថ្ងៃទី២៩ មីនា កំណត់អត្តសញ្ញាណជនរងគ្រោះ ។ យោងតាមអយ្យការក្រុងព្រុចសែលថា មនុស្ស១៧នាក់ដែលស្លាប់ជាជនជាតិបែលហ្ស៊ិក ហើយអ្នកស្លាប់ក្រៅពីនេះ១៥នាក់ទៀត ជាជនបរទេស។ ក្រៅពីអ្នកស្លាប់មនុស្ស៣៤០នាក់ រងរបួសក្នុងនោះ៩៤នាក់ស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ។
រាជធានីបែលហ្ស៊ិកនាថ្ងៃទី២២ មីនា វេលាម៉ោង៧និង៥៨នាទីម៉ោងក្នុងស្រុក រងការវាយប្រហារអត្តឃាត២ នៅព្រលានយន្តហោះក្រុងព្រុចសែល ZAVENTEM រួចប្រមាណជាមួយម៉ោង បន្ទាប់ពីនេះ ជនអត្តឃាតទី៣ម្នាក់ទៀតបានធ្វើឱ្យផ្ទុះក្នុងស្ថានីយមេត្រូមួយ ។
ការបិទទ្វារព្រលានយន្តហោះផ្តល់ផលវិបាកធ្ងន់ធ្ងរនានាដោយក្រុមហ៊ុនអាកាសចរណ៍ BRUSSELS AIRLINES និយាយប្រាប់ AFP ថា ក្រុមហ៊ុនជួបវិបត្តិយ៉ាងធំមួយនៃប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបាត់បង់ប្រាក់ចំណូល៥លានអឺរ៉ូ ក្នុងមួយថ្ងៃ ។
ចំណែកចរាចរណ៍របស់មេត្រូត្រូវដំណើរការឡើងវិញនាថ្ងៃទី៣០ មីនា លើគ្រប់បណ្តាញលើកលែងតែស្ថានីយ MAELBEEK ដែលរងការវាយប្រហារអត្តឃាត ។
តុលាការបែលហ្ស៊ិកបានដោះលែងបុរសម្នាក់គត់ដែលជាប់ចោទពីបទវាយប្រហារភេរវកម្មក្រុងព្រុចសែលឈ្មោះ FAYCAL CHEFFOU ដែលគេយល់ថា ជាអ្នកដាក់គ្រាប់បែកទី៣ នៅព្រលានយន្តហោះ ។ ជនសង្ស័យគន្លឹះនេះជាបុរសពាក់មួក ឃើញក្នុងរូបភាពវីដេអូនៃកាមេរ៉ាត្រួតពិនិត្យកំពុងដើរក្បែរជនអត្តឃាត២នាក់នៅព្រលានយន្តហោះ ដែលបោះបង់ចោលវ៉ាលិសមានគ្រឿងផ្ទុះមុនគេចខ្លួន។ មេធាវីរបស់គេនិយាយថា ពេលមានការវាយប្រហារ ជននេះស្ថិតនៅផ្ទះរបស់គេទេ ៕
ចែករំលែកព័តមាននេះ