យោងតាម YONHAP ថា កងទ័ពកូរ៉េខាងត្បូងគូសបញ្ជាក់នាថ្ងៃទី២៩ មីនា ថា កូរ៉េខាងជើងបានបាញ់កាំជ្រួចរយៈខ្លីមួយគ្រាប់ជាការតវ៉ាប្រឆាំងនឹងទណ្ឌកម្មនានាចំពោះប្រទេសនេះ ដាក់ដោយ អ.ស.ប ក្រោយការសាកល្បងនុយក្លេអ៊ែរលើកទី៤ និងការបាញ់មីស៊ីលរយៈឆ្ងាយ ។
កាំជ្រួចនេះហោះចម្ងាយប្រមាណជា២០០គីឡូម៉ែត្រ សំដៅទៅភាគឦសានមុនពេលធ្លាក់លើគោលដៅនៅលើដី ។ បើគិតពីទិសដៅ និងចម្ងាយនៃការហោះហើរកងទ័ពកូរ៉េខាងត្បូងយល់ថា កាំជ្រួចនេះអាចបាញ់ចេញពីប្រព័ន្ធកាំជ្រួចហ្វូងថ្មីរបស់កូរ៉េខាងជើង ។
កូរ៉េខាងជើងកាលពីថ្ងៃទី២១ មីនា បានបាញ់គ្រាប់រ៉ុក្កែតរយៈខ្លីទំហំ៣០០មីល្លីម៉ែត្រចំនួន៥គ្រាប់ ទៅសមុទ្រខាងកើតចេញពីទីក្រុង HAMHUNG ស្ថិតនៅភាគឦសានប្រទេស ។ ក្រុងព្យុងយ៉ាងចាត់ទុកការបាញ់នេះថា ជាការបាញ់សាកចុងក្រោយនៃកាំជ្រួចហ្វូងថ្មីរបស់ខ្លួន ។ នេះជាសញ្ញាថា របបកុំមុយនីស្តនោះត្រៀមដាក់ពង្រាយប្រព័ន្ធនេះហើយ ។
ក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងគ្រាប់រ៉ុក្កែត និងមីស៊ីលរយៈខ្លី ព្រមទាំងរយៈមធ្យមចំនួន៦លើកចាប់តាំងពីដើមខែមីនាមក ។ កូរ៉េខាងជើងនិយាយថា ត្រៀមប្រើប្រាស់គ្រប់ពេលនូវកាំជ្រួចហ្វូងទំហំធំទាំងនេះ ដើម្បីកម្ទេចវិមានប្រធានាធិបតីកូរ៉េខាងត្បូងឱ្យទៅជាផេះ ៕
ចែករំលែកព័តមាននេះ