រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអេហ្ស៊ីប លោក SHERIF FATHY រាយការណ៍ថា ចោរអាកាសដែលចាប់ពង្វាងកាលពីថ្ងៃទី២៩ មីនា នូវយន្តហោះអេហ្ស៊ីប១គ្រឿងទៅចុះចតនៅប្រទេសស៊ីបត្រូវបានចាប់ខ្លួន ។
រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា មនុស្ស៧នាក់ចុងក្រោយគេដែលស្ថិតក្នុងយន្តហោះត្រូវបានដោះលែងរួចអ្នកដំណើរទាំងអស់ ព្រមទាំងក្រុមយានិកសុខសប្បាយទាំងអស់គ្នា ។
ចោរអាកាសរូបនេះអះអាងថា ខ្លួនគេមានខ្សែក្រវាត់ភ្ជាប់គ្រឿងផ្ទុះ ពេលចាប់ពង្វាងយន្តហោះ ។ លោក SHERIF FATHY ឱ្យដឹងថា តាមពិតទៅចោរអាកាសនេះពុំមានគ្រឿងផ្ទុះជាប់ខ្លួនគេឡើយ រួចការស៊ើបអង្កេតមួយកំពុងធ្វើរកមូលហេតុពិតប្រាកដ ។ អាជ្ញាធរបានសួរចម្លើយចោរអាកាសនេះចង់ដឹងពីហេតុផលពិតប្រាកដនៃសកម្មភាពរបស់គេ ។

ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក SHERIF ISMAEL ថ្លែងថា ចោរអាកាសជនជាតិអេហ្ស៊ីបរូបគេពុំមែនជាចោរអាកាសវិជ្ចាជីវៈឡើយ ហើយការទាក់ទងតាមទូរស័ព្ទជាមួយជននេះផ្តោតតែលើសំណើផ្ទាល់ខ្លួននានារបស់គេដោយគេស្នើសុំជួបជាមួយបណ្តាមន្ត្រីអឺរ៉ុប តែពុំមានអ្វីពិសេសឡើយ ។
អ្នកដំណើរទាំងអស់ដែលជិះក្នុងយន្តហោះត្រូវចាប់ពង្វាង នាយប់ថ្ងៃទី២៩ មីនា បានមកដលព្រលានយន្តហោះអន្តរជាតិទីក្រុងគែរហើយ ។ មុននេះអ្នកដំណើរទាំង៨១នាក់ ក្នុងនោះមានជនបរទេស២១នាក់ត្រូវបានដោះលែងនៅប្រទេសស៊ីប ហើយចោរអាកាសត្រូវចាប់ខ្លួន ។
យន្តហោះ AIRBUS A 320 របស់ក្រុមហ៊ុនអាកាសចរណ៍ EGYPTAIR ដែលហោះហើររវាងទីក្រុងអាឡិចសង់ឌ្រី និងទីក្រុងគែរ ត្រូវចោរអាកាសម្នាក់ចាប់ពង្វាងទៅចុះនៅទីក្រុង LARNACA ប្រទេសស៊ីបនាព្រឹកថ្ងៃទី២៩ មីនា ក្រោយការហោះចេញបន្តិច ។ ក្នុងចំណោមអ្នកដំណើរមានជនជាតិអេហ្ស៊ីប ព្រមទាំងជនជាតិអាមេរិក អង់គ្លេស ហូឡង់ បារាំង អីុតាលី ក្រិក និងស៊ីរី ។ ពេលយន្តហោះចុះនៅព្រលានយន្តហោះក្រុង LARNACA នាវេលាម៉ោង៨និង៥០នាទីម៉ោងក្នុងស្រុក ចោរអាកាសបានដោះលែងអ្នកដំណើរភាគច្រើន លើកលែងតែសមាជិកក្រុមយានិក៤នាក់ និងអ្នកដំណើរ៣នាក់ ។ អាកាសចរណ៍ស៊ីវិលអេហ្ស៊ីបថ្លែងនាពេលមុននេះថា ចោរអាកាសបានគំរាមធ្វើឱ្យគ្រឿងផ្ទុះរបស់គេផ្ទុះ តែយោងតាមអាជ្ញាធរស៊ីបថា តាមពិតទៅនោះជាការកុហកសោះ ។
ក្រោយការចរចា ចោរអាកាសចង់បញ្ជូនលិខិតមួយច្បាប់មាន៤ទំព័រទៅឱ្យអតីតភរិយាគេដែលបច្ចុប្បន្នរស់នៅក្នុងភូមិមួយជាមួយកូន៤នាក់ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រលានយន្តហោះ LARNACA ។ ប្រធានាធិបតីស៊ីបលោក NICOS ANASTADES ថ្លែងនាថ្ងៃទី២៩ មីនា ថា ការចាប់ពង្វាងយន្តហោះនេះពុំមែនជាអំពើភេរវកម្មឡើយ ។
តាមពិតទៅ ចោរអាកាសជាជនជាតិអេហ្ស៊ីបនេះពុំមានអាវុធ ហើយត្រូវបានគេចាត់ទុកថា ជាមនុស្សមានសតិមិនល្អ ។ រូបគេគ្រាន់តែគំរាមអ្នកបើកយន្តហោះថា គេមានគ្រឿងផ្ទុះប៉ុណ្ណោះ ។
គេតាមដានរឿងចាប់ពង្វាងយន្តហោះនេះអស់ពេល៦ម៉ោង ។ ដោយពិភាក្សាជាមួយចោរអាកាស ដែលតាមពិតមានឈ្មោះថា SEIF AL DIN MOHAMED MOSTAFA អាយុ៥៨ឆ្នាំ អាជ្ញាធរស៊ីបអះអាងថា នេះពុំមែនជារឿងភេរវកម្ម តែជាសកម្មភាពបុគ្គលផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដែលមានសតិមិនល្អ ។ បណ្តាសំណើរបស់គេពុំសមហេតុផលហាក់ដូចជាមិនច្បាស់លាស់ ។ ម្តងគេទាមទារឱ្យអតីតភរិយាជាជនជាតិស៊ីបមានកូនជាមួយគ្នាច្រើននាក់មកកាន់ព្រលានយន្តហោះ ដើម្បីប្រគល់លិខិតមួយច្បាប់ ។ បន្ទាប់មករូបគេគំរាមធ្វើឱ្យផ្ទុះប្រសិនបើមិនចាក់ប្រេងយន្តហោះ ដើម្បីឱ្យរូបគេចាកចេញពីស៊ីបទៅកាន់ទីក្រុងអីុស្លង់ប៊ុល ប្រទេសតួកគីទេនោះ ។ ពេលសំណើរបស់គេហាក់មិនត្រូវបានបំពេញចោរអាកាសនេះក៏បានអនុញ្ញាតឱ្យអ្នកដំណើរជនជាតិអង់គ្លេស២នាក់ដែលបង្ខាំងទុកចុះពីយន្តហោះ បន្ទាប់មករូបគេក៏ចេញពីយន្តហោះដែរ ហើយប៉ុនប៉ងរត់មុនពេលត្រូវចាប់ខ្លួន ។
ការឆែកឆេរក្នុងយន្តហោះបង្ហាញថា ពុំមានគ្រឿងផ្ទុះណាមួយក្នុងយន្តហោះឡើយ ។ ពេលឆែកខ្លួនគេឃើញមានតែ ស្រោមដាក់ទូរស័ព្ទ ដែលគេបោកថាជាគ្រឿងផ្ទុះ ។
ការចាប់ពង្វាងយន្តហោះនេះកើតមាន៥ខែក្រោយការធ្លាក់យន្តហោះ AIRBUS A-321 របស់រុស្ស៊ីមួយគ្រឿងនៅតំបន់ស៊ីណៃអុីអេហ្ស៊ីបជាស្នាដៃរបស់ក្រុមរដ្ឋអ៊ិស្លាម ដែលដាក់គ្រឿងផ្ទុះបណ្តាលឱ្យមនុស្សស្លាប់២២៤នាក់ ៕
ចែករំលែកព័តមាននេះ