ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​សូ​រិ​យា​បោះទុន​បន្ថែម​5​លាន​ដុល្លារ​កែ​លម្អ និង​ប្តូរ​ឈ្មោះ​ទៅ​ជា​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សូ​រិ​យា គឺជា​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា បាន​បោះទុន​បន្ថែម​សម្រាប់​កែ​លម្អ​ឱ្យ​មាន​សោភ័ណ​ភាព និង​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ទៅ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ។

រាជធានី​ភ្នំពេញ ៖ សូ​រិ​យា គឺជា​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា បាន​បោះទុន​បន្ថែម​សម្រាប់​កែ​លម្អ​ឱ្យ​មាន​សោភ័ណ​ភាព និង​ទាក់ទាញ​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ទៅ​ជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ទន្ទឹម​នឹង​ការ​កែ​លម្អ​ផ្សារ​ទំនើប​នេះ​ដែរ សូ​រិ​យា​ក៏​នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ពី​ផ្សារ​ទំនើប​សូ​រិ​យា ទៅ​ជា​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ ដែល​នឹង​បែងចែក​ប្រភេទ​ទំនិញ​ទៅ​តាម​ជាន់​នីមួយ​ៗ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មីនា លោក ឆា​រស៍ វ៉ា​ន់ តំណាង​ភាគ​ហ៊ុ​និក​នៃ​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ បានឱ្យ​ដឹង​ថា ៖ « កាលពីមុន ផ្សារ​ទំនើប​សូ​រិ​យា គឺជា​ផ្សារ​ទំនើប​ធំ និង​ទំនើប​ជាងគេ​នៅ​កម្ពុជា តែ​នៅ​ពេល​នេះ​ផ្សារ​ទំនើប​សូ​រិ​យា​លែង​ជា​ផ្សារ​ទំនើប​ធំ និង​ទំនើប​ជាងគេ​ទៀត​ហើយ ដែល​តម្រូវ​ឱ្យ​ភាគ​ហ៊ុ​និក​ត្រូវ​កែប្រែ​ដើម្បី​ទាក់ទាញ​អតិថិជន​ដដែល ។ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ​ដែល​ផ្សារ​ទំនើប​សូ​រិ​យា​បាន​បើក​ដំណើរការ ដូច្នេះ​ហើយ​វា​លែង​ជា​ផ្សារ​ទំនើប​ធំ​ជាងគេ​ទៀត​ហើយ ពីព្រោះ​អី ដោយសារ​តែ​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់ ដែល​ធ្វើ​ឱ្យ​ផ្សារ​ទំនើប​ជា​ច្រើន​បានក​កើតឡើង និង​ធំ​ៗ​ជាង​ផ្សារ​ទំនើប​សូ​រិ​យា ។ ទាំងនេះ គឺជា​កត្តា​ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​កែប្រែ​ផ្សារ​នេះ​ឡើង​វិញ ហើយ​ទន្ទឹម​នឹង​ការ​កែប្រែ​នេះ​ដែរ ផ្សារ​ទំនើប​សូ​រិ​យា ក៏​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ ផង​ដែរ » ។

លោក​បន្ត​ថា ៖ « ក្នុង​ការ​កែប្រែ និង​ប្តូរ​ឈ្មោះ​នេះ ក្រុមហ៊ុន​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ៥​លាន​ដុល្លារ​អា​មេ​រិ​ក ហើយនឹង​ចាប់ផ្ដើម​សាងសង់ និង​ជួសជុល​នៅ​ដើមខែ​ឧសភា​ខាង​មុខ​នេះ ហើយ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦ » ។

លោក ត្រាក់ ថៃ​សៀង អភិបាលរង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ៖ « វត្តមាន​របស់​ផ្សារ​ទំនើប​សូ​រិ​យា គឺជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ដែល​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ទទួល​បាន​នូវ​សមិទ្ធផល​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ ខ្ញុំ​សូម​កោតសរសើរ​ដល់​គណៈ​គ្រប់គ្រង ក៏​ដូច​ជា​ក្រុមការងារ​របស់​ផ្សារ​ទំនើប​សូ​រិ​យា ដែល​បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ទៅ​ជា សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ ។ វា​ជា​ជំហាន​ថ្មី​មួយទៀត​ក្នុង​ការ​កែប្រែ​មុខមាត់​ថ្មី​នៃ​វិស័យ​ផ្សារ​ទំនើប ក៏​ដូច​ជា​ការ​ចូលរួម​ចំណែក​លើក​ស្ទួយ​វប្បធម៌ និង​កិត្យានុភាព​របស់​ប្រទេស​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ » ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ តឹក​រ៉េ​ត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ៖ « កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ពឹងផ្អែក​ទៅ​លើ​វិស័យ​ចំនួន​៤​សំខាន់​ៗ រួម​មាន វាយ​ន​ភណ្ឌ ទេសចរណ៍ សំណង់ និង​កសិកម្ម ។  ប៉ុន្តែ​ការ​ដែល​ពឹងផ្អែក​លើ​វិស័យ​ទាំង​បួន​នេះ​យូរ​ពេក គឺ​មិន​អាច​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បាន​ទេ ។ ដូចនេះ រដ្ឋាភិបាល​បាន​ធ្វើ​ពិពិធ​កម្ម ជំរុញ​ឱ្យ​មាន​វិស័យ​ផ្សេង​ៗ​ទៀត ដូច​ជា​ការ​កែ​ច្នៃ​ម្ហូបអាហារ ជា​ពិសេស វិស័យ​សេវាកម្ម​នេះ​តែ​ម្ដង » ។

លោក​ជំទាវ​មាន​ប្រសាសន៍​បន្ត​ថា ៖ « ការ​កែ​លម្អ​ផ្សារ​ទំនើប​សូ​រិ​យា​នា​ពេល​នេះ នឹង​ចូលរួម​ចំណែក​បង្កើត​ការងារ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស នឹង​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ឱ្យ​នៅ​តែ​មាន​ស្ថិរភាព​ជា​បន្ត​ទៀត » ។

គួរ​បញ្ជាក់​ថា សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ ដែល​ផ្លាស់​ឈ្មោះ​មកពីផ្សារ​ទំនើប​សូ​រិ​យា នឹង​បែងចែក​ប្រភេទ​ទំនិញ​ទៅ​តាម​ជាន់​នីមួយ​ៗ ដូច​ជា ជាន់​ផ្ទាល់​ដី គឺជា​កន្លែង​លក់​ផលិត​ផល​ម៉ាក​ល្បី​ៗ​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​ក៏​មាន​ភោជនីយដ្ឋាន ហាង​លក់​គ្រឿងអលង្ការ គ្រឿងសម្អាង ផ្សារ​ទំនើប និង​ធនាគារ​ផង​ដែរ​។ ចំណែក​ជាន់​ទី​១ ជា​កន្លែង​លក់​គ្រឿង​ប្រើប្រាស់​សម្រាប់​នារី ដូច​ជា សម្លៀក​បំពាក់ កាបូប ស្បែកជើង ជាដើម ។ រីឯ​ជាន់​ទី​២ ជា​កន្លែង​លក់​គ្រឿង​ប្រើប្រាស់​សម្រាប់​បុរស និង​កុមារ ព្រមទាំង​មាន​មណ្ឌល​កម្សាន្ត​សម្រាប់​កុមារ​ផង​ដែរ ។ សម្រាប់​ជាន់​ទី​៣ ជា​កន្លែង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និក ។ នៅ​ជាន់​ទី​៤ ជា​កន្លែង​អាហារ​ដ្ឋា​ន និង​ផ្សារ​ទេសចរណ៍ ក្នុង​គោលបំណង​ជំរុញ​ផ្សព្វផ្សាយ​វប្បធម៌ សិល្បៈ និង​ផលិតផល​ទាំងឡាយ​របស់​ខ្មែរ ។ រីឯ​ជាន់​ទី​៥​វិញ មាន​រោង​ភាពយន្ត និង​មណ្ឌល​កម្សាន្ត ព្រមទាំង​បន្ថែម​ឱ្យ​មាននូវ​ក្លិប​ហាត់ប្រាណ ស្ទីម និង​សោ​ណា​ផង​ដែរ ៕