ទាយាទក្រុមហ៊ុន Samsung រងការកាត់ទោស និងពិន័យពីបទប្រើប្រាស់ថ្នាំខុសច្បាប់
កូរ៉េខាងត្បូង ៖ អ្នកស្នងមរតករបស់ក្រុមហ៊ុន Samsung លោក Lee Jae-yong ត្រូវបានកាត់ទោស និងពិន័យពីបទប្រើប្រាស់ថ្នាំ
កូរ៉េខាងត្បូង ៖ អ្នកស្នងមរតករបស់ក្រុមហ៊ុន Samsung លោក Lee Jae-yong ត្រូវបានកាត់ទោស និងពិន័យពីបទប្រើប្រាស់ថ្នាំ
កូរ៉េខាងត្បូង ៖ អ្នកស្នងមរតករបស់ក្រុមហ៊ុន Samsung លោក Lee Jae-yong ត្រូវបានកាត់ទោស និងពិន័យពីបទប្រើប្រាស់ថ្នាំ Propofol ដោយខុសច្បាប់។
លោកបានប្រើប្រាស់ថ្នាំនេះជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Propofol ត្រូវបានគេប្រើប្រាស់ជាថ្នាំស្ពឹក ដើម្បីកាត់បន្ថយស្មារតី និងការចងចាំព្រឹត្តិការណ៍ផ្សេងៗ។
បើតាមច្បាប់របស់កូរ៉េខាងត្បូង អ្នកដែលប្រើប្រាស់ថ្នាំប្រភេទនេះអាចនឹងត្រូវបានកាត់ទោស ចំណែកអ្នកដែលគ្រប់គ្រងវាក៏ប្រឈមនឹងទោសផងដែរ។
ទាយាទរូបនេះ ទើបតែត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីខែសីហាកន្លងទៅនេះ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល ២០ខែពីបទសូកប៉ាន់ និងការន្លែងបន្លំ។
អំឡុងសវនាការចុងក្រោយ ព្រះរាជអាជ្ញាបាននិយាយថា លោក Lee Jae-yong បានប្រើប្រាស់ថ្នាំ Propofol ជាច្រើនដងចន្លោះឆ្នាំ ២០១៥ និង ២០២០ ក្រោមការបន្លំថាជាថ្នាំព្យាបាលស្បែក។
ប៉ុន្តែមេធាវីរបស់លោក បានអះអាងថា កូនក្តីរបស់លោកប្រើប្រាស់វាដើម្បីព្យាបាលភាពតានតឹងផ្លូវចិត្តទាក់ទងនឹងការចូលពេទ្យរបស់ឪពុក និងដំណើរការផ្លូវច្បាប់របស់លោក។ លោក Lee Jae-yong បានសារភាពកំហុសចំពោះការចោទប្រកាន់។
នៅថ្ងៃអង្គារនេះ តុលាការបានពិន័យគាត់ជាទឹកប្រាក់ចំនួន ៥៩.០០០ដុល្លារ។ ខណៈដែលថ្នាំ Propofol ទំនងជាមិនសូវបានគេប្រើប្រាស់ខុស ជាងសារធាតុដទៃទៀត អ្នកល្មើសទទួលការផាកពិន័យជាជាងការជាប់គុក។
សូមរម្លឹកថា លោក Lee Jae-yong ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំកន្លះ កាលពីខែមករា ពីបទពាក់ព័ន្ធនឹងការសូកប៉ាន់អតីតប្រធានាធិបតី Park Geun-hye។ ប៉ុន្តែលោកត្រូវបានគេដោះលែងមុនពេលកំណត់កាលពីខែសីហា ឆ្នាំនេះ ដោយការិយាល័យប្រធានាធិបតីនិយាយថា ខ្លួនមានក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន Samsung នឹងជួយប្រទេសផលិតឧបករណ៍ និងវ៉ាក់សាំងបាន៕ (យោងតាមប្រភព៖ BBC)
ចែករំលែកព័តមាននេះ