ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួល​ឡាន​គេ​ជិះ បែរជា​បោក​យក​ទៅ​បញ្ចាំ​បន្ត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ធ្វើការ​ឃាត់ខ្លួន​បុរស​ពីរ​នាក់ និង​រថ​យ្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង ក្រោយ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់​ជួល​យក​ទៅ​ជិះ​ហួស​ជិត​មួយ​ខែ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ធ្វើការ​ឃាត់ខ្លួន​បុរស​ពីរ​នាក់ និង​រថ​យន្ដ​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង ក្រោយ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់​ជួល​យក​ទៅ​ជិះ​ហួស​ជិត​មួយ​ខែ រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿង ត្រូវ​បាន​ម្ចាស់​ដើម​ប្រទះ​ឃើញ​កំពុង​តែ​បើកបរ​ដោយ​បុរស​ចំនួន២​នាក់ ​នៅ​តាម​ផ្លូវ​ចូល​មក​កាន់​រាជធានី​ភ្នំពេញ ។ ក្រោយ​ពី​ស្ត្រី​វ័យក្មេង​ម្នាក់​បាន​មក​ជួល​យក​ទៅ​ជិះ និង​ហួសកំណត់​ជិត​មួយ​ខែ​មិន​បាន​យក​រថយន្ត​មក​អោយ​វិញ​នោះនឹង​ប្តឹង​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ធ្វើការ​ឃាត់​តែ​ម្តង​។

​ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​បាន​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ជា វណ្ណ​ឌិ​ត អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទៅ​លំនៅ​ក្នុងភូមិ​បុរី​កម្មករ ឃុំ​ចំប៉ី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ជា​អ្នក​បើក និង​ទី​២-​ឈ្មោះ សន ស៊ី​វុ​ទ្ធី អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកល្អក់ ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​ជា​អ្នក​រួម​ដំណើរ​) ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ពេល​ដែល​កំពុង​តែ​ជិះ​ក្នុង​រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ព៌​ណ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-2625 មួយ​គ្រឿង​នៅ​តាម​ផ្លូវ​សាធារណៈ​។

មុន​ពេល​កើតហេតុ កូនប្រុស​ម្នាក់​របស់​ម្ចាស់​ហ្គា​រាស ដែល​មាន​យីហោ កោះ​កែវ បាន​ប្រទះ​ឃើញ​រថយន្ត​របស់​ឪពុក​ដែល​ត្រូវ​បាន​ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ជួល​យក​ទៅ​ជិះ​រហូត​ហួស​កាលកំណត់​ជិត​មួយ​ខែ​មិនឃើញ​យក​មក​ប្រគល់​ឲ្យ​វិញ​នោះ នៅ​ម្តុំ​ព្រែក​ព្នៅ​ក្បែរ​ស្ពាន​លី​យ៉ុ​ង​ផាត់ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ក៏​ជិះ​ម៉ូតូ​ដេញ​តាមតែ​ម្តង​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ខាងលើ ត្រូវ​បាន​ស្ត្រី​ម្នាក់​មក​ជួល​យក​ទៅ​ជិះ​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ក្នុង​មួយ​ខែ​តម្លៃ៥៥០​ដុល្លា និង​ត្រូវ​ប្រគល់​មក​ឱ្យ​វិញ​នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៦​នេះ​វិញ លុះ​មក​ដល់​ថ្ងៃ​ប្រគល់​ម្ចាស់​ទូរស័ព្ទ​ទាក់​ទៅ​មិន​ចូល​រហូត​។​ដោយសារ​តែ​មិនឃើញ​យក​រថយន្ត​មក​ប្រគល់​ឱ្យ​វិញ និង​បាត់​ដំណឹង​ច្រើន​ថ្ងៃ​ហួស​កាលកំណត់​នោះ ម្ចាស់​រថយន្ត​ក៏​បាន​ព្យាយាម​តាម​រក​ក៏​ត្រូវ​បាន​ប្រទះ​ឃើញ​រថយន្ត​នេះ ដែល​បើកបរ​ដោយ​បុរស​ទាំង​ពីរ​នាក់ និង​ធ្វើការ​ដេញ​តាម​រហូត​ដល់​ចំណុច​ខាងលើ ទើប​រាយការណ៍​ប្រាប់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ស្រះ​ចក​ធ្វើការ​ឃាត់​បាន​តែ​ម្តង​។

ពេល​ដែល​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ឃាត់​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន និង​ឃាត់ខ្លួន​បុរស​ទាំង​ពីរ​នាក់​រួច​ហើយ ក៏​បាន​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក តែ​ត្រូវ​បុរស​ជា​អ្នកបើកបរ​ម្នាក់​ខាងលើ​បាន​ប្រាប់​ថា  រថយន្ត​ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន​មួយ​គ្រឿ​នេះ​ត្រូវ​បាន​ស្ត្រី​ម្នាក់​យក​ទៅ​បញ្ចាំ​ក្មួយ​របស់​គាត់​នៅ​ចំការ​ដូង​ក្នុង​តម្លៃ​៤​ពាន់​ដុល្លា គឺ​រូប​គាត់​បាន​ខ្ចី​ពី​ក្មួយ​របស់​គាត់​ជិះ​យក​ទៅ​ហូប​ការ​នៅ​ឯ​ខេត្តកំពង់ឆ្នាំង និង​មិន​បានដឹង​ថា​ពាក់ព័ន្ធ និង​ករណី​អ្វី​ឡើយ​។​ក្រោយ​ពេល​ដែល​ធ្វើការ​សាកសួរ​លើ​បុរស​ទាំង​ពីរ​នាក់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ឆបោក​រថយន្ត​នេះ​ដែរ ខ្លួន​បុរស​ទាំង​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ដោះ​លែង​ទៅ​វិញ ក្រោយ​ពី​ក្មួយ​របស់​គាត់​យក​ឯកសារ​បញ្ចាំ​មក​បង្ហាញ ចំណែកឯ​រថយន្ត​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​ផង​ដែរ ដោយសារ​តែ​ម្ចាស់​មិន​បាន​ដាក់​ពាក្យបណ្តឹង និង​ឲ្យ​តែ​បានឃើញ​រថយន្ត​របស់​ខ្លួន​មក​វិញ​នោះ ៕