យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី SPUTNIK ខាងក្រោមនេះជាប្រតិបត្តិការយោធាចំណាយប្រាក់ច្រើនបំផុត៥ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ប្រកាសថា ការចំណាយរបស់ក្រុងមូស្គូសម្រាប់ប្រតិបត្តិការយោធា៥របស់ខ្លួននៅស៊ីរីមានដល់៣ពាន់លានរូប្លិ៍ (ប្រមាណជា៤២០លានអឺរ៉ូ) ។
ដើម្បីផ្តល់ឱ្យអ្នកអាននូវគំនិតទាក់ទិននឹងទឹកប្រាក់នេះ ទីភ្នាក់ងារព័ត៌មាន SPUTNIK បានលើកយកបណ្តាប្រតិបត្តិការយោធាដែលចំណាយខ្ពស់បំផុតដោយយមិនគិតពីសង្គ្រាមលោកទាំង២ ។
គឺសហរដ្ឋអាមេរិកដែលជាអ្នកនាំមុខគេ បើគិតពីចំនួនប្រតិបត្តិការយោធាដែលធ្វើនៅក្រៅដែនដីជាតិរបស់ខ្លួន ។ យោងតាមផ្នែកស្រាវជ្រាវរបស់សភាអាមេរិកថា ចាប់តាំងពីដើមរៀងមក សហរដ្ឋអាមេរិកបានចូលរួមតែឯង ឬក្នុងផ្ទៃក្រុមចម្រុះអន្តរជាតិ ក្នុងជម្លោះជិត២៥០នៅឯបរទេស ។ ក្នុងចំណោមប្រតិបត្តិការយោធា ដែលចំណាយប្រាក់ច្រើនបំផុត៥ ចាប់តាំងពីឆ្នាំ១៩៥០មកមាន ៖
-ចំណាត់ថ្នាក់ទីមួយគឺសង្គ្រាមនៅអីុរ៉ាក់ និងអាហ្វហ្គានីស្ថាន ដែលចំណាយប្រាក់រវាងពី៨៩៣ពាន់លានទៅ៥.៤០០ពាន់លានអឺរ៉ូ ។
ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ប្រធានាធិបតីអាេមរិក លោកចច ដាប់ប៊លយូ ប៊ូស ប្រកាសពីសង្គ្រាមប្រឆាំងភេរវកម្មមួយ ។ នោះជាប្រតិបត្តិការឈ្មោះ ENDURING FREEDOM ធ្វើឡើងដោយសហរដ្ឋអាមេរិកក្នុងតំបន់ផ្សេងៗនៃពិភពលោកគឺនៅអាហ្វហ្គានីស្ថាន អីុរ៉ាក់ ប៉ាគីស្ថាន សូម៉ាលី យេម៉ែន ឥណ្ឌូណេស៊ី និងហ្វ៊ីលីពីន។ កាលពីឆ្នាំ២០១០ ផ្នែកស្រាវជ្រាវរបស់សភាអាមេរិកបានប៉ាន់ប្រមាណពីការចំណាយសម្រាប់ប្រតិបត្តិការនេះថា មានដល់១.១៤៧ពាន់លានដុល្លារ (ក្បែរ១០០០ពាន់លានអឺរ៉ូ) ។ ក៏ប៉ុន្តែទឹកប្រាក់នេះមិនរាប់បញ្ចូលទឹកប្រាក់នៃការចំណាយលើការថែទាំ និងព្យាបាលបណ្តាទាហានរបួស ការចំណាយសម្រាប់ជនពិការ ប្រាក់សោធននិវត្តន៍ ព្រមទាំងពីការប្រាក់ដែលរដ្ឋាភិបាលអាមេរិកបានខ្ចីសម្រាប់ធ្វើសង្គ្រាមទាំងនេះទេ ។ ពួកអ្នកឯកទេសនៃសាលា HARVARD KENNEDY SCHOOL OF GOVERNMENT (HKS) វាយតម្លៃលើការចំណាយសម្រាប់ការចូលរួមរបស់សហរដ្ឋអាេមរិកក្នុងជម្លោះនៅអីុរ៉ាក់ និងអាហ្វហ្គានីស្ថានថា មានរវាងពី៤.០០០ពាន់លានទៅ៦.០០០ពាន់លានដុល្លារ (៣.៧០០ពាន់លាន ទៅ៥.៤០០ពាន់លានអឺរ៉ូ) ។
ក្នុងឆ្នាំ២០១៥ ពួកអ្នកឯកទេសនៃអង្គការក្រៅរដ្ឋាភិបាល NATIONAL PRIORITIES PROJECT បានគណនាពីការចំណាយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការនៅអាហ្វហ្គានីស្ថានថា គិតជាមធ្យម៤លានដុល្លារ ក្នុងមួយម៉ោង ។ ប្រតិបត្តិការរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន និងនៅអីុរ៉ាក់កំពុងបន្តទៀត ។
-ចំណាត់ថ្នាក់ទី២ គឺសង្គ្រាមនៅវៀតណាមប្រមាណ៦៥៩,២ពាន់លានអឺរ៉ូ ។ ដើម្បីធ្វើសង្គ្រាមនេះ សហរដ្ឋអាមេរិកបានបញ្ជូនទ័ពទៅវៀតណាមជិត៥៥០.០០០នាក់ ។ យុទ្ធនាការយោធានេះមានរយៈពេល៨ឆ្នាំ ដែលអាមេរិកត្រូវចំណាយប្រាក់៧៣៨ពាន់លានដុល្លារ (៦៥៩,២ពាន់លានអឺរ៉ូ) ហើយទាហានអាមេរិក៥៨.០០០នាក់ស្លាប់ ។ ប្រធានបទពីសង្គ្រាមវៀតណាមលើកឡើងក្នុងខ្សែភាពយន្តដល់ជាង៥០០រឿង ដែលផ្តល់នូវស្លាកស្នាមជូរចត់បំផុតក្នុងសង្គមអាមេរិក ។ ផលវិបាកនៃសង្គ្រាមនៅវៀតណាមញ៉ាំងឱ្យពលរដ្ឋអាមេរិកជាច្រើននាក់បដិសេធមិនគាំទ្រសង្គ្រាមអូសបន្លាយពេលយូរនេះ ។
-ចំណាត់ថ្នាក់ទី៣ គឺសង្គ្រាមនៅកូរ៉េចំណាយ៣០៦,៦ពាន់លានអឺរ៉ូ ។ ថ្ងៃទី២៥ មិថុនា ឆ្នាំ១៩៥០ កងទ័ពកូរ៉េខាងជើងបានឆ្លងកាត់ខ្សែស្របទី៣៨ ហើយធ្វើការវាយលុកប្រឆាំងកូរ៉េខាងត្បូង ។ នាថ្ងៃដដែលនោះក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានអនុម័តដោយ៩សំឡេងនូវគម្រោងដំណោះស្រាយមួយរបស់អាមេរិក ដែលគ្រោងផ្តល់ជំនួយយោធាដល់កូរ៉េខាងត្បូង ។ អ.ស.ប បានបញ្ជូនទៅកាន់តំបន់នេះនូវកងកម្លាំងជើងគោកដែលភាគច្រើនជាទាហានអាមេរិក ហើយកងកម្លាំងនេះ ស្ថិតក្រោមបញ្ជារបស់ឧត្តមសេនីយ៍ DOUGLAS MACARTHUR ។ កងទ័ពកូរ៉េខាងជើងត្រូវវាយរុញច្រាន ។ អន្តរាគមន៍យោធារបស់ចិនអាចឱ្យក្រុងព្យុងយ៉ាងវិលមកកាន់ទីលានប្រយុទ្ធជាថ្មីនាំឱ្យមានការយឺតយ៉ាវក្នុងការបញ្ចប់ជម្លោះ ។ សង្គ្រាមរយៈពេល៣ឆ្នាំបានបញ្ចប់តាមរយៈការចុះហត្ថលេខាលើបទឈប់បាញ់គ្នាមួយក្នុងឆ្នាំ១៩៥៣ ។
ការប្រយុទ្ធគ្នានៅ DAEGU ជាចំណុចខ្លាំងបំផុតនៃសង្គ្រាមនេះ ។ យន្តហោះទម្លាក់គ្រាប់បែក B-29 ដល់ទៅ១០០គ្រឿង ទម្លាក់គ្រាប់បែកទម្ងន់២៣០គីឡូក្រាម ដល់ជាង៣.០០០គ្រាប់ និងគ្រាប់បែកទម្ងន់៤៥០គីឡូក្រាម ១៥០គ្រាប់ ។ សង្គ្រាមកូរ៉េញ៉ាំងឱ្យសហរដ្ឋអាមេរិកចំណាយអស់ប្រាក់៣៤១ពាន់លានដុល្លារ (៣០៤,៦ពាន់លានអឺរ៉ូ) ហើយទាហានអាមេរិកជាង៣៤.០០០នាក់ស្លាប់ ។
-ចំណាត់ថ្នាក់ទី៤ ប្រតិបត្តិការព្យុះវាលខ្សាច់ ពោលគឺសង្គ្រាមនៅឈូងសមុទ្រពែរ្ស៍ដែលចំណាយប្រាក់៩១ពាន់លានអឺរ៉ូ ។ សង្គ្រាមឈូងសមុទ្រ (១៩៩០-១៩៩១) អាចចាត់ទុកជាជម្លោះយោធាខ្លីបំផុតមួយ នៃប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ។ ប្រតិបត្តិការព្យុះវាលខ្សាច់របស់ក្រុមចម្រុះអន្តរជាតិនាំមុខដោយអាមេរិកមានរយៈពេលត្រឹម៤២ថ្ងៃ ដែលបញ្ចប់តាមរយៈការរំដោះប្រទេសគុយវ៉ែត និងការចាកចេញរបស់កងទ័ពអីុរ៉ាក់ពីប្រទេសនេះ ។ ក្នុងប្រតិបត្តិការនោះក្រុមចម្រុះនាំមុខដោយកងទ័ពអាមេរិក បានប្រើប្រាស់យន្តហោះប្រយុទ្ធទម្លាក់គ្រាប់បែកមានឧបករណ៍តម្រង់ច្បាស់ ព្រមទាំងមធ្យោបាយអេឡិចត្រូនិកក្នុងទ្រង់ទ្រាយធំមួយ ។ យោងតាមផ្នែកស្រាវជ្រាវរបស់សភាអាមេរិកថា ប្រតិបត្តិការព្យុះវាលខ្សាច់ សហរដ្ឋអាមេរិកត្រូវចំណាយប្រាក់១០២ពាន់លានដុល្លារ (៩១ពាន់លានអឺរ៉ូ) ហើយទាហានអាមេរិក២៩៨នាក់ស្លាប់ ។
-ចំណាត់ថ្នាក់ទី៥ គឺប្រតិបត្តិការរបស់អូតង់នៅយូហ្គោស្លាវី ដែលចំណាយប្រាក់៣៨,៤ពាន់លានអឺរ៉ូ ។ សង្គ្រាមនៅកូសូវ៉ូបានបញ្ចប់ក្នុងខែមិថុនា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រតិបត្តិការឈ្មោះ ALLIED FORCE របស់អូតង់រយៈពេល៧៨ថ្ងៃ ។ ក្នុងប្រតិបត្តិការនេះកងយន្តហោះអូតង់បានវាយប្រហារលើបណ្តាទីតាំងយោធា និងស៊ីវិលរបស់សាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី ។ យោងតាមបណ្តាអ្នកកាសែតរបស់ BBC និងបណ្តាអ្នកកាសែតរបស់ទស្សនាវដ្តីអង់គ្លេស JANE’S ថា ការវាយប្រហារទាំងនេះអូតង់ត្រូវចំណាយប្រាក់ជិត៤៣ពាន់លានដុល្លារ (ប្រមាណ៣៨,៤ពាន់លានអឺរ៉ូ) ។ កងយន្តហោះអូតង់ទម្លាក់គ្រាប់បែកជាង២៣.០០០គ្រាប់ កម្ទេចជិត៥០%នៃសមត្ថភាពពផលិតកម្មរបស់ប្រទេសនេះ ហើយបង្កការខូចខាត ដែលពួកអ្នកជំនាញការអង់គ្លេសប៉ាន់ប្រមាណថា ក្នុងទំហំយ៉ាងតិច១ពាន់លានដុល្លារ ។ យោងតាមអាជ្ញាធរយូហ្គោស្លាវីថា ជនស៊ីវិលជាង១.៦០០នាក់ស្លាប់ និងជិត១០.០០០នាក់រងរបួស ៕
ចែករំលែកព័តមាននេះ