ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​មាន​ផែនការ​ពង្រីក​ទីលាន​ពី​6​ទៅ​10​ហិ​កតា​ក្នុង​1​ឆ្នាំ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​កំពង់​ផែ​សំខាន់​មួយ​ក្នុង​ការ​នាំ​ទំនិញ​ចេញចូល និង​ជា​កំពង់​ផែ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​តាម​ជើង​ទឹក ។ ប៉ុន្តែ​កំពង់​ផែ​នេះ ហាក់ដូចជា​មិន​ទាន់​ឆ្លើយ​តប​នឹង​កំណើន​ទំនិញ

ខេត្ត​ព្រះ​សីហ​នុ ៖ កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​កំពង់​ផែ​សំខាន់​មួយ​ក្នុង​ការ​នាំ​ទំនិញ​ចេញចូល និង​ជា​កំពង់​ផែ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​តាម​ជើង​ទឹក ។ ប៉ុន្តែ​កំពង់​ផែ​នេះ ហាក់ដូចជា​មិន​ទាន់​ឆ្លើយ​តប​នឹង​កំណើន​ទំនិញ និង​នាវា​ឆ្លងកាត់​នៅឡើយ​ទេ ដែល​តម្រូវ​ឱ្យ​មានការ​ពង្រីក​ជា​បន្តបន្ទាប់ ដើម្បី​ឱ្យ​នាវា​តូច​ធំ​មក​ពី​ប្រទេស​នានា​អាច​ចូល​ចត​បាន ដោយសារ​តែ​កំពង់​ផែ​នា​ពេល​សព្វ​ថ្ងៃនេះ មាន​ជម្រៅ​ទឹក​រាក់ និង​ផ្ទៃ​តូច​នៅឡើយ ។

លោក លូ គឹ​ម​ឈុ​ន អគ្គនាយក​គ្រប់គ្រង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​ថា ៖ « កំណើន​ចំនួន​កុងតឺន័រ នាវា​ដឹក​ទំនិញ និង​នាវា ទេសចរណ៍​ចូល​ចត​កំពង់​ផែ​ក្រុងព្រះសីហនុ បាន​កើន​ឡើងជា​លំដាប់ ។ ជាក់ស្ដែង ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​នេះ នាវា​ទេសចរណ៍​បាន​ចូល​ចត​រហូត​ដល់​១៧​គ្រឿង ខណៈ​ឆ្នាំ​២០១៥​ទាំងមូល នាវា​ទេសចរណ៍​ចូល​ចត​មាន​ចំនួន​៣៦​គ្រឿង ។ ពេល​នេះ​ឃើញ​ថា នាវា​ឆ្លងកាត់​កំពង់​ផែ​ក្រុងព្រះសីហនុ​មាន​កំណើន​ខ្ពស់​ល្អ ហើយ​សម្រាប់​ទំនិញ​ទូទៅ​វិញ ក្នុង​រយៈ​ដើមឆ្នាំ​គិត​ត្រឹមតែ​១​ខែ គឺ​កើនឡើង​រហូត​ដល់​៣០%​ឯណោះ ។ ដោយឡែក កុងតឺន័រ​ឆ្លងកាត់​ក៏​កើន​បាន​ប្រមាណ​១១%​ដែរ ខណៈ​នាវា​ឆ្លងកាត់​មាន​៨% » ។

លោក​អគ្គនាយក​គ្រប់គ្រង​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បន្ត​ថា ៖ « ដើម្បី​ឱ្យ​កំពង់​ផែ​តាម​ទាន់​ជាមួយនឹង​កំណើន​នាវា កំណើន​ទំនិញ​ឆ្លងកាត់ ក៏​ដូច​ជា​កំណើន​នាវា​ទេសចរណ៍​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក្រុម​អ្នកជំនាញ​កំពុង​តែ​សិក្សា​ថា ត្រូវ​ពង្រីក​កំពង់​ផែ​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ ដើម្បី​ដើរ​ឱ្យទាន់​នឹង​កំណើន​សេដ្ឋកិច្ចជាតិ ចៀសវាង​សេដ្ឋកិច្ចជាតិ​រីក​ខ្លាំង តែ​កំពង់​ផែ​ដើរ​មិន​ទាន់ ។ បើ​សេដ្ឋកិច្ចជាតិ​ដើរ​លឿន​ជាង ដូចនេះ​យើង​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​ពង្រីក​កំពង់​ផែ​របស់​យើង​ឱ្យទាន់​នឹង​កំណើនសេដ្ឋកិច្ច​ដែរ​។ បើ​កំពង់​ផែ​យើង​ដើរ​មិន​ទាន់​ទេ​នោះ វា​នឹង​ស្ទះ​ដល់​ការ​រីក​ចម្រើន​ដល់​ស្រុក​ទេស​យើង ហើយ​នៅ​ក្នុង​តំបន់​ឃើញ​ថា មាន​តែ​ប្រទេស​យើង​ទេ ដែល​មាន​កំណើន​រហូត​ដល់​ជុំវិញ​៧% ក្នុង​មួយ​ឆ្នាំ កម្រ​មាន​ប្រទេស​ណា​ទទួល​បាន​កំណើន​ប៉ុណ្ណឹង​ណាស់ » ។

លោក​បន្ថែម​ថា ៖ « ទន្ទឹម​នឹង​កំណើន​នាវា​ដឹក​ទំនិញ កំណើន​កុងតឺន័រ គឺ​តម្រូវ​ឱ្យ​កំពង់​ផែ​ត្រូវ​ពង្រីក​ផ្ទៃ​ទីលាន​ពី​៦ ទៅ​១០​ហិ​កតា​ក្នុង​មួយ​ឆ្នាំ ហើយ​ក៏​ត្រូវ​គិតគូរ​សម្រាប់​កំពង់​ផែ​ទៅ​ថ្ងៃ​អនាគត​ថា ត្រូវ​ពង្រីក​ប៉ុនណា ធ្វើ​យ៉ាងម៉េច ដើម្បី​ទប់ទល់​នឹង​កំណើន​ទាំង​អស់នេះ » ។

លោក​បន្ថែម​ទៀត​ថា ៖ « កំពង់​ផែ​ក្រុងព្រះសីហនុ គឺជា​ភូមិសាស្ត្រ​មួយ​ដ៏​ល្អ ដោយសារ​តែ​ស្ថិត​នៅ​កន្លែង​ស្ងប់ខ្យល់​ល្អ ហើយ​ក៏​មិនបាច់​ជីក​ប្រឡាយ ឬ​ក៏​ជីក​តិចតួច​ឆាប់​ដល់​ទឹក​ជ្រៅ ជា​ពិសេស ប្រឡាយ​របស់​យើង​ក៏​អត់​មាន​ដី​កករ នោះ​ទេ » ។

ដោយ​មើលឃើញ​ពី​ការ​រីក​ចម្រើន​នៃ​ការ​នាំ​ចេញ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ និង​នាវា​ទេសចរណ៍​ចូល​ចត​ជា​បន្តបន្ទាប់​នោះ កាលពី​ថ្មី​ៗ នេះ ក្រុម​វិនិយោគិន​អា​មេ​រិ​ក​ក៏​បាន​មក​ទស្សនកិច្ច​សិក្សា​អំពី​ការ​អភិវឌ្ឍ​របស់​កំពង់​ផែ​ស្វយ័ត ក្រុងព្រះសីហនុ​ផង​ដែរ ដោយសារ​បច្ចុប្បន្ន​កំពង់​ផែ​មានការ​រីក​ចម្រើន​ទៅ​លើ​ការ​លើកដាក់​ទំនិញ​ចេញចូល​គ្រប់​ប្រភេទ ជា​ពិសេស​កំពង់​ផែ​កំពុង​តែ​សាងសង់​ផែ​ពហុ​បំណង ដែល​ធ្វើ​ឲ្យ​កាន់តែ​មាន​សក្តានុពល​ខ្លាំង​ឡើង​ៗ ហើយ​អាច​ឲ្យ​នាវា​ដឹក​ទំនិញ​ធំ​ៗ​នាំ​ទំនិញ​ចូល​កាន់តែ​ច្រើន​។ ទន្ទឹម​នឹង​នេះ កំពង់​ផែ​អាច​ទទួល​នាវា​ដឹក​ទំនិញ​ធំ​ៗ​ចូល​ចត​ដែល​មក​ពី​គ្រប់​បណ្តា​ប្រទេស​ទូ​ទាំង​ពិភពលោក ស្រប​ពេល​ដែល​កំពង់​ផែ​បាន​បំពាក់​នូវ​ប្រ​ព​ន្ធ័​កាមេរ៉ា​សុវត្ថិភាព និង​សេវាកម្ម​លើកដាក់​ទំនិញ​ជូន​អតិថិជន​ទាន់​ពេលវេលា​ល្អ ដោយ​មាន​គ្រឿងចក្រ​គ្រប់​ប្រភេទ និង​ការ​គ្រប់គ្រង​កុងតឺន័រ​ចេញ​-​ចូល​ដោយ​ប្រ​ព​ន្ធ័​ស្វ័យប្រវត្តិកម្ម​(CTMS) ដែល​ជា​ទំនុកចិត្ត​ដល់​អតិថិជន ។

គួរ​បញ្ជាក់​ថា កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ក៏​ត្រៀមខ្លួន​ក្នុង​ការ​បោះផ្សាយ​ភាគហ៊ុន​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផង​ដែរ នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​២០១៦​នេះ ។ ការ​បោះ​ផ្សាយ​ភាគហ៊ុន​ក្នុង​ផ្សា​រមូល​ប​ត្រ គឺជា​ឱកាស​មួយ​ល្អ​ដោយសារ​តែ​កំណើន​របស់​កំពង់​ផែ​មាន​ខ្ពស់ និង​ជា​ភាព​ទាក់ទាញ​មួយ​ដ៏​ធំ ៕