កាលពីថ្ងៃទី១៧ មីនា កន្លងមកនេះ គេដឹងថា រុស្ស៊ីទើបចាប់ផ្តើមសាកល្បងបណ្តាមីស៊ីលបណ្តែតប្រឆាំងនាវារត់លឿនជាងសំឡេងធុន TSIRKON ដែលល្បឿនរបស់វាលឿនជាងសំឡេងពី៥ទៅ៦ដង ពោលប្រមាណជា៦.០០០ទៅ៧.០០០គីឡូម៉ែត្រក្នុងមួយម៉ោងហោះហើរក្នុងកម្ពស់ទាប ។
មីស៊ីលទាំងនេះសម្រាប់បំពាក់ឱ្យបណ្តានាវាមុជទឹកនុយក្លេអ៊ែរជំនាន់ទី៥គឺជំនាន់ KHASKI ព្រមទាំងបណ្តានាវាចម្បាំង 1144 ORLAN ជំនួសបណ្តាមីស៊ីលប្រឆាំងនាវាធុនធ្ងន់ P-700 GRANIT ។ ទោះបីជាគេពុំដឹងពីចម្ងាយរត់ឆ្ងាយបំផុតរបស់មីស៊ីលបណ្តែតប្រឆាំងនាវាប្រភេទនេះក្តី តែគេអាចប៉ាន់ប្រមាណថាយ៉ាងតិចក៏បាញ់បានចម្ងាយ៤០០គីឡូម៉ែត្រដែរ ។
ដូច្នេះរុស្ស៊ីកំពុងច្បាមបង្កើតគ្រឿងសព្វាវុធរត់លឿនជាងសំឡេង ។ ចំណែកសហរដ្ឋអាមេរិក និងចិនវិញក៏មិននៅឱបដៃមើលដែរ ។ ដោយពុំមានភាពលម្អិតលើស្ថានភាពពិតប្រាកដនៃគម្រោង លក្ខណសម្បត្តិនៃតាក់ទិក និងបច្ចេកទេសអាវុធទាំងនេះក្តី គេបានសាកល្បងប្រមូលរាល់ទិន្នន័យ ព្រមទាំងការសន្មត់នានា ចំពោះរឿងនោះដើម្បីឱ្យដឹងថា តើប្រទេសទាំង២នេះ សម្រេចបានការជឿនលឿនពិតប្រាកដអ្វីខ្លះខាងគ្រឿងសព្វាវុធរត់លឿនជាងសំឡេង ។ ព័ត៌មានទាំងនេះសំខាន់ខ្លាំងណាស់ទាក់ទិននឹងការផលិតអាវុធរត់លឿនជាងសំលេងទាំងឡាយ ដែលនឹងនាំឱ្យមានការវិវត្តន៍លើពិភពលោកខាងគ្រឿងសព្វាវុធ ហើយវាអាចមានឥទ្ធិពលខ្លាំងលើតុល្យភាពនៃកម្លាំងលើពិភព
លោក ។ និយាយពីអាវុធលឿនជាងសំឡេងរបស់រុស្ស៊ីដំបូងយើងនិយាយពីមីស៊ីលបណ្តែតប្រឆាំងនាវារត់លឿនជាងសំឡេងធុន 3M22 TSIRKON ផលិតដោយក្រុមហ៊ុនមីស៊ីលតាក់ទិករុស្ស៊ី ។ គេដឹងរួចហើយថា ល្បឿនអតិបរមារបស់មីស៊ីលនេះលឿនជាងមីស៊ីលធុន P-700 ដល់ទៅជាង២ដង ខណៈមីស៊ីល P-700 GRANIT ហោះក្នុងល្បឿនលឿនជាងសំឡេង២ទៅ៥ដង ដែលបែបនេះពិតជាពិបាកស្ទាក់កម្ទេចមីស៊ីលនោះណាស់ ។ លើសពីនេះទៀត វាកាត់បន្ថយពេលធ្វើការសម្រេចចិត្តរបស់សត្រូវ ។ មីស៊ីល TSIRKON អាចរត់ក្នុងល្បឿន៤០០គីឡូម៉ែត្រ រយៈពេលមិនដល់៤នាទីផង ។
គេពិបាកក្នុងការព្យាករណ៍ថាតើការសាកល្បងមីស៊ីលលឿនជាងសំឡេងនេះត្រូវប្រើពេលយូរប៉ុណ្ណា ។ គេក៏មានព័ត៌មានតិចតួចដែរ ហើយការស្វែងរកព័ត៌មាននេះពិតជាស្មុគ្រស្មាញ ។ ទោះបីយ៉ាងណា ប្រហែលជាមិនយូរទេ ដែលមីស៊ីលធុននេះអាចផលិតជាខ្សែសង្វាក់មុនឆ្នាំ២០២០ ។ ម្យ៉ាងវិញទៀត មីស៊ីលនេះសម្រាប់បំពាក់ជាពិសេសដល់នាវាមុជទឹកជំនាន់ KHASKI ដែលនឹងដាក់ឱ្យប្រើប្រាស់មុនដំណាច់ទសវត្សឆ្នាំ២០២០ ។
គម្រោងសំខាន់មួយទៀតរបស់រុស្ស៊ីគឺគម្រោង៤២០២ ដែលគ្រោងចាប់តាំងពីឆ្នាំ២០០៩ មក ដោយក្រុមហ៊ុន NPO MACHINOSTROIENIA ។ នោះជាការផលិតក្បាលគ្រាប់សម្រាប់បំពាក់មីស៊ីលបាលីស្ទិកអន្តរទ្វីប ។ ដោយសារការសាកល្បងមីស៊ីលធុនធ្ងន់ប្រើប្រេងឥន្ធនៈរាវ RS-28 SARMAT នេះអាចធ្វើក្នុងឆ្នាំ២០១៦ ពិតណាស់ក្បាលគ្រាប់ថ្មីនេះ គ្រោងសម្រាប់មីស៊ីលនេះឯង ។ ការបង្កើតក្បាលគ្រាប់បែបនេះនឹងអាចធ្វើឱ្យប្រព័ន្ធការពារប្រឆាំងមីស៊ីលបច្ចុប្បន្នលែងមានប្រសិទ្ធភាព ព្រោះវានឹងហោះលឿនខ្លាំងពេក ។
ម្យ៉ាងវិញទៀត រឿងសំខាន់បច្ចុប្បន្នគឺលទ្ធភាពរបស់រុស្ស៊ីផលិតមីស៊ីលបណ្តែត យុទ្ធសាស្ត្រនៅលើដី ឬសម្រាប់ដាក់លើនាវា ។ យោងតាមគំនិតរបស់បណ្តាវិស្វករ មីស៊ីលនេះអាចរត់លឿនជាងសំឡេងពី៤ទៅ៥ដងជាមួយការបាញ់បានចម្ងាយ៣.០០០គីឡូម៉ែត្រ ។ ឥឡូវនេះគេមិនមានព័ត៌មានអំពីការផលិតមីស៊ីលបែបនេះនៅឡើយ ក៏ប៉ុន្តែពាក្យចចាមអារ៉ាម និងព័ត៌មានមួយកន្លែងបានលេចឮ ៕
ចែករំលែកព័តមាននេះ