ខេត្តស្ទឹងត្រែង ៖ បុរសជនជាតិឡាវ២នាក់បងប្អូនបង្កើតរួមជាមួយថ្នាំញៀនប្រភេទម៉ាទឹកកកជិត១គីឡូក្រាមត្រូវបានកម្លាំងអាវុធហត្ថធ្វើការបង្ក្រាបបានកាលពីរសៀលថ្ងៃទី២៨ មីនា ២០១៦ នៅចំណុចភូមិគីឡូ៨ (ឫទ្ធីសែនជ័យ) សង្កាត់សាមគី្គ ក្រុងស្ទឹងត្រែង ។
ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ត្រូវជាបងប្អូនបង្កើតនិងគ្នាមានឈ្មោះ ផា ខាំ ភេទប្រុស អាយុ៣៨ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ផា ណយ ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង២រស់នៅភូមិគីណាក់ ស្រុកមឿងខូង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ ។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា ដោយមានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បញ្ជាឲ្យអាវុធហត្ថរាជធានី/ខេត្តត្រូវបង្ក្រាបករណីជួញដូរថ្នាំញៀនឲ្យដូចភ្លៀងរលឹម ជាក់ស្តែងកងរាជអាវុធខេត្តស្ទឹងត្រែងដឹកនាំដោយលោកវរៈសេនីយ៍ទោ ដួង វិចិត្រ ប្រធានមន្ទីរព័ត៌មានសន្តិសុខ បានធ្វើការចាប់ខ្លួនជនជាតិឡាវ២នាក់រួមទាំងវត្ថុតាងជាក់ស្តែងនាំមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្ត ។
ក្រោយការនាំខ្លួនជនជាតិឡាវទាំង២នាក់មកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជំនាញបានធ្វើតេស្តរកសារធាតុញៀនដោយមានការសម្របសម្រួកពីលោក វង្ស សាវ៉ាត អយ្យការអមសាលាដំបូងខេត្តផងដែរ ។ ជាក់ស្តែងក្រោយការធ្វើតេស្តលើវត្ថុតាង ជំនាញសន្និដ្ឋានថាជាប្រភេទមេតំហ្វេតាមីម្សៅក្រាមពណ៌ស ដែលមានទម្ងន់សរុបទាំងស្បោង៩៦,៣០ក្រាម ។
នៅចំមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនបាននាំថ្នាំញៀនទាំងនោះមកពីប្រទេសឡាវ ឆ្លងតាមច្រករបៀងចូលមកដីខ្មែរ ក្នុងគោលបំណងយកមកឲ្យគេនៅស្ទឹងត្រែង ដោយមានការណាត់ជួបធ្វើការដោះដូរ តែត្រូវសមត្ថកិច្ចដឹងចាប់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថធ្វើកំណត់ហេតុ និងបញ្ជូនសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ