ការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយសារការវាយប្រហារភេរវកម្មនៅក្រុងព្រុចសែលត្រូវស្ទះកាលពីថ្ងៃទី២៧ មីនា ដោយសារបាតុកម្មនានារបស់ពួកជាតិនិយមនៅលើទីលានដែលប្រែក្លាយទៅជាទីតាំងគោរពវិញ្ញាណក្ខន្ធនៅរាជធានីបែលហ្សិក ខណៈប្រតិបត្តិការប្រឆាំងពួកភេរវករនៅបន្តជាមួយការចាប់ខ្លួនមនុស្សថ្មីៗទៀត ។
កងកម្លាំងប៉ូលិសបានប្រើកាណុងបាញ់ទឹក ដើម្បីបំបែកពួកបាតុករប្រមាណជា៣០០នាក់ ស្លៀកពាក់ខ្មៅស្រែកពាក្យនានាប្រទេចក្រុមជីហាដ រដ្ឋអ៊ិស្លាម ដែលជាអ្នកទទួលខុសត្រូវលើការវាយប្រហារកាលពីថ្ងៃទី២២ មីនា នោះ ។ ពួកអ្នកជាតិនិយមមួយចំនួនរហូតដល់ស្រែករិះគន់ថា «រដ្ឋរួមគំនិតជាមួយក្រុមរដ្ឋអ៊ិស្លាម» ។ ពួកបាតុករក៏គប់ដបសាំងដុតដាក់ប៉ូលិសផងដែរ ។ ពួកបាតុករជាតិនិយមប្រមាណជា១០នាក់ត្រូវចាប់ខ្លួន ហើយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក CHARLES MICHEL បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការអុកឡុកនេះ ។
ចំណែកការដើរហែក្បួនមួយមានឈ្មោះថា «ដើរហែក្បួនប្រឆាំងការភ័យខ្លាច» គ្រោងធ្វើនាថ្ងៃទី២៧ មីនា ត្រូវបានលុបចោលវិញ ដោយសារបញ្ហាសន្តិសុខ ។
ការឆែកឆេរថ្មី១៣កន្លែងត្រូវធ្វើកាលពីថ្ងៃទី២៧ មីនា នៅក្រុងព្រុចសែល និងនៅភាគខាងជើងបែលហ្ស៊ិករួចមនុស្ស៤នាក់ត្រូវចាប់ឃុំឃាំង ។
ពួកអ្នកស៊ើបអង្កេតបន្តស្រាវជ្រាវថា តើជនសង្ស័យម្នាក់ដែលចាប់ឃុំឃាំង ដោយសារជាប់ទាក់ទិនផ្ទាល់នឹងការវាយប្រហារនៅក្រុងព្រុចសែលឈ្មោះ FAYCAL CHEFFOU ពិតជាបុរសពាក់មួកដែលដាក់គ្រាប់បែក តែមិនផ្ទុះនៅព្រលានយន្តហោះ ZAVENTEM ក្រុងព្រុចសែលឃើញក្នុងវីដេអូកំពុងរុញរទេះអីវ៉ាន់ក្បែរជនអត្តឃាត២នាក់ JBRAHIM EL BAKRAOU និង NAJIM LAACHRAOUI ប្រាកដមែន ឬយ៉ាងណា ៕
ចែករំលែកព័តមាននេះ