រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិនៅលើសង្វៀនស៊ីធីអិនកាលពីថ្ងៃសៅរ៍ទី២៦ មីនា កន្លងមកនេះ កីឡាករកម្ពុជា ចាន់ សំអាត មកពីក្លិបកងពលធំអន្តរាគមន៍លេខ៨ភ្នំទ្រព្យ និងឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្តកីឡា បានផ្ដួលកីឡាករថៃឱ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៥មិនគួរឱ្យជឿដូចគ្នា ។
ការប្រកួតរវាង ចាន់ សំអាត និងកីឡាករថៃឈ្មោះ បៀថៃ ដាបកនកងហ្វា ធ្វើឱ្យអ្នកទស្សនាផ្ទាល់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតមិនបានពាក់កណ្ដាលទឹកទី១ស្រួលបួលផងស្រាប់តែ ចាន់ សំអាត ដែលគេមិនសូវទុកចិត្តលើសមត្ថភាពនោះបើកការវាយសម្រុកគ្មានប្រណីទៅលើគូប្រកួតនិងទាត់ត្រូវជើងឆ្វេងកីឡាករថៃយ៉ាងដំណំបណ្ដាលឱ្យប្រកួតលែងកើតតែម្ដង ។ បើតាមការឱ្យដឹងពីគណៈកម្មការរៀបចំការប្រកួត កីឡាករថៃរងរបួសធ្ងន់នៅត្រង់ក្បាលជង្គង់ទើបដើរមិនរួចរហូតត្រូវគេសែងយកទៅកាន់កន្លែងព្យាបាលរបួសភ្លាមៗតែម្ដង ។
ចំណែកឡុង សុវណ្ណឌឿន វិញបានផ្ដួលកីឡាករថៃឈ្មោះ ផ្សាសឿ សីតគ្រូដយ ឱ្យសន្លប់នៅក្នុងទឹកទី៣ ។ នៅក្នុងទឹកទី១និងទី២គេឃើញ ឡុង សុវណ្ណឌឿន មានប្រៀបជាងកីឡាករថៃរូបនេះដាច់តែម្ដង ។ លុះឈានចូលដល់ទឹកទី៣ ឡុង សុវណ្ណឌឿន បានបុកកែងនិងជង្គង់យ៉ាងសន្ធាប់ទៅលើគូប្រកួត ហើយនៅពាក់កណ្ដាលទឹកទី៣ ឡុង សុវណ្ណឌឿនបានបុកចូលពោះទឹកមួយជង្គង់យ៉ាងពេញទំហឹងបណ្ដាលឱ្យអ្នកប្រដាល់ថៃរូបនេះដួលក្រោកលែងរួចតែម្ដង ។
រីឯគូប្រកួតមិត្តភាពវិញកីឡាករ សេក រាំបូ មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប បានយកឈ្នះកីឡាករ កុយ ចាន់តូ មកពីក្លិបគីសែមានរិទ្ធដោយពិន្ទុ ។ កីឡាករ ផាន់ ពិសិទ្ធ មកពីក្លិបគជសារកីឡា ឈ្នះពិន្ទុកីឡាករ ជឹម សារ៉ាត់ មកពីក្លិបតាព្រហ្មមានជ័យ និងកីឡាករអាំង សំអាត មកពីក្លិបតាព្រហ្មមានជ័យឈ្នះពិន្ទុ កីឡាករ ផាន់ ផាត់យុទ្ធ មកពីក្លិបសាលវ័ន្តកីឡាទាំងលំបាកបំផុត ។
ដោយឡែកសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុឈានទៅដណ្ដើមខ្សែក្រវាត់គោជល់នៅលើសង្វៀនស៊ីអិនស៊ីពេលយប់វិញកីឡាករ សរ រាជសីហ៍ មកពីក្លិបមោងឬស្សីមរតកគុនខ្មែរខេត្តបាត់ដំបង បានយកឈ្នះពិន្ទុកីឡាករថៃហ្វានិមិត្ត វិរិយៈហ្វាម ដោយពិន្ទុ ចំណែកពេជ្រ សីហា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ចាញ់ពិន្ទុកីឡាករថៃឈ្មោះផ្លាំងនុម លូកម៉ាខាមវ៉ាន ទាំងមិនអស់ចិត្ត ។ សរ រាជសីហ៍ ប្រកួតបាន២លើក ចាញ់១ ឈ្នះ១មាន៣ពិន្ទុ ឯពេជ្រ សីហា ប្រកួតបាន២លើក ចាញ់ទាំង២លើក ដូច្នេះបើចាញ់១ប្រកួតទៀត នឹងអស់ផ្លូវអ៊ុតហើយ ។
ចំណែកគូប្រកួតមិត្តភាពវិញ ឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា ឈ្នះពិន្ទុទេស ឧត្តម មកពីក្លិបកងពលតូចលេខ៧០ និងពេជ្រ ប៊ុនសេន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ឈ្នះពិន្ទុ គឿម សុវណ្ណឌឿត មកពីក្លិបមោងឬស្សីមរតកគុនខ្មែរ ៕
ចែករំលែកព័តមាននេះ