សង្កាត់់១០ក្នុងខណ្ឌដង្កោ នឹងរងផលប៉ះពាល់នៃការហក់ឡើងនៃទឹកស្ទឹងព្រែកត្នោត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទឹកស្ទឹងព្រែកត្នោត បានជន់ឡើងយ៉ាងខ្លាំងពុំបានស្រកនោះឡើយ ដោយគិតមកដល់ត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ បានជន់ឡើង បណ្ដាលឲ្យហូរចូលលិចផ្លូវ និងផ្ទះនៅក្នុងសង្កាត់ចំនួន១០ ក្នុងចំណោមសង្កាត់ទាំង១១ របស់ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រៅពីនេះ ទឹកបានលិចសាលាសង្កាត់ សាលារៀន វត្តអារ៉ាម មណ្ឌលសុខភាពមួយចំនួន ជាពិសេសបានហៀរកាត់តាមផ្លូវសណ្ដរស្ទឹងជាច្រើនកន្លែង ហើយផ្លូវសណ្ដរស្ទឹងនោះទៀត សោតមានរូងនាគជាច្រើនកន្លែងថែមទៀតផង។ ប៉ុន្តែត្រូវបានកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយកម្លាំងយោធា និងប្រជាពលរដ្ឋនាំគ្នាទប់ដោយចប និងប៉ែល ព្រមទាំងប្រើប្រាស់គ្រឿងចក្រ និងរថយន្តដឹកដីចាក់ទប់ផង ទើបទឹកអត់ហូរកាត់ផ្លូវ បណ្ដាលឲ្យលិចលង់នៅប៉ែកខាងក្រោមៗទៀត។

បើតាមប្រជាពលរដ្ឋបាននិយាយថា ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្ដើមជន់ឡើងខ្លាំងកាលពីថ្ងៃទី២៤ ខែតុលានេះ ប៉ុន្តែពុំបណ្ដាលឲ្យមានការលិចលង់ច្រើនកន្លែងនោះឡើយ គឺលិចតែភូមិ ឬផ្ទះណាដែលស្ថិតនៅជាប់នឹងមាត់ស្ទឹងប៉ុណ្ណោះ។ លុះដល់វេលាម៉ោង៤ជិតភ្លឺថ្ងៃទី២៥ ខែតុលា ស្រាប់តែចាប់ឡើងបន្តស្រឺតៗ លិចគ្រប់កន្លែងតែម្ដង ហើយរហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែលនេះ ទើបរៀងថេរបន្តិចវិញ។

ប្រភពដដែលបានបន្តថា មិនតែប៉ុណ្ណោះ នៅកន្លែងខ្លះទឹកបានហៀរចេញពីស្ទឹងមានកម្រិតខ្ពស់ជាងផ្លូវទំនប់សណ្ដរស្ទឹងថែមទៀតផង ប៉ុន្តែដោយសារតែអាជ្ញាធរបានត្រៀមទុកជាមុននូវមធ្យោបាយផ្សេងៗដូចជាកម្លាំងប្រចាំការ ដឹកអាចម៌ដី ត្រៀមគ្រឿងចក្រ និងរថយន្តដឹកដីជាដើម។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ ក៏មានការជួយអន្តរាគមន៍ពីកងកម្លាំងយោធាកងអន្តរាគមន៍ចល័ត៩៩៩ (BHQ)ផង ទើបអាចចាត់ចែងទប់ទាន់ពេលវេលា ហើយសង្ឃឹមថា ឆ្នាំនេះរួចពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរមិនដូចកាលពីឆ្នាំ២០២០ កន្លងផុតទៅចុះ។

មន្ត្រីនគរបាលខណ្ឌដង្កោ បានប្រាប់ថា ខណៈពេលនេះភូមិឋានជាច្រើខ្នងនៅក្នុងសង្កាត់នានាដែលស្ថិតនៅជាប់សណ្តរស្ទឹងព្រែកត្នោត នៃមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងការប៉ះពាល់ពីកំណើននៃទឹកស្ទឹងនេះរួមមាន សង្កាត់ដង្កោ សង្កាត់ព្រៃ.ស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ។ប៉ុន្តែសង្កាត់ខ្លះប៉ះពាល់តិច និងសង្កាត់ខ្លះប៉ះពាល់ច្រើន ក្នុងនោះមានដូចជា សង្កាត់ស្ពានថ្ម សង្កាត់ទៀន និងសង្កាត់គងនយ បានទទួលរងការប៉ះពាល់ច្រើនជាងគេ ព្រោះមានភូមិ និងផ្ទះនៅជិតស្ទឹងច្រើន សូម្បីតែសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលក៏លិចដែរ។

មន្ត្រីនគរបាលដដែលបានបន្តថា គិតមកត្រឹមថ្ងៃទី២៥ ខែតុលា នៅស្ថានីយ៍ទំនប់៧មករា : ទឹកខាងមុខទ្វារមានកម្ពស់៦,០៩ម៉ែត្រដែ លហូរលើទំនប់បង្ហៀរកម្ពស់១,២៩ម៉ែត្រ ចំណែកឯទឹកខាងក្រោយទ្វារកម្ពស់៨,៩០ម៉ែត្រ ហើយបើធៀបទៅនឹងថ្ងៃទី២៤ ខែតុលា កើនឡើង០,៧០ម៉ែត្រ ។ នេះជាកម្រិតដែលត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ម្យ៉ាងទៀតការកើនឡើងនៃទឹកស្ទឹងព្រែកត្នោតនេះ ពុំមែនបណ្ដាលមកពីការធ្លាក់ភ្លៀងនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោនេះទេ គឺព្រោះតែការបើកទ្វារទឹកនៃទំនប់ជណ្ដើរកាច់ ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដើម្បីរំដោះទឹកចេញខ្លះបញ្ចៀសការលិចលង់នៅតំបន់នោះ រយៈពេល២ថ្ងៃកន្លងមកហើយ គឺចាប់តាំងពីថ្ងៃទី២៣ ខែតុលាមកម្ល៉េះ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ដោយអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោក៏បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយផងដែរ នៅវេលាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដដែលនោះ ដើម្បីឲ្យប្រជាពលរដ្ឋដែលរស់នៅ ជាប់សណ្តរស្ទឹងព្រែកត្នោត នៃមូលដ្ឋានខណ្ឌដង្កោ ប្រុងប្រយ័ត្នខ្ពស់ ព្រោះបច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើ ជាពិសេសខេត្តកំពង់ស្ពឺ៕




























ចែករំលែកព័តមាននេះ