រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាបានក្លាយជាគោលដៅទេសចរណ៍ប្រកបដោយសក្តានុពលខ្ពស់មួយនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ជាពិសេសនៅក្នុងតំបន់អាស៊ាន ព្រោះថា យើងមានសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់អេកូទេសចរណ៍ធម្មជាតិដ៏សម្បូរបែប នាំឲ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កំណើនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។
ដោយមើលឃើញពីសក្ដានុពលរបស់កម្ពុជា គណៈប្រតិភូជប៉ុនដែលដឹកនាំដោយលោក យូតាហ្កា យាម៉ាម៉ូតូ អគ្គនាយករងនៃកិច្ចការអន្តរជាតិសម្រាប់ព្រលាន យន្តហោះ និងសំណង់អាកាសចរណ៍ស៊ីវិលនៃប្រទេសជប៉ុន បានអញ្ជើញមកស្វែងយល់អំពីស្ថានភាពនៃព្រលានយន្តហោះនៅកម្ពុជា ពិសេសព្រលានយន្តហោះអន្តរជាតិទាំង៣ គឺនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។ នេះបើយោងតាមប្រភពពីមន្ត្រីរាជរដ្ឋាភិបាល ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ លោកតឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី២៣ មីនា កន្លងមក លោក យូតាហ្កា យាម៉ាម៉ូតូ បានបញ្ជាក់ថា លោកមកកម្ពុជានាពេលនេះដើម្បីស្វែងយល់អំពីស្ថានភាពនៃព្រលានយន្តហោះនៅកម្ពុជា ពិសេសព្រលានយន្តហោះអន្តរជាតិទាំង៣ គឺនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ។ ក្នុងនោះ ក៏បានពិនិត្យឃើញផងដែរអំពីបញ្ហាចង្អៀតនៃព្រលានយន្តហោះអន្តរជាតិនៅភ្នំពេញ និងនៅខេត្តសៀមរាប ។
លោកបានផ្តោតសំណួរថា តើថ្ងៃខាងមុខ រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយយ៉ាងដូចម្តេច ដើម្បីរៀបចំព្រលានយន្តហោះអន្តរជាតិទាំងពីរឲ្យបានធំទូលាយ ឲ្យស្ថិតលើទីតាំងមួយសមស្របដែរឬទេ ?
ពាក់ព័ន្ធបញ្ហានេះ លោក តឹករ៉េត សំរេច បានជម្រាបជូនថា៖« រាជរដ្ឋាភិបាលកម្ពុជាគោរពតាមកិច្ចព្រមព្រៀងដែលយើងធ្លាប់មានកន្លងមក។ យើងបានយល់ពីភាពចង្អៀតនៃព្រលានទាំងពីរដែលមាននាពេលបច្ចុប្បន្ន ព្រោះថា វាជាព្រលានចាស់ ហើយអនុវត្តទៅតាមគម្រោងចាស់ ដែលគម្រោងពង្រីកនេះបានអនុវត្តក្រោយឆ្នាំ១៩៩៥ » ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ៖ «កាលពីមុន ព្រលាននេះមានភាពទូលាយដែរ តែប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួលស្គាល់ថា ព្រលានយន្តហោះអន្តរជាតិទាំងពីរទាំងនៅភ្នំពេញ និងនៅសៀមរាប ឥឡូវវាចង្អៀត ។ ក្នុងនោះ ព្រលានយន្តហោះនៅភ្នំពេញតែម្តងដែលទីតាំងនេះបានក្លាយជាទីក្រុង គឺផ្ទះហ៊ុមព័ទ្ធជិតហើយ ហើយចរាចរមានការលំបាក ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលបានធ្វើការយ៉ាងជិតដិតជាមួយនឹងក្រុមហ៊ុនសប្បទានិក ក្នុងការពង្រីកស្ថានីយអ្នកដំណើរថែមទៀត ដែលអាចឲ្យស្ថានីយថ្មីនេះ ទទួលភ្ញៀវបានពី៥ទៅ៦លាននាក់ក្នុង១ឆ្នាំ និងអាចដោះស្រាយនូវបញ្ហាកកស្ទះបាន » ។
លោកបានបន្ថែមទៀតថា៖ « កន្លងមកយើងបានសហការជាមួយនឹងក្រុមហ៊ុនសប្បទានិកបានកែសម្រួលនូវប្លង់បច្ចេកទេសមួយចំនួន ហើយសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាកកស្ទះនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះបាន។ ចំណែកការរៀបចំផ្ទេរព្រលានយន្តហោះអន្តរជាតិភ្នំពេញនេះ ទៅកន្លែងផ្សេងមួយទៀត គឺត្រូវរង់ចាំរហូតដល់មានពេលមួយសមស្រប ហើយយើងត្រូវតែពិនិត្យមើលដែរថា តើនៅពេលណាដែលសមស្របបំផុតនោះ បើនៅតែចង្អៀតនឹងមានការរៀបចំទៅកន្លែងថ្មី»។
លោក យូតាហ្កា យាម៉ាម៉ូតូ សង្ឃឹមថា ៖ «តាមរយៈការហោះហើរដោយត្រង់ពីជប៉ុន មកកម្ពុជា ពីកម្ពុជាទៅជប៉ុននៅពេលខាងមុខនោះ អាចនាំមកនូវអ្នកវិនិយោគ និងភ្ញៀវទេសចរជប៉ុនកាន់តែច្រើនថែមទៀត ពិសេសទៅកាន់អង្គរវត្ត ខេត្តសៀមរាបតែម្តង » ។
ថ្លែងក្នុងពិធីសម្ពោធស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ មីនា កន្លងមក លោកឧបនាយករដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ សុខ អាន បានមានប្រសាសន៍ថា ៖ « ក្នុងឆ្នាំ២០១៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា បានទទួលអ្នកដំណើរសរុបរហូតដល់ចំនួន៦,៤លាននាក់ គឺមានការកើនឡើង៣០០% បើប្រៀបធៀបនឹងឆ្នាំ២០០៥ មានចំនួនតែ២,១លាននាក់ប៉ុណ្ណោះ ដែលជាកំណើនមួយដ៏ខ្ពស់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ និងបានធ្វើឱ្យកម្ពុជាក្លាយជាទីផ្សារលូតលាស់លឿនបំផុតមួយនៅក្នុងតំបន់អាស៊ី » ។
ស្ថានីយចេញដំណើរថ្មីនៃអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញនេះ នឹងជួយបង្កើនសមត្ថភាពទ្វេដងសម្រាប់ត្រៀមទទួលភ្ញៀវទេសចរ៥លាននាក់ក្នុង១ឆ្នាំ និងសម្រាប់សមត្ថភាពបម្រើតម្រូវការទេសចរពី៥ទៅ៨ឆ្នាំទៅមុខទៀត ហើយក៏ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាន ។
ជាមួយគ្នានេះ នឹងបានរួមចំណែកបន្ថែមទៀតក្នុងការជំរុញអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល និងវិស័យទេសចរណ៍ ដែលវិស័យទាំង២នេះ បាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕
ចែករំលែកព័តមាននេះ