កងទ័ពស៊ីរីបានរួមរឹតលើក្រុមរដ្ឋអ៊ិស្លាមនៅទីក្រុងបុរាណ PALMYRE ជាមួយការជួយទ្រទ្រង់របស់កងទ័ពរុស្ស៊ីដែលហាក់ចូលរួមដៃប្រយុទ្ធកាន់តែខ្លាំងដែលការជួយទ្រទ្រង់នេះឈានទៅដណ្តើមយកបានទីក្រុងនេះស្ថិតនៅភាគកណ្តាលស៊ីរី ។
នៅប្រទេសអុីរ៉ាក់ជិតខាង ក្រុមជីហាដនេះ ក៏រងការគាបសង្កត់ រួចមន្ទីរប៉ង់តាហ្គោនគ្រោងពង្រឹងការជួយទ្រទ្រង់ដល់កងទ័ពរដ្ឋាភិបាលអុីរ៉ាក់ ដែលនាពេលថ្មីៗនេះធ្វើការវាយលុកមួយប៉ុនប៉ងដណ្តើមយកទីក្រុងម៉ូសស៊ុលជាទីតាំងសំខាន់របស់ក្រុមរដ្ឋអ៊ិស្លាមនៅភាគខាងជើងប្រទេស ។
នៅស៊ីរី កងកម្លាំងរដ្ឋាភិបាលបានបើកធ្វើពីថ្ងៃទី៧ មីនា មក នូវការវាយលុកមួយ ដើម្បីរំដោះក្រុង PALMYRE ពីក្រុមរដ្ឋអ៊ិស្លាមដែលដណ្តើមយកទីក្រុងនេះកាលពីខែឧសភា ឆ្នាំ២០១៥ រួចបំផ្លាញបណ្តាវត្ថុបុរាណនៅទីនោះ ។
នាយទាហានស៊ីរីម្នាក់នៅលើទីលានប្រយុទ្ធអះអាងប្រាប់ AFP ថា ការប្រយុទ្ធដណ្តើមយកទីក្រុង PALMYRE ឈានចូលដល់ដំណាក់កាលចុងក្រោយ ហើយការប្រយុទ្ធយ៉ាងសាហាវនានាកើតមាននៅទីនោះ ។
កាលពីថ្ងៃទី២៦ មីនា កងទ័ពរដ្ឋាភិបាលវាយយកបានពីពួកជីហាដនូវមូលដ្ឋាន AL-AMARIYAH ភាគខាងជើងក្រុង PALMYRE ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារព័ត៌មានស៊ីរី SANA រៀបរាប់ពីការវាយលុកមួយនាព្រឹកព្រលឹមរបស់កងទ័ពលើភាគខាងត្បូងក្រុងបុរាណនេះ ខណៈការប្រយុទ្ធគ្នាក៏ប្រព្រឹត្តទៅផងដែរក្នុងព្រលានយន្តហោះភាគខាងកើតក្រុង ។
កងទ័ពស៊ីរីជួយទ្រទ្រង់ដោយបណ្តាពួកជីវពល ពួកយុទ្ធជនស៊ីអុីតហេសប៊ុលឡាហ៍លីបង់ និងបណ្តាកងឯកភាពពិសេសនៃកងទ័ពរុស្ស៊ី ។ នាយទាហានស៊ីរីអះអាងថា យើងអាចនិយាយថា យើងបានឡោមព័ទ្ធពួករដ្ឋអ៊ិស្លាមពីភាគនិរតី ភាគខាងលិច និងភាគពាយ័ព្យក្រុង ។ ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងក៏ចូលរួមក្នុងការប្រយុទ្ធ ហើយគេស្តាប់ឮ ស្នូរផ្ទុះខ្លាំងៗ ដោយសារការវាយប្រហារតាមអាកាសសំដៅបណ្តាទីតាំងពួកជីហាដ ។
នាយទាហានស៊ីរីរៀបរាប់ទៀតថា ពួករុស្ស៊ីបានចូលរួមប្រយុទ្ធនៅលើដី តាមអាកាស ហើយក៏ទទួលបន្ទុកផងដែរ ចាប់ការទាក់ទងគ្នារវាងពួកយុទ្ធជនក្រុមរដ្ឋអ៊ិស្លាម ។ ការចូលរួមវាយប្រហាររបស់កងយន្តហោះរុស្ស៊ីមានលក្ខណៈខ្លាំងក្លាពេលចាប់វាយលុកជាមួយការទម្លាក់គ្រាប់បែកដល់ទៅ១៥០លើកដែលអាចឱ្យយើងវាយដណ្តើមយកកូនភ្នំទាំងឡាយនៅជុំវិញក្រុង ការវាយប្រហារតាមអាកាសត្រូវកាត់បន្ថយយ៉ាងច្រើន ព្រោះឈានចូលដល់ការប្រយុទ្ធនៅតាមវិថីនានា ។
យោងតាមក្រសួងការពារប្រទេសរុស្ស៊ីថា កងយន្តហោះរុស្ស៊ីហោះចេញវាយប្រហារជាង៤០លើក រយៈពេល២៤ម៉ោងចុងក្រោយនេះសំដៅលើទីតាំងជាង១៥០កន្លែងរបស់ក្រុមរដ្ឋអ៊ិស្លាម ។ អ្នកកាសែត AFP ចុះដល់ទីលានបានឃើញកងកាំភ្លើងធំរុស្ស៊ី និងស៊ីរីបាញ់ដាក់ទីតាំងនានារបស់ក្រុមរដ្ឋអ៊ិស្លាមពីទីខ្ពស់មួយ ។ កងទាហានរុស្ស៊ីនៅលើទីលានមានសម្ភារទំនើបៗ ពិសេសកែវយឺតទំនើប ។
តាមនាយទាហានស៊ីរីរូបនេះថា ជំហរ និងយុទ្ធសាស្ត្រប្រយុទ្ធរបស់ក្រុមរដ្ឋអ៊ិស្លាមខុសពីអង្គការឯទៀតៗ ។ ពួកជីហាដក្រាញនៅលើទីលានពុំព្រមដកថយនាំឱ្យការប្រយុទ្ធមានការលំបាកខ្លាំង ហើយប្រើពេលយូរ ។ ម្យ៉ាងទៀត ក្រុមរដ្ឋអ៊ិស្លាមមានពួកអត្តឃាត ព្រមទាំងឧបករណ៍ទំនើប ។ ប្រសិនបើយើងឈ្នះនោះនឹងជាបរាជ័យដ៏ធំរបស់ពួករដ្ឋអ៊ិស្លាម ។ បែបនេះនាំឱ្យមានទំនុកចិត្តលើកងទ័ព ហើយកងទ័ពនឹងរៀបចំខ្លួនសម្រាប់ការវាយប្រហាររំដោះទីក្រុងរ៉ាកា ជាទីក្រុងមួយនៅភាគខាងជើងប្រទេស ព្រមទាំងចាត់ទុកជារដ្ឋធានីរបស់ក្រុមរដ្ឋអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ