បន្ទាប់ពីស៊ីរី ប្រទេសរុស្ស៊ីនឹងអាចដើរតួនាទីជាអាជ្ញាកណ្តាលក្នុងប្រទេសមួយទៀតនៃតំបន់មជ្ឈិមបូព៌៌ាគឺនៅយេម៉ែនដែលនៅទីនោះសង្គ្រាមស៊ីវិលផ្ទុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៤មក ។
ក្រុមហ៊ុន STRATFOR ជាក្រុមហ៊ុនឯកជនអាមេរិកមួយរកស៊ីខាងវិស័យស៊ើបការណ៍គូសបញ្ជាក់ថា ដោយធុញទ្រាន់នឹងការប៉ះទង្គិចគ្នាមិនឈប់ឈរ យេម៉ែនពេលនេះហាក់មានពន្លឺនៃក្តីសង្ឃឹមមួយ ។ មានកម្មវិធីសន្តិភាពមួយនាពេលថ្មីៗនេះរបស់ អ.ស.ប ដែលចង់បញ្ចប់គ្រោះមហន្តរាយមនុស្សធម៌ក្នុងប្រទេសក្រីក្របំផុតនៃពិភពអារ៉ាប់ នេះហើយក្រុងម៉ូស្គូអាចដើរតួនាទីសំខាន់មួយក្នុងការដោះស្រាយជម្លោះ ។
ការបញ្ឈប់ការប្រទូស្តរ៉ាយគ្នាក្នុងទូទាំងប្រទេសយេម៉ែនគ្រោងចាប់ពីថ្ងៃទី១០ មេសា ទៅ ខណៈដែលការចរចាសន្តិភាពវគ្គថ្មីនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ មេសា នៅប្រទេសគុយវ៉ែត ។ ក៏ប៉ុន្តែការប៉ុនប៉ង២លើកមុន ដើម្បីដោះស្រាយជម្លោះតាមផ្លូវការទូតត្រូវបរាជ័យ ។
រដ្ឋាភិបាលយេម៉ែនទទួលស្គាល់ជាអន្តរជាតិរបស់ប្រធានាធិបតីលោកអាប់ដ៍ រ៉ាបូម៉ាន់សួរហាឌី ស្ថិតក្នុងភាពទ័លច្រកចំពោះការតស៊ូដណ្តើមអំណាចជាមួយពួកឧទ្ទាមហ៊ូធី ព្រមទាំងសម្ព័ន្ធមិត្តកងកម្លាំងដែលស្មោះត្រង់នឹងអតីតប្រធានាធិបតីលោកអាលីអាប់ដាល់ឡាហ៍ សាឡេហ៍ ។
កងកម្លាំងចម្រុះអារ៉ាប់នាំមុខដោយអារ៉ាប៊ី សាអ៊ូឌីត បានជួយគាំទ្រកងទ័ពរដ្ឋាភិបាលតាមជើងគោក និងជើងអាកាសចាប់តាំងពីខែមីនា ឆ្នាំ២០១៥ មក ។ ពួកហ៊ូធីចាប់តាំងពីដំណាច់ឆ្នាំ២០១៤មក ដណ្តើមកាន់កាប់ដែនដីយេម៉ែនយ៉ាងធំទូលាយ ព្រមទាំងរដ្ឋធានីក្រុងសាណា ។
ការតស៊ូដើម្បីដណ្តើមអំណាចគ្នា ព្រមទាំងភាពច្របូកច្របល់បែរជាផ្តល់ឱកាសដល់បណ្តាក្រុមភេរវកម្ម ក្នុងនោះរួមមានទាំងក្រុងរដ្ឋអ៊ិស្លាម និងក្រុមអាល់កៃដានៅឧបទ្វីបអារ៉ាប់ AQPA ដែលកំពុងវាទទឹកដីដែរក្នុងប្រទេសយេម៉ែន ។ កាលពីថ្ងៃទី២៥ មីនា មនុស្សយ៉ាងតិច២៦នាក់ស្លាប់ក្នុងការវាយប្រហារភេរវកម្ម៣នៅទីក្រុងអាដេន ។ ក្រុមរដ្ឋអ៊ិស្លាមប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារទាំងនេះ ។
ដូចគ្នានឹងជម្លោះនៅស៊ីរីដែរ សង្គ្រាមនៅយេម៉ែនក៏ជាជម្លោះដោយសារផលប្រយោជន៍មួយរវាងអារ៉ាប៊ី សាអ៊ូឌីត និងអីុរ៉ង់ដែរ ហើយរុស្ស៊ីអាចដើរតួនាទីអាជ្ញាកណ្តាលមួយ ៕
ចែករំលែកព័តមាននេះ