ខេត្តប៉ៃលិន ៖ បុរសចំណាស់ម្នាក់ត្រូវបុរសម្ចាស់ផ្ទះយកដបស្រាវាយក្បាលខាងក្រោយផ្នែកខាងឆ្វេងបណ្ដាលឲ្យបែកហូរឈាមជោកខ្លួនរហូតដល់សន្លប់ លុះងើបពីសន្លប់វិញក៏ត្រូវប្រពន្ធវាយក្បាលនឹងប៊ីដុងទឹក២លីត្របន្ថែមទៀត ហើយទើបហៅអាជ្ញាធរភូមិដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការណ៍ទាស់ផឹកស៊ីសម្តីគ្នារហូតវាយបែកក្បាលនេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នៅផ្ទះជនដៃដល់ចម្ងាយពីផ្ទះជនរងគ្រោះប្រហែល៤០០ម៉ែត្រ ក្នុងភូមិទឹកចេញ ឃុំស្ទឹ ងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភុន ផេន ភេទប្រុស អាយុ៥៣ឆ្នាំ ជាកសិករ រងរបួសបែកក្បាលចំហៀងខាងក្រោយផ្នែកខាងឆ្វេង មានស្រុកកំណើតនៅភូមិអំពិលព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ចំណែកជនដៃដល់ឈ្មោះ ចក់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាកសិករ ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជួបជុំមិត្តភក្តិចំនួន៤-៥នាក់អង្គុយផឹកស៊ីក្រោមផ្ទះជនដៃដល់ លុះមួយសន្ទុះក្រោយមកស្រាប់តែបុរសម្ចាស់ផ្ទះមកចូលរួមផឹកស៊ីជាមួយគ្នាដែរ ។ រហូតដល់ម៉ោងប្រមាណជាង៧យប់ ស្រាប់តែម្ចាស់ផ្ទះស្តីឲ្យជនរងគ្រោះថា ដើរផឹកស៊ីផ្ទះគេឯងរាល់យប់ មិនព្រមផឹកនៅផ្ទះរបស់ខ្លួនទេ ។ ពេលនោះជនរងគ្រោះតបវិញថា រូបគាត់ទើបតែមកផឹកស៊ីផ្ទះមួយនេះប៉ុណ្ណោះ មិនធ្លាប់ទៅផឹកស៊ីនៅផ្ទះនរណាម្នាក់នោះទេ ។ ប្រកែកគ្នាចុះឡើងៗ ជនដៃដល់ទាញយកដបស្រានៅនឹងមុខវង់ផឹកស៊ីវាយទៅលើក្បាលជនរងគ្រោះបណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាមតែម្តង ។ លុះប្រពន្ធជនរងគ្រោះមកដល់ឃើញប្តីងើបពីសន្លប់ដោយខឹងខ្លាំងពេកក៏ទាញយកប៊ីដុងទឹក២លីត្រវាយក្បាលប្តីបន្ថែមទៀត រួចទើបឱ្យអាជ្ញាធរភូមិដឹកទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ជនដៃដល់ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំស្ទឹងកាច់ឃាត់ខ្លួនយកទៅប៉ុស្តិ៍ ដើម្បីសួរនាំ និងដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ