ប្រទេសកូរ៉េខាងជើងបានចេញផ្សាយកាលពីថ្ងៃទី២៦ មីនា នូវវីដេអូឃោសនាថ្មីមួយ ដែលបង្ហាញពីការវាយប្រហារនុយក្លេអ៊ែរមួយលើទីក្រុងវ៉ាស៊ីនតោន ហើយគំរាមកូរ៉េខាងត្បូងពីការវាយប្រហារពុំត្រាប្រណីមួយ ព្រោះតែហ៊ានមួលបង្កាច់មេដឹកនាំរបស់ខ្លួនលោកគីម ជុងអ៊ុន ។
មានចំណងជើងថា «ភ័ព្វវាសនាចុងក្រោយ» វីដេអូរយៈពេល៤នាទីនេះ ចេញផ្សាយដោយក្រុងព្យុងយ៉ាងបង្ហាញមីស៊ីលនុយក្លេអ៊ែរមួយបាញ់ចេញពីនាវាមុជទឹកមួយគ្រឿងកម្ទេចក្រុងវ៉ាស៊ីនតោន បន្ទាប់មកបង្ហាញពីទង់ជាតិអាមេរិកមួយកំពុងត្រូវភ្លើងឆេះ ។
នៅចុងបញ្ចប់នៃវីដេអូនេះ បង្ហាញមីស៊ីលមួយហោះជ្រែកពពក ហើយផ្ទុះនៅលើដីមុខវិមាន LINCOLN MEMORIAL ជាវិមានកិត្តិយសរបស់ប្រធានាធិបតីទី១៦របស់សហរដ្ឋអាេមរិកក្នុងរដ្ឋធានីអាេមរិក ។ គេឃើញវិមានកាពីតូលផ្ទុះខ្ទេច ហើយលេចសារលើអេក្រង់ជាភាសាកូរ៉េថា «ប្រសិនបើពួកចក្រពត្តិនិយមអាមេរិកហ៊ានឈានជើងជាន់ទឹកដីយើងមួយចំអាមនោះយើងនឹងវាយប្រហារភ្លាមៗជាមួយកម្លាំងនុយក្លេអ៊ែររបស់យើង» ។
កាលពីមុន កូរ៉េខាងជើងក៏ធ្លាប់ចាក់ផ្សាយវីដេអូបែបនេះដែរក្នុងនោះមានវីដេអូមួយកាលពីឆ្នាំ២០១៣ ដែលបង្ហាញសេតវិមានរងការវាយប្រហារ ព្រមទាំងវិមានកាពីតូលផ្ទុះបាក់ ។
ក្រោយការសាកល្បងនុយអ៊ែរលើកទី៤របស់កូរ៉េខាងជើងកាលពីថ្ងៃទី៦ មករា បរិយាកាសធ្លាក់ចុះដុនដាបខ្លាំងនៅឧបទ្វីបកូរ៉េ ដោយលោកគីម ជុងអ៊ុន គំរាមធ្វើការសាកល្បងនុយកេ្លអ៊ែរថ្មីៗ ព្រមទាំងបាញ់បណ្តាមីស៊ីល ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ