ខេត្តកំពង់ស្ពឺ ៖ ដោយស្ថានភាពទឹកភ្លៀងធ្លាក់មកជាច្រើនថ្ងៃបានធ្វើឱ្យទំនប់ជណ្តើរកាច់ជោរជន់ ទៅដោយទឹកច្រើន ហួសពីសមត្ថភាពដែលអាចតម្កល់ទឹកទុក ទើបអាជ្ញាធរត្រូវបង្ខំចិត្តបើករំដោះទឹកចេញខ្លះ ។

លោកអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រកាសនៅថ្ងៃទី២៣ ខែតុលានេះថា «ទំនប់ជណ្តើរកាច់ជាទំនប់ចាស់( សល់ពីជំនាន់ប៉ុលពត ) ។ ប៉ុន្តែត្រូវបានខូចខាតទៅវិញ ហើយបានកសាងឡើងវិញ និងរួចរាល់ក្នុងឆ្នាំ២០១៩ ប៉ុន្តែមិនដែលមានទឹកទេ(មានតិចតួច ) ។ ទើបតែឆ្នាំនេះមានទឹកយ៉ាងច្រើនលើសពីសមត្ថភាពដែលអាចតម្កល់ទឹកទុក ។ យើងមានការសោកស្ដាយ ប៉ុន្តែបើមិនបើកទ្វារទឹកនឹងអាចធ្វើឲ្យទំនប់បាក់បាន» ។

លោក វ៉ី សំណាង បានបន្តថា ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរងដោយសារការបើកទឹកទំនប់ផ្នែកខាងក្រោម មេត្តាយោគយល់ដោយក្តីអនុគ្រោះបំផុត ។ ស្ថានភាពនឹងវិលទៅរកសភាពដើមក្នុងរយៈពេលខ្លី ។ ទំនប់ជណ្ដើរកាច់នេះមានប្រវែង ២,៦០០ម៉ែត្រ មានទីតាំងស្ថិតនៅឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕





ចែករំលែកព័តមាននេះ