ក្រុមរដ្ឋអ៊ិស្លាមនាថ្ងៃទី២៥ មីនា ជាគោលដៅនៃការវាយលុកធំ២ ដោយកងទ័ពស៊ីរី វាយលុកចូលទីក្រុងបុរាណ PALMYRE ក្រោមការជួយវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លារបស់រុស្ស៊ី ហើយកងទ័ពអីុរ៉ាក់វាយលុកលើទីក្រុងម៉ូសស៊ុល ៣ថ្ងៃ ក្រោយការវាយប្រហារភេរវកម្មបង្ហូរឈាមនៅក្រុងព្រុចសែលដែលអង្គការជីហាដនេះ ប្រកាសទទួលខុសត្រូវ ។
ជួយទ្រទ្រង់តាមជើងគោក ដោយពួកយុទ្ធជនហេសប៊ុលឡាហ៍លីបង់ និងកងកម្លាំងពិសេសរុស្ស៊ី កងទ័ពស៊ីរី ដែលជួយទ្រទ្រង់ដោយកងយន្តហោះរុស្ស៊ីដែរ បានលុកចូលទីក្រុង PALMYRE ពីភាគខាងកើតដើម្បីបណ្តាញពួករដ្ឋអ៊ិស្លាមចេញពីទីក្រុងនេះ ។
យោងតាមប្រភពយោធាស៊ីរី និងអង្គការសិទ្ធិមនុស្សស៊ីរី OSDH ថា នាយប់ថ្ងៃទី២៤ មីនា កងកាំភ្លើងធំស៊ីរីបានបាញ់ផ្លោងយ៉ាងខ្លាំងក្លាដាក់បណ្តាទីតាំងពួកជីហាដ ក៏ប៉ុន្តែកងទាហានពុំបានរុលចូលលឿនក្នុងទីក្រុងនេះឡើយ ព្រោះតែមានពួកខ្មាន់កាំភ្លើងលបបាញ់នាពេលយប់ ។
ក្រុងមូស្គូរាយការណ៍ពីការវាយប្រហារតាមអាកាស១៤៦លើក រយៈពេល៣ថ្ងៃ ប្រឆាំងបណ្តាទីតាំងពួកភេរវករក្នុងតំបន់នេះត្រួតត្រា ដោយក្រុមរដ្ឋអ៊ិស្លាមចាប់តាំងពីខែឧសភា ឆ្នាំ២០១៥មក ។
កងទ័ពស៊ីរីដែលបើកការវាយលុកពីថ្ងៃទី៧ មីនា មក ក៏បានចូលក្នុងទីក្រុង PALMYRE ពីផ្នែកនីរតី ក៏ប៉ុន្តែរុលទៅមុខយឺតៗមកពីគ្រាប់មីនដាក់ដោយពួួកជីហាដ ។ កងទាហានស៊ីរីក៏លុកចូលពីភាគពាយ័ព្យក្រុងនេះដែរ បន្ទាប់ពីដណ្តើមត្រួតត្រាផ្នែកមួយនៃជ្រលងភ្នំផ្នូរខ្មោច ។
យោងតាមប្រភពព័ត៌មានមួយពីទីលានថា សមាជិកម្នាក់នៃកងកុំម៉ង់ដូរបស់កងកម្លាំងពិសេសរុស្ស៊ី ដែលដឹកនាំប្រតិបត្តិការវាយលុកបានត្រូវស្លាប់នៅតំបន់ PALMYRE ខណៈដែលទាហានរូបនេះកំពុងកំណត់ទីតាំងពួកភេរវករក្រុមរដ្ឋអ៊ិស្លាម សម្រាប់ការវាយប្រហាររបស់កងយន្តហោះរុស្ស៊ី ។
យោងតាម OSDH ថា ពួកជីហាដ៤០នាក់និងយុទ្ធជនស៊ីរី៨នាក់បានត្រូវស្លាប់រយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងការប្រយុទ្ធនៅ PALMYRE ជាទីក្រុងបុរាណចំណាស់ជាង២០០០ឆ្នាំមកហើយ និងបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក ។ នៅទីនោះពួករដ្ឋអ៊ិស្លាមបានកម្ទេចចោលរតនសម្បត្តិស្ថាបត្យកម្មជាច្រើន ។
យោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងការពារប្រទេសរុស្ស៊ីថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅតំបន់ PALMYRE អាចកម្ទេចប៉ុស្តិ៍ទីបញ្ជាការពួកជីហាដ៦កន្លែង សម្លាប់ពួកភេរវករ៣២០នាក់ កម្ទេចរថក្រោះ៥គ្រឿង កាំភ្លើងធំ៦គ្រឿង បណ្តាឃ្លាំងស្តុកគ្រាប់រំសេវ និងរថយន្ត១៥គ្រឿង ។
ចំណែកកងទ័ពអីុរ៉ាក់ជួយទ្រទ្រង់ដោយពួកជីវពល និងកងយន្តហោះក្រុមចម្រុះអន្តរជាតិនាំមុខដោយសហរដ្ឋអាេមរិកក៏បានធ្វើការវាយលុកមួយ ដើម្បីដណ្តើមយកទីក្រុងម៉ូសស៊ុលជាទីក្រុងធំទី២ នៅភាគខាងជើងប្រទេសពីកណ្តាប់ដៃក្រុមរដ្ឋអ៊ិស្លាមវិញដែរ ។
ការដណ្តើមយកទីក្រុងម៉ូសស៊ុលវិញ ដែលពិតណាស់ជាការលំបាក ត្រូវបានចាត់ទុកថា ជាទិសដៅសំខាន់បំផុតនៃការវាយដណ្តើមយកដែនដីដែលបាត់បង់ក្នុងការវាយលុករបស់ក្រុមរដ្ឋអ៊ិស្លាមក្នុងឆ្នាំ២០១៤ នៅអីុរ៉ាក់មកវិញ ។
យោងតាមទីបញ្ជាការរួមនៃប្រតិបត្តិការថាមូលដ្ឋានជាច្រើនស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រ ពីក្រុងម៉ូសស៊ុលត្រូវបានរំដោះពេលធ្វើប្រតិបត្តិការវាយលុក ។
ក្រុងម៉ូសស៊ុលក៏ដូចជាទីក្រុង PALMYRE ហើយពិសេសទីក្រុងរ៉ាកាស៊ីរីជាផ្នែកមួយនៃដែនដីកាលីហ្វាតប្រកាសដោយប្រមុខក្រុមរដ្ឋអ៊ិស្លាមលោក ABOU BAKR AL BAGHDADI កាលពីខែមិថុនា ឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ