ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តង់កម្ពុជានៅពិព័រណ៍ពិភពលោកក្រុងឌុយបៃ ទាក់ទាញធុរជនបរទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ដែលពិព័រណ៍នេះបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម ដែលពិព័រណ៍នេះបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មានការចូលរួមពីប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ១៩២ រួមទាំងមានកម្ពុជាមួយផងដែរ ។ កម្ពុជា បានរៀបចំសាងសង់ពន្លាជាតិមួយយ៉ាងល្អប្រណីតនៅលើផ្ទៃដីទំហំ ៣៨៤.៥ ម៉ែត្រការ៉េ មានកម្ពស់ ២ ជាន់ ។

ការតុបតែងរចនាពន្លាជាតិកម្ពុជា ត្រូវបានច្របាច់បញ្ចូលគ្នានូវសម័យកាលជាប្រវត្តិសាស្រ្តចំនួនបួន គឺសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែក ឬសម័យឧត្តុង្គ និងសម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន ដោយបង្ហាញពីកេរ្តិ៍ដំណែលវប្បធម៌ប្រវត្តិសាស្រ្តមានពីបុរាណ និងខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលដូនតាខ្មែរបានបន្សល់ទុកនូវតឹកតាងរហូតមក ដល់បច្ចុប្បន្ន ដូចជា រូបចម្លាក់ ប្រាង្គប្រាសាទ ចម្លាក់នានានៅតាមជញ្ជាំងប្រាសាទ រូបចម្លាក់ទេវកថា និងបុព្វបុរសខ្មែរ សម័យអង្គរ វិស័យពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍ដែលជាចន្ទល់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ។

បន្ទាប់ពីបានបើកទ្វារទទួលភ្ញៀវចូលទស្សនាពីថ្ងៃទី ១-២០ ខែតុលា ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវចូលទស្សនាចំនួន ២១,៤០២ នាក់ ។ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ពន្លាជាតិកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈការរៀបចំតុបតែងប្រកបដោយលក្ខណៈរស់រវើក និងស្របតាមប្រធានបទ ។ «កម្ពុជាសង្ឃឹមថា នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការចូលរួមពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ ជាពិសេសការលើកស្ទួយមុខមាត់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាឲ្យកាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ តាមរយៈការចងចាំដក់ជាប់ក្នុងចិត្តរបស់អ្នកទស្សនានូវអ្វីដែលពួកគេបានឃើញ ដូចជាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ បរិស្ថានធម្មជាតិដ៏ស្រស់បំព្រង វប្បធម៌ដ៏សម្បូរបែប និងសិល្បៈរបាំប្រពៃណីខ្មែរ ដែលមានពីតាំងសម័យបុរាណ និងបច្ចុប្បន្ន» ។

ក្រសួងពាណិជ្ជកម្មថា អ្នកទស្សនា នឹងចងចាំផងដែរនូវស្នាមញញឹមពោពេញដោយក្តីសង្ឃឹម និងភាពដ៏ស្មោះត្រង់ របស់មន្ត្រីប្រចាំការចំពោះភ្ញៀវគ្រប់រូប ដែលជាកត្តាមួយជំរុញឲ្យអ្នកទស្សនាចង់មកទស្សនាប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែមទៀតអំពីវប្បធម៌ អរិយធម៌ខ្មែរដ៏រុងរឿង តំបន់ទេសចរណ៍ធម្មជាតិ និងការធ្វើវិនិយោគទុននៅប្រទេសកម្ពុជា ។

ពិព័រណ៍ពិភពលោក ដែលធ្វើឡើងក្នុងរយៈពេល ៥ ឆ្នាំម្តង សម្រាប់ឆ្នាំ ២០២០ គឺ សហភាពអារ៉ាប់រួម បានទទួលធ្វើម្ចាស់ផ្ទះរៀបចំ ប៉ុន្តែដោយសារការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ពិព័រណ៍នេះត្រូវបានលើកពេល ១ ឆ្នាំ ហើយកាលបរិច្ឆេទថ្មីបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ មានរយៈពេល ៦ ខែ ។ នេះបើតាមការឲ្យដឹង របស់លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ