រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមីនា ខានស្អែក ការប្រកួតប្រដាល់អន្តរជាតិរៀងរាល់សប្ដាហ៍របស់ព្រឹត្តិការណ៍Ganzburg Top Fighter នៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងចាប់ផ្ដើមទៀតហើយ ដោយមានកីឡាករកម្ពុជា និងថៃ៤រូបប្រកួតគ្នា ។ កីឡាករល្បីឈ្មោះម៉ន រដ្ឋា និងសុខ សុវណ្ណ គឺជាអ្នកទទួលភារៈទាំងអស់នេះសម្រាប់ការប្រកួតជាមួយកីឡាករថៃ ។
កីឡាករ ម៉ន រដ្ឋា ដែលអ្នកណាក៏ស្គាល់ថា ជាជើងខ្លាំងប្រចាំក្លិបការិយាល័យទី៥កងទ័ពជើងគោក នឹងជួបស្វាគមន៍កីឡាករថៃឈ្មោះភិច ងិនថង ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ ការប្រកួតរបស់គូនេះ ត្រូវគេកត់សម្គាល់ពីស្នាដៃរួចទៅហើយ ដោយសារតែកីឡាករកម្ពុជាក៏មានប្រវត្តិមិនធម្មតា ហើយកីឡាករថៃក៏ខ្លាំងក្នុងការផ្ដួលគូប្រកួត។ យ៉ាងណាក៏ដោយ មានការកត់សម្គាល់ថា កីឡាករ ម៉ន រដ្ឋា ហាក់មិនសូវនឹងដៃសម្រាប់ការប្រកួតគ្រប់លើកនោះទេ ដោយការឡើងរេញរបស់គេលើកក្រោយដូចជាមិនបានទទួលលទ្ធផលល្អប្រសើរនោះផង ។ ចំណែកកីឡាករថៃទាំងកម្លាំង ទាំងបច្ចេកទេសមើលទៅរឹងមាំ និងរស់រវើកជាង ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបង្ហាញពីភាពជឿជាក់ទៅលើកីឡាករថៃច្រើនជាងកីឡាករកម្ពុជាបន្តិច បន្ទាប់ពីសមាសភាពកីឡាករថៃដែលមកប្រកួតកាន់តែពិបាកឱ្យកីឡាករកម្ពុជាយកឈ្នះ ។ លោកថា ក្នុងប៉ុន្មានខែចុងក្រោយ លោកបានកែទម្រង់ជាមួយអ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួត ត្រូវតែយកកីឡាករដែលមានសមត្ថភាពពេញលេញ និងជាអ្នកប្រដាល់អាជីពឱ្យមកប្រកួតនៅលើសង្វៀនរបស់ខ្លួន ។ ទាំងនេះហើយដែលលោកហ៊ានប៉ាន់ស្មានថា កីឡាករកម្ពុជាប្រសិនបើគ្មានការទទួលខុសត្រូវ និងគ្មានការហ្វឹកហាត់ច្បាស់លាស់នោះទេ គឺពិតជាចាញ់យ៉ាងអាម៉ាស់ក្រោមដៃកីឡាករបរទេសមិនខាន ។ លោកថា កីឡាករថៃឈ្មោះ ភិច ងិនថង គឺជាកីឡាករល្អម្នាក់ ដូច្នេះបើចង់វាយឈ្នះកីឡាកររូបនេះពេញរយៈពេល៥ទឹក គឺលុះត្រាតែ ម៉ន រដ្ឋា មានការហ្វឹកហាត់ពេញលេញ មិនហត់មុន៤ទឹក និងត្រូវរស់រវើកសម្រាប់ការប្រកួតនៅថ្ងៃខានស្អែក។
យ៉ាងណាក៏ដោយលោកថា កីឡាករម៉ន រដ្ឋា ក៏មិនមែនធម្មតានោះដែរ បើទោះជាការប្រកួតរបស់គេធៀបនឹងពេលឡើងកូដហាក់ដូចជារាងធ្លាក់ដៃបន្តិច ។ មានការយល់ឃើញស្របគ្នាចំពោះបញ្ហានេះ ដោយសារតែកីឡាករថៃភាគច្រើនមកប្រកួតមានកម្លាំងស៊ុហ្វពេញៗ ពូកែស៊ូ ហើយកីឡាករកម្ពុជាច្រើនតែល្អរង្វង់៣ទឹកដំបូង លុះដល់២ទឹកចុងក្រោយ ក៏ឆាប់ហត់ ដែលពិបាកបញ្ចេញស្នៀតបានល្អ ។
លោកថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួតបានអះអាងថា ការប្រកួតរវាងកីឡាករ ម៉ន រដ្ឋា និង ភិច ងិនថង លោកហាក់មានជំនឿទៅលើកីឡាកររបស់ខ្លួនច្រើនជាង ប៉ុន្តែក៏មិនដល់១០០%នោះដែរ ដោយសារតែ ម៉ន រដ្ឋា ក៏មានថ្វីដៃល្អ និងមានបច្ចេកទេសមិនអន់ដូចគ្នា បើទោះជាគេរៀងហត់បន្តិចនៅអំឡុងទឹកចុងក្រោយ ។ លោកថា បើ៣ទឹកដំបូង កីឡាករកម្ពុជាចាប់បានចំណុចខ្សោយរបស់ ភិច ងិនថងនោះ ម៉ន រដ្ឋា នឹងឈ្នះការប្រកួត ប៉ុន្តែបើការប្រកួត៣ទឹកមិនអាចធ្វើអីបានទេនោះពិតជាពិបាកដោយសារតែកីឡាករខាងលោកគឺមានកម្លាំងពេញ៥ទឹក ហើយបើសំដៅដល់បច្ចេកទេសក៏មិនស៊ីគ្នា ។ ទោះបីយ៉ាងណា លោកបង្ហាញការព្យាករថា ប្រសិនបើកីឡាករកម្ពុជាចេះប្រកួតសន្សំកម្លាំង ហើយបើការបាត់មុខមួយរយៈចុងក្រោយ គេបានទទួលការហ្វឹកហាត់ពេញលេញ នោះកីឡាករថៃនឹងយ៉ាប់សម្រាប់ការប្រកួតព្រឹកខានស្អែក។
លោកថា កីឡាករ ភិច ងិនថង ធ្លាប់ប្រកួតបាន៦៨ដង ឈ្នះ៦២ដង ចាញ់៥ដង និងស្មើ១ដង ដោយការប្រកួតរបស់កីឡាកររូបនេះ លោកហ៊ានអះអាងដោយជំនឿចិត្តថា ថ្វីដៃក្នុងការវាយលុករបស់គេ គឺពិតជាល្អមើលដោយសារតែមិនមានទម្លាប់ប្រកួតលាក់ស្នៀត ឬបច្ចេកទេស។ ដោយឡែកសម្រាប់ ម៉ន រដ្ឋា វិញ គេធ្លាប់ប្រកួត៧១លើក ឈ្នះ៥៩លើក ចាញ់១១លើក និងស្មើ១លើក ដោយមិនទាន់រាប់បញ្ចូលការប្រកួតក្រៅផ្លូវការដែលបានធ្វើឡើងនៅឡើយ ។ ដូច្នេះទាំងបទពិសោធន៍របស់គេក៏ទំនងជាចាស់ទុំដែលអាចធ្វើព្យុះធ្វើភ្លៀងជាមួយកីឡាករថៃសម្រាប់ការប្រកួតទាំងមូលផងដែរ ។
នៅលើសង្វៀននេះដែរ កីឡាករ សុខ សុវណ្ណ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ របស់លោកគ្រូ តឹក ឡៃ និង ឡុង ស៊ីលីន ក៏នឹងត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះសាគុន ភិចឡេក ក្នុងនាមជាគូឯកអន្តរជាតិតែម្ដង ។ កីឡាករថៃរូបនេះក៏មិនធម្មតាដែរ សម្រាប់ការប្រកួតរបស់គេនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កន្លងមក ។ គេធ្លាប់ប្រកួតបាន៦៨លើក ឈ្នះ៥៦លើក ចាញ់១០លើក និងស្មើ២លើក ខណៈដែលគូប្រកួតរបស់គេគឺកីឡាករកម្ពុជា ធ្លាប់ប្រកួតបាន៧២លើក ឈ្នះ៦០លើក ចាញ់១០លើក និងស្មើ២លើកនៅលើសង្វៀន ។ គូនេះ មានការព្យាករ១០០%ថា កីឡាករថៃហាក់មានប្រៀបខ្ពស់ជាងដូចគ្នា ដោយសារតែការហ្វឹកហាត់របស់គេគ្រប់គ្រាន់ ផ្ទុយពីកីឡាករខ្មែរគឺលុះត្រាតែដល់ថ្ងៃជិតឡើងប្រកួតទើបចូលហ្វឹកហាត់ ។
ម្យ៉ាងមកពីកីឡាករ សុខ សុវណ្ណ រៀងបាត់មុខយូរ និងមិនសូវបានប្រកួតជាប់លាប់នោះផង ទើបកម្រិតនៃកម្លាំងស៊ុហ្វរបស់គេត្រូវគេចាប់អារម្មណ៍ថាអាចប្រែប្រួល។ ប៉ុន្តែកីឡាករថៃក៏នឹងមានវាសនាអាក្រក់ផងដែរ ត្បិតអីសុខ សុវណ្ណ ជាកីឡាករមានបទពិសោធន៍ខ្ពស់ជាង ហើយបច្ចេកទេសវាយចេញរបស់គេក៏ល្អផងដែរ ៕
ចែករំលែកព័តមាននេះ