ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល និងប្រជាការពារភូមិព័ទ្ធចាប់ បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះគ្រូបង្រៀនចូលលួចទ្រព្យសម្បត្តិនៅភូមិអូរឫស្សី រួចព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ២៤ មីនា នៅក្នុងចម្ការដំឡូងមី ស្ថិតនៅក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ពិន ដា ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករស៊ីឈ្នួលរើសដំឡូងមីតាមចម្ការឲ្យអ្នកស្រុក ស្នាក់នៅក្នុងភូមិអូរនាង ។ ចំណែកម្ចាស់ផ្ទះឈ្មោះ លួន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជាគ្រូបង្រៀន រស់នៅភូមិអូរឫស្សីសង្កាត់កើតហេតុ ខណៈគ្រួសារមួយនេះគ្មានអ្នកនៅផ្ទះ ។
មន្ត្រីសមត្ថកិច្ចបានបន្តថា ខណៈជនសង្ស័យទើបចេញពីកន្លែងកើតហេតុ លោកគ្រូបង្រៀនក៏មកដល់ផ្ទះប្រកិតប្រកៀបគ្នា លុះចាក់សោទ្វារចូលក្នុងផ្ទះ ស្រាប់តែឃើញទូរបើក ឯបង្អួចក៏ចំហ និងបាត់ទ្រព្យសម្បត្តិដែលទុកនៅក្នុងទូ ក៏ចេញទៅសួរអ្នកជិតខាងគេប្រាប់ថា ឃើញបុរសម្នាក់ទើបតែដើរចេញទៅ ។ លោកគ្រូបង្រៀនខាងលើបានតាមជនសង្ស័យពីក្រោយហើយរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តាមរកជនសង្ស័យ ទីបំផុតក៏ជួបដូចបំណង ហើយជនសង្ស័យរត់ទៅពួនក្នុងចម្ការដំឡូងមី ត្រូវសមត្ថកិច្ចក្របួចបានទាំងវត្ថុតាងជាប់ខ្លួនតែម្តង ។
លោក ចាន់ សុភី នាយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានឱ្យដឹងថា ទ្រព្យសម្បត្តិដែលរឹបអូសបានមកវិញ រួមមានខ្សែ.កប្លាទីន៣ខ្សែ ក្រវិល២គូ និងខ្សែ.កប្រាក់១ខ្សែ ព្រមទាំងលោហៈធាតុពណ៌ក្រហម៣ខ្សែផងដែរ ។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្ត ៕
ចែករំលែកព័តមាននេះ