ក្រោយការវិភាគបំណែករបស់ពួកអ្នកជំនាញការដែលស៊ើបអង្កេតលើការបាត់ដានយន្តហោះប៊ូអុីង៧៧៧មួយគ្រឿង របស់ម៉ាឡេស៊ី កាលពី២ឆ្នាំមុនបង្ហាញថា បំណែក២ដែលរកឃើញកាលពីខែធ្នូ បន្ទាប់មកនាដើមខែមីនា នៅប្រទេសម៉ូហ្សំប៊ិកស្ទើរតែច្បាស់ជាបំណែកនៃយន្តហោះជើងហោះហើរ MH370 នោះ ។
រដ្ឋមន្ត្រីដឹកជញ្ជូនអូស្ត្រាលី លោក DARREN CHESTER គូសបញ្ជាក់កាលពីថ្ងៃទី២៤ មីនា ក្នុងសេចក្តីប្រកាសមួយថា បំណែកទាំងនេះមកពីប៉ាណូ ដែលគេអាចឃើញក្នុងយន្តហោះប៊ូអីុង៧៧៧របស់ម៉ាឡេស៊ី ។
ប្រទេសអូស្ត្រាលីជាអ្នកសម្របសម្រួលការរុករកយន្តហោះ MH370 ក្នុងសមុទ្រ ។ ការរុករកលាតសន្ធឹងក្នុងទំហំប្រមាណជា១២០.០០០គីឡូម៉ែត្រក្រឡា រួចនឹងត្រូវបញ្ចប់ក្នុងខែមិថុនា ឬកក្កដា ខាងមុខនេះ ។ សម្រាប់ពេលនេះគេទើបរកឃើញបំណែកស្លាបមួយកាលពីខែកក្កដា ឆ្នាំ២០១៥ នៅលើកោះ REUNION បារាំង ។ បំណែក២ទៀតរកឃើញនៅម៉ូហ្សំប៊ិកដាច់ដោយឡែកពីគ្នាលើឆ្នេរខ្សាច់ ដោយបំណែកមួយប្រទះឃើញដោយក្មេងជំទង់អាហ្វ្រិកខាងត្បូងម្នាក់កាលពីខែធ្នូ រួចបំណែកមួយទៀតរកឃើញដោយអ្នកទេសចរអាមេរិកម្នាក់កាលពីដើមខែមីនានេះ ។ បំណែកទាំង២នេះត្រូវបានបញ្ជូនទៅអូស្ត្រាលីដើម្បីធ្វើការពិនិត្យដោយពួកអ្នកជំនាញការរបស់ប៊ូអីុង ។ បំណែករកឃើញដោយអ្នកទេសចរអាមេរិកមានទំហំ៥៧សង្ទីម៉ែត្រ លើ៩០សង្ទីម៉ែត្រ ហើយមានចារអក្សរថា NO STEP ៕
ចែករំលែកព័តមាននេះ