រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ សហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជាបានធ្វើសន្និសីទកាសែតមួយកាលពីថ្ងៃទី២៣ មីនា ដើម្បីប្រកាសពីការរៀបចំការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិ រវាងកីឡាករកម្ពុជា-ថៃក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមនៅលើសង្វៀនថ្មីដែលស្ថិតក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
លោក ស៊ាន វិសុទ្ធ អគ្គនាយកស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់អន្តរជាតិដែលស្ថានីយទូរទស្សន៍អប្សរារៀបចំឡើងនៅពេលនេះគឺបានសហការជាមួយសហព័ន្ធកីឡាប្រដាល់កម្ពុជា និងការជួយឧបត្ថម្ភពីណាហ្គាវើល ។ ការប្រកួតរបៀបនេះធ្វើឡើងរយៈពេល៣ខែម្ដង និងបានផ្លាស់ប្ដូរទីតាំងសង្វៀនផ្សេងពីគ្នាដើម្បីឱ្យមានការចាប់អារម្មណ៍ និងទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋខ្មែរកាន់តែច្រើនថែមទៀត ។ សម្រាប់ការប្រកួតលើកនេះគូដណ្ដើមខ្សែក្រវាត់មានតែមួយគូប៉ុណ្ណោះគឺ ម៉ន វិរៈ មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក ប្រកួតជាមួយកីឡាករថៃឈ្មោះPha Yanarnក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។
ជាមួយគ្នានេះ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពកម្ពុជា-ថៃមួយគូទៀតរវាងកីឡាករព្រំ សំណាង មកពីក្លិបកងទ័ពឆត្រយោង៩១១ជាមួយកីឡាករថៃឈ្មោះKenley Thip ។ ក្រៅពីនោះគឺជាការប្រកួតជាលក្ខណៈមិត្តភាពរវាងកីឡាករកម្ពុជា និងកម្ពុជាដែលមានដូចជាកីឡាករកំពែង ខ្មៅ មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ប្រកួតជាមួយកីឡាករ ថាន រ៉ាឌី មកពីក្លិបសម្រែករាជសីហ៍ ។ កីឡាករលីន វិរៈ មកពីក្លិបបុរីរាជសីហ៍ ប្រកួតជាមួយកីឡាករពុទ្ធ សំអួន មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន។ កីឡាកររ័ក្ស ជ័យ មកពីសមាគមកីឡាប្រដាល់ខេត្តកោះកុង ប្រកួតជាមួយកីឡាករអេ ហនុមាន មកពីក្លិបអេភូថងកីឡា និង កីឡាករទឹម ខ្លា មកពីក្លិបពន្លឺវិបុលពោធិ៍សែនជ័យ ប្រកួតជាមួយ កីឡាករចាន់ ឡុក មកពីសមាគមកីឡាប្រដាល់ខេត្តកោះកុង ។ លោកឱ្យដឹងទៀតថា ការប្រកួតនេះបើកឱ្យចូលទស្សនាដោយសេរី និងមានការចាក់ផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ចាប់ពីម៉ោង៣រសៀលតទៅ ។
លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជាលក្ខណៈអន្តរជាតិនៅក្នុងពេលនេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយបំផុសវិស័យកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរយើងឱ្យកាន់តែមានភាពរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទ និងចូលរួមចំណែកបំផុសវិស័យកីឡាប្រដាល់ឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត ។ លោកឧត្តមសេនីយ៍ តែម ម៉ឺន បន្តថា ដើម្បីធ្វើឱ្យវិស័យកីឡាប្រដាល់កាន់តែទទួលបានការគាំទ្រ លោកសូមសំណូមពរដល់មន្ត្រីអាជ្ញាកណ្ដាល ចៅក្រម ក៏ដូចជាគណៈកម្មការរៀបចំការប្រកួត ត្រូវប្រកាន់យកភាពយុត្តធម៌ កាត់ក្ដីឱ្យបានត្រឹមត្រូវ មានតម្លាភាពមិនលំអៀង មិនថាកីឡាករកម្ពុជា ឬបរទេសឡើយត្រូវតែស្មើភាពគ្នា ។ មិនតែប៉ុណ្ណោះ ត្រូវរៀបចំខ្លួនឱ្យបានល្អ សម្លៀកបំពាក់សមរម្យប្រកបដោយភាពថ្លៃថ្នូរ អត្តចរិតសក្តិសមជាអាជ្ញាកណ្ដាលគំរូ។ យើងដឹងហើយថា កាលណាមានកម្មវិធីប្រកួតច្រើន យើងកាន់តែទទួលបានចំណូលច្រើនអាចជួយសម្រួលជីវភាពនៅក្នុងគ្រួសារកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ៕
ចែករំលែកព័តមាននេះ