រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ទី២៦ មីនា ខានស្អែកនេះ ការប្រកួតប្រដាល់អន្តរជាតិរៀងរាល់២សប្ដាហ៍ម្ដងសម្រាប់ថ្ងៃសៅរ៍របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ នឹងចាប់ផ្ដើមជាថ្មីទៀតហើយ អមដោយការប្រកួតវិលជុំរបស់កីឡាករ៨រូបនៅលើសង្វៀននេះផងដែរ។ កីឡាករល្បីឈ្មោះផាន់ គ្រាន់ និងឡៅ ចិត្ត្រា ដែលជាប្អូនប្រុសរបស់ ឡៅ ចន្ទ្រា នឹងត្រូវគេឲ្យប៉ះប្រកួតជាមួយកីឡាករថៃនៅក្នុងព្រឹត្តិការណ៍នេះ ចាប់ពីម៉ោង២រសៀលតទៅ ។
កីឡាករ ផាន់ គ្រាន់ ដែលអ្នកណាក៏ស្គាល់ថា ជាជើងខ្លាំងស្រាប់នឹងត្រូវស្វាគមន៍ជាមួយកីឡាករថៃឈ្មោះ ឃុន ភេន ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ កីឡាករទាំងពីរនឹងឡើងប៉ះគ្នានៅក្នុងព្រឹត្តិការណ៍ប្រដាល់ K-Cement ដែលក្នុងពេលនេះ ក៏មានការប្រកួតដណ្ដើមពិន្ទុរបស់កីឡាករ៤រូបនៅក្នុងពូល B ឆ្ពោះទៅកាន់ការប្រកួតប្រជែងយកតំណែងជើងឯកនៅលើសង្វៀនដែរ ។ ការប្រកួតរបស់គូនេះ ត្រូវគេកត់សម្គាល់ពីស្នាដៃរួចទៅហើយ ដោយសារតែកីឡាករ ផាន់ គ្រាន់ ក៏មានប្រវត្តិមិនធម្មតា ហើយកីឡាករថៃក៏ខ្លាំងក្នុងការវាយផ្ដួលគូប្រកួត។ ភាគីខាងកម្ពុជាគឺជាកីឡាករដែលមានឈ្មោះបោះសំឡេងនៅលើសង្វៀន ប៉ុន្តែកីឡាករ ឃុន ភេន ក៏មិនណយនោះដែរ ដោយផ្អែកតាមបទពិសោធន៍ឡើងរេញរបស់គេ គឺច្រើនដង និងមានប្រវត្តិមិនធម្មតាសម្រាប់ការប្រកួតប៉ុន្មានលើកចុងក្រោយ ។

លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតបានបង្ហាញពីភាពជឿជាក់ក្នុងពេលដែលការអះអាងរបស់លោកត្រូវគេកត់សម្គាល់រមែងលេចចេញលទ្ធផល បន្ទាប់ពីសមាសភាព កីឡាករថៃឲ្យតែលោកជឿជាក់ គឺច្រើនតែអាចបំបាក់កីឡាករកម្ពុជានៅក្រោយការប្រកួត។ កីឡាករកម្ពុជាភាគច្រើនក្នុងប៉ុន្មានខែចុងក្រោយមិនថាអ្នកស្ថិតក្នុងជួរទី១ ឬជួរទី២នោះទេ សុទ្ធតែត្រូវបានកីឡាករថៃដែលយកមកប្រកួតដោយលោក ថៃ អ៊ូ ធ្វើការព្រមាន និងវាយបំបាក់ឲ្យស្គាល់បរាជ័យ ទើបក្នុងពេលខ្លះការព្យាកររបស់អ្នកដឹកនាំកីឡាករថៃឲ្យមកប្រកួតនៅសង្វៀនទូរទស្សន៍ក្នុងស្រុកមួយនេះ ត្រូវគេជឿជាក់ ។ មានការយល់ឃើញថា កីឡាករថៃដែលមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាន់តែពិបាកឲ្យជើងខ្លាំងកម្ពុជាយកឈ្នះ ដោយសារតែកីឡាករថៃដែលបាននាំមកគឺជាកីឡាករអាជីពរបស់ថៃ និងដោយសារតែកីឡាករកម្ពុជាកាន់តែល្បីកាន់តែធ្លាក់ដៃ ព្រោះមិនសូវហ្វឹកហាត់បានល្អ ដូចគ្នានឹងកីឡាករថៃ ។ លោក ថៃ អ៊ូ បានអះអាងថា កីឡាករ ឃុន ភេន គឺជាកីឡាករម្នាក់ដែលមានថ្វីដៃមុតស្រួច ហើយបើទោះជា ផាន់ គ្រាន់ ជាជើងខ្លាំងម្នាក់របស់កម្ពុជា ក៏ទំនងជាមិនងាយទប់ទល់បានដែរសម្រាប់ការប៉ះគ្នានៅរសៀលថ្ងៃស្អែក ។
ទោះបីយ៉ាងណា លោកបានបង្ហាញការព្យាករថា ប្រសិនបើកីឡាករកម្ពុជាអាចបញ្ចេញថ្វីដៃដូចជាកែង និងម៉ាត់បានល្អ និងរស់រវើកជាងដូចគ្នានឹងអ្វីដែលគេធ្លាប់បង្ហាញ នោះកីឡាកររបស់លោកនឹងក្លាយជាអ្នកយ៉ាប់វិញក៏ថាបាន ។ លោកថា កីឡាករ ឃុន ភេន ធ្លាប់ប្រកួតបាន៨៩ដង ឈ្នះ៦៨ដង ចាញ់១៨ដង និងស្មើ៣ដង ដោយការប្រកួតរបស់កីឡាកររូបនេះ លោកហ៊ានអះអាងដោយជំនឿចិត្តថា ថ្វីដៃក្នុងការវាយលុករបស់គេគឺកាន់តែល្អ ដោយសារតែមុនយកមកគេបានហ្វឹកហាត់គ្រប់គ្រាន់ ។ លោកថា ការប្រកួតប៉ុន្មានលើកចុងក្រោយរបស់កីឡាកររូបនេះ ធ្វើឲ្យអ្នកស្នេហាការប្រដាល់នៅក្នុងប្រទេសថៃសុទ្ធតែទទួលស្គាល់ថ្វីដៃរបស់គេនៅលើសង្វៀន ។
យ៉ាងណាក៏ដោយ ផ្ទុយពីការព្យាកររបស់លោក ក្រុមអ្នកគាំទ្រកីឡាករផាន់ គ្រាន់ ក៏បានបញ្ចេញជំនឿចិត្តបែបនេះផងដែរថា ការយល់ឃើញរបស់លោកថៃ អ៊ូ នឹងមិនអាចកើតឡើងនៅពេលការប្រកួតលេចចេញជាផ្លូវការ ។ មនុស្សជាច្រើនមិនយល់ឃើញថាកីឡាករផាន់ គ្រាន់ ទៅមិនរួចជាមួយកីឡាករថៃនោះទេ ដោយសារសំអាងថាគេមានថ្វីដៃរស់រវើក ហើយកម្លាំងក៏ខ្លាំង ។ ម្យ៉ាងកីឡាករផាន់ គ្រាន់ ធ្លាប់ស៊ីកីឡាករបរទេសរាប់មិនអស់នោះផង ទើបការប្រកួតសម្រាប់ថ្ងៃស្អែកមិនអាចក្លាយជាឧបសគ្គរបស់គេនោះឡើយ ។ ថ្វីដ្បិតតែប្រវត្តិប្រកួតរបស់គេតិចជាងកីឡាករថៃក៏ពិតមែន ក៏ភាពរហ័ស និងបទពិសោធន៍នៅលើសង្វៀន គឺអាចគ្រប់គ្រាន់សម្រាប់ការប្រកួតនៅរសៀលស្អែក ។ ផាន់ គ្រាន់ ឆ្លងកាត់ការប្រកួតបាន៧៧លើក ឈ្នះ៦៦លើក ចាញ់១០លើក និងស្មើ១លើក ដោយមិនទាន់រាប់បញ្ចូលការប្រកួតក្រៅផ្លូវការដែលបានធ្វើឡើងនៅឡើយ ។ ដូច្នេះទាំងបទពិសោធន៍ និងភាពប៉ិនប្រសប់គេចាត់ទុកថាកីឡាកររូបនេះ ក៏ចាស់ទុំណាស់ដែរសម្រាប់អាជីពជាអ្នកប្រដាល់របស់គេ ។ ក្រុមអ្នកទុកចិត្តគ្រូបង្វឹកលោក ផាន់ ផាណាត របស់ក្លិបគជសារកីឡា នៅតែផ្ដល់ទំនុកចិត្តមួយភាគធំថាកីឡាករកម្ពុជារូបនេះនឹងទទួលបានជ័យជម្នះសម្រាប់ការប៉ះគ្នាជាមួយកីឡាករ ឃុន ភេន ។
នៅលើសង្វៀននេះដែរ កីឡាករ ឡៅ ចិត្ត្រា មកពីក្លិបកងទ័ពឆត្រយោង៩១១ របស់លោកគ្រូ ហង្ស ស៊ឺន ក៏នឹងត្រូវប៉ះប្រកួតជាមួយកីឡាករថៃឈ្មោះ មង្គល ភេច ក្នុងនាមជាគូអន្តរជាតិបើកឆាក ។ កីឡាករថៃរូបនេះក៏មិនធម្មតាដែរសម្រាប់ការប្រកួតរបស់គេនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កន្លងមក។ គេធ្លាប់ប្រកួតបាន៥១លើក ឈ្នះ៤៧លើក ចាញ់៤លើក និងមិនដែលស្មើ ខណៈដែលប្អូនប្រុសរបស់ឡៅ ចន្ទ្រា ដែលជាជើងខ្លាំងឯណេះវិញ គេទើបតែប្រកួតបាន១៦លើក ឈ្នះ១១លើក ចាញ់៣លើក និងស្មើ២លើកប៉ុណ្ណោះនៅលើសង្វៀន តែត្រូវបានគណៈកម្មការរៀបចំការប្រដាល់សាកល្បងឲ្យឡើងវាយគូអន្តរជាតិដើម្បីស្ទាបស្ទង់សមត្ថភាព ។ គូនេះ មានការព្យាករ១០០%ថា កីឡាករថៃនឹងឈ្នះ បើទោះជាកីឡាករឡៅ ចិត្ត្រា នៅក្មេងពេញកម្លាំង និងមានថ្វីដៃមិនអន់ក្ដី ៕
ចែករំលែកព័តមាននេះ