ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​60 ស្វែងរក​ដៃគូ​តាម​រយៈ​ការ​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ផលិតផល និង​សេវាកម្ម​របស់​សមាជិក​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ទីផ្សារ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ទៅ​ថ្ងៃ​អនាគត BNI CEO Chapter​នឹង​រៀបចំ​តាំង​បង្ហាញ​ផលិតផល

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ផលិតផល និង​សេវាកម្ម​របស់​សមាជិក​ខ្លួន​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ទីផ្សារ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ទៅ​ថ្ងៃ​អនាគត BNI CEO Chapter​នឹង​រៀបចំ​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​៦០ នៅ​សណ្ឋាគារ​តារា​អ៊ែ​រ​ផត នា​ថ្ងៃ​ទី​២៦ មីនា ខាង​មុខ​នេះ ដើម្បី​ផ្តល់​ឱកាស​ក្នុង​ការ​ស្វែងរក​ដៃគូ​អាជីវកម្ម ។

លោក សរ ឧត្តម ប្រធាន​គ្រប់គ្រង​រៀបចំ​កម្មវិធី​នៃ​ក្រុមហ៊ុន Mango Rain និង​ជា​សមាជិក BNI CEO Chapter បានឱ្យ​ដឹង​ថា ៖ « នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល BNI CEO Chapter រៀបចំ​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​ក្រុមហ៊ុន​ក្នុងស្រុក​ទាំង​៦០ ដែល​ជា​សមាជិក​របស់​ខ្លួន ក្នុង​នោះ​ប្រហែល​៥០%​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម ។ ការ​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ក្នុងស្រុក​ទាំង​៦០​នេះ នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​តារា​អ៊ែ​រ​ផត ក្នុង​គោលបំណង​ស្វែងរក​ដៃគូ និង​អ្នក​ផ្គត់ផ្គង់​ផលិតផល​ថ្មី​ដើម្បី​ធ្វើ​អាជីវកម្ម​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​ខាង​មុខ ហើយ​ម្យ៉ាងទៀត ក៏​ចង់​ផ្សព្វផ្សាយ​ទៅ​អ្នក​ខាងក្រៅ​ឱ្យ​បានដឹង​ថា អ្វី​ទៅ​ជា BNI CEO ។ លើស​ពី​នេះ​ទៀត ម្ចាស់​ក្រុមហ៊ុន​ដែល​ចូលរួម​នៅ​ពេល​នោះ នឹង​អាច​បង្កើន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​សមាជិក BNI CEO Chapter ផង​ដែរ » ។

តំណាង​ក្រុមហ៊ុន​ភែ​រ៉​ត លក់​និង​ផ្តល់​សេវាកម្ម​ផ្នែក​កុំព្យូទ័រ និង​ជា​សមាជិក​របស់ BNI CEO Chapter ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ « កន្លង​មក ក្រុមហ៊ុន​យើង​ពុំដែល​បាន​យក​ផលិតផល​ទៅ​តាំង​បង្ហាញ​ជូន​អតិថិជន​ឱ្យ​ស្គាល់​នៅឡើយ​ទេ គឺ​លក់​តែ​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ ។ នៅ​ក្នុង​កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយ BNI CEO Chapter   នេះ យើង​នឹង​យក​ផលិតផល​ក្រុមហ៊ុន​ទៅ​ចូលរួម​តាំង​បង្ហាញ​ជូន​អតិថិជន​ឱ្យ​បាន​ស្គាល់ និង​ពង្រីក​ការ​ទំនាក់ទំនង​ផង​ដែរ ដោយ​រំពឹង​ថា ម្ចាស់​ក្រុមហ៊ុន​នឹង​ចាប់អារម្មណ៍​ទៅ​លើ​ផលិតផល ហើយ​ខ្ញុំ​នឹង​មានឱកាស​ពង្រីក​អាជីវកម្ម​បាន​ច្រើន​ជាង​មុន » ។

លោក​បន្ត​ថា ៖ « បន្ទាប់​ពី​ខ្ញុំ​បាន​ចូល​ជា​សមាជិក​របស់ BNI CEO Chapter កាលពី​២០១៣​មក ឃើញ​ថា រាល់​ការ​លក់​និង​ការ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​បាន​កើនឡើង​ប្រហែល​២០%​ជា​រៀង​រាល់​ឆ្នាំ ។ ចំពោះ​ការ​ផ្តល់​សេវាកម្ម គិត​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​មិន​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​នៅឡើយ​ទេ ពីព្រោះ​យើង​ត្រូវ​ពង្រីក​ការ​លក់​ឱ្យ​កើនឡើង​ច្រើន​ជាង​មុន​បន្ថែម​ទៀត និង​ចង់​ឲ្យ​អតិថិជន​ស្គាល់​ក្រុមហ៊ុន​កាន់តែ​ច្រើន » ។

លោក សរ ឧត្តម លើក​ឡើង​ថា ៖ « BNI  CEO Chapter នឹង​ព្យាយាម​រក​សមាជិក​ថ្មី​បន្ថែម​ឲ្យ​កើនឡើង​ដល់​៧០​ក្រុមហ៊ុន ដើម្បី​បង្កើន​បណ្តាញ​ទំនាក់ទំនង និង​ផ្តល់​ប្រយោជន៍​ដល់​សមាជិក ។ ជាក់ស្តែង Mango Rain ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​រៀបចំ​កម្មវិធី​ផ្សេង​ៗ​បន្ទាប់​ពី​ចូល​ជា​សមាជិក​របស់ BNI CEO កាលពី​ឆ្នាំ​២០១៤​មក សម្រាប់​ខ្ញុំ​ផ្ទាល់​យល់​ឃើញ​ថា កាលពីមុន ខ្ញុំ​ចេញ​លក់​ដោយ​ខ្លួនឯង តែ​មក​ដល់​ឥឡូវនេះ មិន​ចាំបាច់​ចេញ​លក់​ទៀត​ទេ គឺ​មាន​សមាជិក​ដូច​គ្នា​នៅ​ក្នុង BNI CEO ផ្តល់​ព័ត៌មាន​ជូន​ពី​តម្រូវការ​របស់​អតិថិជន ។ កាលពី​ចុងឆ្នាំ​២០១៥ ការងារ​ដែល​ក្រុមហ៊ុន​យើង​ទទួល​បាន​ពី​សមាជិក​មាន​ប្រហែលជា​៤០% បន្ថែម​ពីលើ​អាជីវកម្ម​ដែល​មាន​សព្វ​ថ្ងៃនេះ ហើយ​ការ​រីក​ចម្រើន​របស់​សមាជិក វា​អាស្រ័យ​ទៅ​លើ​ប្រភេទ​អាជីវកម្ម​ផង​ដែរ » ៕