រាជធានីភ្នំពេញ ៖ កាលពីពេលថ្មីៗនេះMicrofinanza ជាទីភ្នាក់ងារអន្តរជាតិឈានមុខគេមួយដែលមានជំនាញវាយតម្លៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្តល់ការវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្នុងចំណាត់ថ្នាក់ «A-Stable» (A-រឹងមាំ) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា ។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី២២ មីនា លោក ជា ផល្លារិន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានឲ្យដឹងថា ៖ « របាយការណ៍វាយតម្លៃដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ Microfinanza បានកោតសរសើរពី « ប្រសិទ្ធភាពប្រតិបត្តិការ និងកម្រិតផលិតភាពខ្ពស់ » របស់អម្រឹត និងបានបង្ហាញថា អម្រឹត « បន្តក្តោបក្តាប់ទីផ្សារល្អប្រសើរ » ។
លោកបន្ដថា ៖ « ទីភ្នាក់ងារ Microfinanza ក៏បានរំលេចនូវចំណុចខ្លាំងនៃរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនថ្មីរបស់អម្រឹតផងដែរ ដោយលើកសរសើរថា « បានពង្រឹងចក្ខុវិស័យយុទ្ធសាស្ត្រ និងស្ថិរភាពហិរញ្ញវត្ថុ » របស់អម្រឹត » ។
លោកអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា ៖ « ជាមួយនឹងការវាយតម្លៃ និងផ្តល់នូវចំណាត់ថ្នាក់ខ្ពស់ពី Microfinanza បូកផ្សំនឹងហិរញ្ញប្បទានបន្ថែមពី IFC ដែលជាម្ចាស់ភាគហ៊ុនមួយរបស់យើង ខ្ញុំជឿជាក់ថា នៅឆ្នាំ២០១៦នេះ អម្រឹតនឹងរីកចម្រើនកាន់តែខ្លាំងថែមទៀត ហើយយើងនឹងពង្រីកសមត្ថភាពក្នុងការទទួលប្រាក់បញ្ញើបន្ថែមដើម្បីអាចផ្តល់ប្រាក់កម្ចីដល់ប្រជាជនខ្មែរកាន់តែច្រើន ដែលកំពុងប្រឹងប្រែងអភិវឌ្ឍន៍ជីវភាព និងងើបចេញពីភាពក្រីក្រ » ។
« បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណដែលអនុញ្ញាតឲ្យខ្លួនទទួលប្រាក់បញ្ញើពីអតិថិជនជាលើកដំបូង ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៦នេះ អម្រឹតមានសមតុល្យប្រាក់បញ្ញើសរុបប្រមាណ២១៤លានដុល្លារអាមេរិក និងបានផ្តល់ប្រាក់កម្ចីសរុបប្រមាណ៤៥០លានដុល្លារអាមេរិកដល់អតិថិជនរបស់ខ្លួន » ។ នេះបើយោងតាមការបញ្ជាក់ពីលោកអគ្គនាយក ។
គណៈកម្មការនាយករបស់អម្រឹតបានឲ្យដឹងថា អម្រឹតជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដែលបានបង្ហាញពីភាពរីកចម្រើននៃដំណើរការអាជីវកម្មរបស់ខ្លួន និងបង្ហាញពីការបោះជំហានទៅមុខថែមទៀតសម្រាប់ឆ្នាំ២០១៦នេះ។ ទន្ទឹមនឹងនេះ ក៏មានការវាយតម្លៃខ្ពស់ ការគាំទ្ររឹងមាំពីដៃគូអន្តរជាតិ និងការទទួលបានកម្ចីឥណទានថ្មីបន្ថែមទៀតចំនួន៥០លានដុល្លារអាមេរិកពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ។
លោកអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតបានបន្ដថា ៖ « កាលពីខែមីនា ឆ្នាំ២០១៥ អម្រឹតបានប្រកាសពីការកែទម្រង់ដ៏ធំមួយទៅលើរចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនរបស់ខ្លួនដោយពេលនោះក្រុមហ៊ុន Advans SA ដែលជាក្រុមហ៊ុនវិនិយោគមានមូលដ្ឋាននៅប្រទេស លុចសំបួ បានបង្កើនចំណែកភាគហ៊ុនរបស់ខ្លួននិងក្លាយទៅជាម្ចាស់ភាគហ៊ុនធំ ខណៈសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក៏បានវិនិយោគជាមួយអម្រឹតចំនួន១៩,៩% ផងដែរ » ។
កាលពីខែមុន សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានប្រកាសថា ខ្លួននឹងផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន៥០លានដុល្លារអាមេរិកដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដើម្បីជួយពង្រីកលទ្ធភាពផ្តល់ប្រាក់កម្ចីបន្ថែមដល់អតិថិជន ដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ជាពិសេសនៅក្នុងវិស័យកសិកម្ម និងតាមទីជនបទ ។
លោក ជា ផល្លារិន មានប្រសាសន៍ទៀតថា ៖ « មុននឹងក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតក្នុងឆ្នាំ២០០៤ ស្ថាប័នមួយនេះបានចាប់ផ្តើមប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ។ កាលពីឆ្នាំ២០០៩ អម្រឹត ទទួលបានអាជ្ញាប័ណ្ណដែលអនុញ្ញាតឲ្យខ្លួនទទួលប្រាក់បញ្ញើពីអតិថិជនជាលើកដំបូង ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០១៦នេះ អម្រឹតមានសមតុល្យប្រាក់បញ្ញើសរុបប្រមាណ២១៤លានដុល្លារអាមេរិក និងបានផ្តល់ប្រាក់កម្ចីសរុបប្រមាណ៤៥០លានដុល្លារអាមេរិកដល់អតិថិជនរបស់ខ្លួន»។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានទីស្នាក់ការកណ្តាលនៅក្នុងរាជធានីភ្នំពេញ និងកំពុងផ្តល់ការងារដល់បុគ្គលិកជាង៣.៦០០នាក់ ដែលបម្រើការនៅក្នុងសាខាចំនួន១៣៨កន្លែងនៅទូទាំងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ