ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋត្អូញសំាងឡើងថ្លៃប៉ះពាល់ដល់ជីវភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ពិសេសអ្នកមានចំណូលតិច មានការត្អូញត្អែរអំពីការប៉ះពាល់ដល់ជីវភាពបណ្តាលមកពីប្រេង​សាំងឡើងថ្លៃ ដោយអះអាងថា ក្នុងសម័យកូវីដរកចំណូលមិនសូវបាន និងត្រូវធ្វើការចំណាយច្រើន ហើយត្រូវមកជួបបញ្ហាសាំងឡើងថ្លៃទៀត ។…

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ ពិសេសអ្នកមានចំណូលតិច មានការត្អូញត្អែរអំពីការប៉ះពាល់ដល់ជីវភាពបណ្តាលមកពីប្រេង​សាំងឡើងថ្លៃ ដោយអះអាងថា ក្នុងសម័យកូវីដរកចំណូលមិនសូវបាន និងត្រូវធ្វើការចំណាយច្រើន ហើយត្រូវមកជួបបញ្ហាសាំងឡើងថ្លៃទៀត ។

លោកពូ ភារក្ស អ្នករត់ម៉ូតូឌុបម្នាក់នៅខេត្តតាកែវ រៀបរាប់ពីទុក្ខលំបាក បណ្តាលមកពីសាំងឡើងថ្លៃថា ក្នុងសម័យកូវីដនេះរកលុយមិនបានទេ ព្រោះមិនសូវមានអ្នកជិះ ហើយពេលនេះថែមទាំងត្រូវចំណាយទៅលើការចាក់សាំងអស់ច្រើនទៀត ដែលធ្វើឱ្យជីវភាពរបស់គាត់ និងអ្នករត់ម៉ូតូឌុបដ៏ទៃទៀតកាន់តែលំបាក ។ លោកបន្តថា រត់ម៉ូតូបានលុយតិច ហើយគ្រាន់តែផាត់ថ្លៃសាំងជិតអស់ហើយ មិនសល់ឡើយ ។ «ក្នុងមួយថ្ងៃខ្ញុំរត់បានត្រឹមជាង ២ ម៉ឺនរៀលប៉ុណ្ណោះ ហើយគ្រាន់តែចាក់សាំងទៅវិញហ្នឹង ជាង ៨ ពាន់រៀលទៅហើយ គ្មានសល់ចំណេញប៉ុន្មានទេ ។ យើងដឹកគេនៅតែយកតម្លៃដូចមុនដដែល ប៉ុន្តែសាំងចេះតែឡើងថ្លែ» ។ លោក ភារក្ស ត្អូញ ។

កញ្ញា ទេពី ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានលើកឡើងថា ការឡើងថ្លៃសាំងបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ខ្លួន និងពលរដ្ឋដ៏ទៃទៀត ដោយ សារតែក្នុងបរិបទនេះ ពលរដ្ឋលុយមិនសូវបានដូចមុន ដូច្នេះហើយធ្វើឱ្យមានការខ្វះខាតក្នុងការធ្វើដំណើរ ។ កញ្ញាបន្តថា កាលពីមុនខ្លួនចំណាយទៅលើថ្លៃសាំងក្នុងមួយសប្តាហ៍អស់ត្រឹមជាង ១ ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែពេលនេះគឺអស់ច្រើន ។ កាលពីមុនពេលសាំងមិនទាន់ឡើងថ្លៃ ក្នុងមួយអាទិត្យយើងចំណាយចាក់សាំងអស់ត្រឹមជាង ១ ម៉ឺនរៀល ប៉ុន្តែអីឡូវក្នុងមួយអាទិត្យអស់ចូល ២ ម៉ឺនរៀល ហើយណាមួយកូវីដរកលុយមិនសូវបានទៀត ។

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២១ តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០ រៀលក្នុងមួយលីត្រ ដោយឡែកប្រេងសាំងម៉ាស៊ូតគឺមានតម្លៃ ៤,០០០ រៀលក្នុងមួយលីត្រ ។ នេះជាការកំណត់ថ្លៃរបស់ករសួងពាណិជ្ជកម្ម ប៉ុន្តែសម្រាប់ប្រេងសំាងស៊ូពែគេឃើញលក់ក្នុងតម្លៃខ្ពស់ ៤ ៨៥០ ក្នុងមូយលីត្រ ។ មន្រ្តីតែងតែលើកឡើងថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាឡើង ឬចុះអាស្រ័យលើថ្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ។

យុវជន រ៉ា ឡុងអឺ ដែលកំពុងបន្តការសិក្សានៅភ្នំពេញ បានលើកឡើងថា សាំងឡើងថ្លៃនេះ គឺពិតជាបង្កផលអវិជ្ជមានខ្លាំងដល់ខ្លួន ។ និស្សិតរូបនេះនិយាយថា ដោយសារតែខ្លួនប្រកបការងារជាអ្នកលក់ចល័តឱ្យក្រុមហ៊ុនផងនោះ ដូច្នេះត្រូវការជិះម៉ូតូសឹងតែគ្រប់ពេលវេលា ដើម្បីទៅជួបជាមួយអតិថិជនគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងត្រូវចាក់សាំងច្រើនផងដែរ ។ ម៉្យាងវិញទៀតដោយសារកូវីដរកអតិថិជនមិនសូវបាន ចំណែកឯការចំណាយទៅលើថ្លៃសាំងក៏អស់ច្រើនទៀត ហើយណាមួយខ្លួនត្រូវផ្គត់ផ្គង់ការសិក្សាផង ។ និយាយទៅសាំងឡើងថ្លៃវាពិបាកមែនទែន ដោយសារកូវីដយើងរកអតិថិជនមិនសូវបាន ចំណែកប្រាក់ខែក៏មិនបានច្រើនទៀត ហើយប្រាក់ខែគ្រាន់តែយកមកទប់ទល់ថ្លៃសាំង មិនសល់បានប៉ុន្មានទេ ។ កាលពីមុនក្នុងរយៈពេលបីថ្ងៃ ខ្ញុំចាក់ម្តងអស់ត្រឹម ១២០០០ រៀល ទៅ ១៣០០ រៀល ។ តែឥឡូវចាក់ម្តងអស់រហូតដល់ ១៦០០០ រៀល ទៅ ១៧០០០ រៀល ៕ ដោយ ៖ លាក់ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ