ខេត្តសៀមរាប៖ ពលរដ្ឋពីរនាក់ប្តីប្រពន្ធ ដែលមានឈ្មោះ តាំង អៀង ភេទប្រុស អាយុ៤៣ឆ្នាំ និងឈ្មោះ ជា មួយ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ដែលមានលិខិតកាន់កាប់ដីធ្លីទំហំ២០ម៉ែត្រគុណ៣០ម៉ែត្រ ចេញដោយអាជ្ញាធរលោក ហ៊ុយ ហួន ចៅសង្កាត់គោកចក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ជាភស្តុតាងបញ្ជាក់ពីប្លង់កាំសិទ្ធិរបស់គាត់។
ដីនេះមានទីតាំងស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអង្គភាពមណ្ឌល៤ រឹបអូសយកបន្ទាប់ពីពួកគាត់បានអនុញ្ញាតិឱ្យអង្គភាពមួយនេះ កសាងស្នាក់ការប្រើប្រាស់លើដីរបស់គាត់ជាបណ្តោះអាសន្ន។ លិខិតដែលជាប់នឹងខ្លួនប្រជាពលរដ្ឋពីរនាក់ប្តីប្រពន្ធជាភស្តុតាងនោះ ត្រូវបានបញ្ជាក់ និងចេញដោយលោក ហ៊ុយ ហួន ចៅសង្កាត់គោកចក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលអះអាងថា ដីនោះជាដីរបស់លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ត្រូវបានប្រគល់ឱ្យលោក ដុម ហាក់ នៅឆ្នាំ២០០៧ ហើយលោកបានប្រគល់ដីមួយចំណែកនេះឱ្យទៅឈ្មោះ តាំង អៀង ដែលមានទំហំ២០ម៉ែត្រគុ៣០ម៉ែត្រ ស្មើនឹង៦០០ម៉ែត្រក្រឡា លើទំហំផ្ទៃដីរួម៦១២៨ម៉ែត្រក្រឡា។
ចំណែកលិខិតមួយច្បាប់ទៀត គឺជាលិខិតសំណើរ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីសុំទីតាំងដីនោះមកវិញ។ ក្នុងលិខិតនោះ ភាគីម្ចាស់ដីព្រមប្រគល់លុយចំនួន៣.៥០០ដុល្លារ ជាតម្លៃសំណងអគារស្នាក់ការដែលបានសាងសង់លើដីនោះ។ ហើយលុយចំនួន៣.៥០០ដុល្លានោះ គឺលោកវរសេនីយត្រី តាន់ ហ៊ុយហួត ជាអ្នកទទួលដោយមានចុះហត្ថលេខាដោយលោកវរសេនីយឯក ប្រាក់ ហឿន អតីតនាយមណ្ឌល៤។ជុំវិញករណីនេះដែរលោក តាំង អៀង និងប្រពន្ធ ឈ្មោះ ជា មួយ បានរៀបរាប់ឱ្យដឹងថា ចាប់តាំងពីភាគី (អង្គភាពមណ្ឌល) បានព្រមព្រៀងទទួលយកលុយថ្លៃសំណងរុះរើអគារស្នាក់ការខាងលើរហូតមកដល់បច្ចុប្បន្ននេះ ខាងមណ្ឌល៤ មិនទាន់បានប្រគល់ដីឱ្យពួកគាត់វិញឡើយ រីឯលុយថ្លៃសំណងរុះរើអគារក៏ពួកគេយកអស់ដែរ មិនមានមន្ត្រីយោធាមួយណាចេញមុខដោះស្រាយឱ្យពួកគាត់នោះឡើយ។
ពលរដ្ឋ២នាក់ប្តីប្រពន្ធបានរៀបរាប់បន្តថា កន្លងមកពួកគាត់បានឮដំណឹងថា មាននាយឧត្តមសេនីយ៍ មាស សុភា ចេញមុខដោះស្រាយ ប៉ុន្តែដំណឹងនេះក៏បានបាត់ទៅវិញដែរ រហូតមកដល់ពេលនេះតែម្ដង។ ជុំវិញបញ្ហាខាងលើនេះ ឧត្តមសេនីយ៍ទោ កែវ មាស នាយរងសេនាធិការកងទ័ពជើងគោក និងជានាយការិយាល័យទី២ បានប្រាប់តាមទូរស័ព្ទ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះថា បើសិនជាលោក តាំង អៀង និងប្រពន្ធឈ្មោះ គាត់ ចង់បានដីស្នាក់ការអង្គភាពមណ្ឌល៤ ខាងលើ សូមធ្វើលិខិតបញ្ជាក់ពីលោក ដុម ហាក់ ទើបអង្គភាពប្រគល់ឱ្យវិញ។
ជុំវិញករណីខាងលើនេះលោក តាន់ ហ៊ុយ ហួត មេស្នាក់ការសៀមរាប (ចំណុះមណ្ឌល៤) បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះថា ករណីនេះលោកបានដឹងដែរ តែបើចង់ដឹងច្បាស់សូមសួរទៅលោកប្រធានមណ្ឌល៤ចាស់ទៅ ទើបដឹងរឿងទាំងនោះច្បាស់ជាង។ ចំណែកលោក ប្រាក់ ហឿន ប្រធានមណ្ឌល៤ចាស់ ដែលត្រូវបានផ្លាស់ប្តូរទៅកាន់រងការិយាល័យទី២ប្រចាំទិសភូមិភាគ២ បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះថា ដីនេះពីមុនគឺជាដីរបស់លោក ដុម ហាក់ ដែលបានឱ្យខាងមណ្ឌល៤ខ្ចី យកមកធ្វើស្នាក់ការរាល់ថ្ងៃ ហើយដីនេះមានបងប្អូនរស់នៅរាល់ថ្ងៃ ពីខាងត្បូង៣គ្រួសារ និងពីខាងជើង៣គ្រួសារ។
លោកបន្តថា លោកបានមកធ្វើជាប្រធានមណ្ឌល៤តាំងពីអំឡុងឆ្នាំ២០០៥មកដល់២០១៥ ទើបមានបញ្ហាដោយសារលោក ដុម ហាក់ បានប្រគល់ដីទាំងនេះឱ្យមកប្រជាពលរដ្ឋ រួចពួកគាត់ក៏បានមកបោះរបងតាំងពីជាង១០ឆ្នាំមុនមកម្ល៉េះ។ លោកបានបញ្ជាក់ទៀតថា លុយចំនួន៣.៥០០ដុល្លានេះ លោកមិនបានដឹងរឿងទេ ព្រោះលោក តាន់ ហ៊ុយ ហួត មេស្នាក់ការជាអ្នកយកលុយនោះ ហើយថែមទាំងបានយកឯកសារមកឱ្យលោកចុះហត្ថលេខា ប៉ុន្តែករណីក្នុងរឿងនេះលោកក៏បានចូលរួមខុសនឹងគេដែរ ព្រោះលោកជឿទៅតាមឯកសារទាំងអស់ លោកបានរាយការណ៍ និងធ្វើឯកសារប្រគល់ឱ្យថ្នាក់លើចាត់ចែងអស់ហើយ ដូច្នេះលោកមិនបានដឹងពីរឿងនេះទៀតទេ។ លោក គុយ សុវ៉ាត ប្រធានមណ្ឌល៤ថ្មី ដែលបានតែងតាំងកាលពីពេលកន្លងទៅ បានប្រាប់កោះសន្តិភាពនៅវេលាម៉ោង៤រសៀលនេះថា ចំពោះករណីខាងលើនោះលោកក៏បានដឹងដែរ ប៉ុន្តែរឿងលុយ និងការដោះដូរដីទាំងអស់នេះ លោកមិនបានដឹងអស់ទេ ព្រោះនេះជារឿងអ្នកមុន លោកត្រឹមតែបានទទួលឯកសារទុកតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ