រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា ក្មេងប្រុសម្នាក់បានរអិលធ្លាក់ចូកទឹកទន្លេលិចបាត់ ខណៈចុះលាងដៃក្នុងទឹកទន្លេក្រោយវត្តបាក់ខែង ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៣ មីនា ២០១៦ ស្ថិតក្រោយវត្តបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ។ ក្មេងប្រុសរងគ្រោះឈ្មោះ ឯ ភក្តី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ C1 នៃវិទ្យាល័យព្រែកលៀប មានទីលំនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានដើរលេងជាមួយមិត្តភក្តិ៤នាក់(ប្រុសម្នាក់) ពេលនោះ ឯ ភក្តី ក៍បានដើរចុះចំណោតទៅទឹកទន្លេក្នុងបំណងលាងដៃ ប៉ុន្តែជាអកុសលស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តង ។ មកដល់វេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃពុធដដែលនេះ សពមិនទាន់ត្រូវបានរាវរកឃើញនៅឡើយទេ ៕
ចែករំលែកព័តមាននេះ