រាជធានីភ្នំពេញ ៖ ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថា កីឡាករ៤រូបបានបង្ហាញនូវការត្រៀមខ្លួនប្រកបដោយការតាំងចិត្តខ្ពស់បំផុតដើម្បីដណ្ដើមកៅអីជាន់ឡើងវគ្គផ្ដាច់ព្រ័ត្រយកពានជើងឯក មុនពេលជួបគ្នានៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥នាថ្ងៃអាទិត្យ ទី២៧ មីនា ចុងសប្ដាហ៍នេះ ។ ហេតុផលនៃការត្រៀមខ្លួន គឺដោយសារតែអ្នកទាំង៤សុទ្ធតែចង់បានពានជើងឯក បើទោះជាកីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវគេចាត់ទុកថាទំនងជាមានអាទិភាពជាងគេនោះក៏ដោយ ។
ក្នុងប៉ុន្មានថ្ងៃនេះ គេឃើញស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានជួបសម្ភាសន៍ និងចុះថតផ្ទាល់ពីសកម្មភាពហ្វឹកហាត់របស់បេក្ខភាព៤រូបចុងក្រោយនៅក្នុងព្រឹត្តិការណ៍«Tiffy Super Fight» យ៉ាងខ្លាំងក្លា ដោយកីឡាករម្នាក់ៗក្រៅពីស្ដែងឱ្យឃើញនូវសកម្មភាពប្រយ័ត្នប្រយែងក្នុងការត្រៀមទុក ក៏បានបង្ហាញជំហរត្រូវតែឈ្នះដើម្បីទទួលបានកៅអីផ្ដាច់ព្រ័ត្រឡើងជាន់យកពានជើងឯកនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ កីឡាករទាំង៤រូបនោះរួមមាន ជើងខ្លាំង ពេជ្រ ម្ទេសខ្មាំង មកពីក្លិបអារុណរះកីឡា, កីឡាករ យិន បូរិន មកពីក្លិបអាស៊ីកីឡា, កីឡាករ ចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យ និងកីឡាករ ឡូញ វ៉ាន់ឌី មកពីក្លិបប្រដាល់ពន្លឺវិបុលរិទ្ធី ។ នៅល្ងាចថ្ងៃអាទិត្យចុងសប្ដាហ៍នេះ អ្នកទាំង៤រូបនឹងជួបប្រកួតគ្នាដោយអ្នកឈ្នះ២រូបនឹងបានបន្តឡើងទៅប្រកួតដណ្ដើមយកពានជើងឯក និងអ្នកចាញ់បានត្រឹមប្រកួតដណ្ដើមយកលេខ៣ ។
អីុចឹងហើយទើបគេឃើញកីឡាករទាំង៤រូបសុទ្ធតែបានបង្ហាញនូវការត្រៀមខ្លួនដើម្បីទទួលបានជ័យជម្នះ បើទោះជាការប្រកួតមួយនេះពួកគេប្រឹងប្រែងរៀងខ្លួនប៉ុនណា ក៏មានតែម្នាក់ប៉ុណ្ណោះនឹងកាន់ពានជើងឯក ដែលមានន័យថាមិនអាចកាន់ពានលេខ១បានទាំងអស់គ្នាទេ ។ យ៉ាងណាក៏ដោយគេកត់សម្គាល់ថា កីឡាករដែលឈ្នះសម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យនៅសង្វៀនជ្រោយចង្វាប៉ុស្ដិ៍លេខ៥នោះ ទំនងជាត្រូវចំណាយកម្លាំង និងប្រឹងប្រកួតប្ដូរខ្លាំងណាស់ក្នុងពេលដែលកីឡាករម្នាក់ៗសុទ្ធតែមានមហិច្ឆតាបែបនេះ ។
កីឡាករ ពេជ្រ ម្ទេសខ្មាំង នឹងជួបប្រកួតជាមួយកីឡាករ យិន បូរិន ដើម្បីទម្លាក់ម្នាក់ចោលឆ្ពោះទៅកាន់តំណែងប្រកួតយកជើងឯក។ រវាង២នាក់នេះ បើផ្អែកតាមភាពជាក់ស្ដែងកីឡាករ ពេជ្រ ម្ទេសខ្មាំង មានសន្ទុះខ្លាំងជាង ដោយសារតែការប្រកួតកន្លងមកគឺកីឡាករវ័យក្មេងរូបនេះ ធ្វើឲ្យអ្នកតាមដានការប្រកួតភាគច្រើនជក់ចិត្តដិតអារម្មណ៍ និងទទួលស្គាល់រួចទៅហើយ ។ បើមិនគិតរឿងត្រៀមទុករបស់កីឡាករ យិន បូរិន កីឡាករម្ខាងទៀតហាក់ដូចជាមានអ្នកទុកចិត្តច្រើន ជាពិសេសលើសមត្ថភាពកែង ម៉ាត់ និងទាត់របស់កីឡាកររូបនេះល្អដាច់ជាង ។ ពេជ្រ ម្ទេសខ្មាំង គឺជាកីឡាករដែលមានអ្នកទុកចិត្តជាងគេក្នុងចំណោមបេក្ខភាពទាំង៤រូបដែលមានមុខឡើងប្រកួតនៅថ្ងៃអាទិត្យនេះ ។ ប៉ុន្តែមិនមានន័យថា អ្នកមានក្រេឌីតល្អនឹងទទួលបានជោគជ័យ១០០%នោះទេ ដោយសារតែការប្រកួតប្រដាល់ក៏ត្រូវផ្អែកលើភាពហេងស៊យ និងសំណាងផងដែរ ។ ជួនកាលកីឡាករខ្លះមានសមត្ថភាពគួរឲ្យកត់សម្គាល់ ប៉ុន្តែដោយសារតែគូប្រកួតប្រកួតប្ដូរ ក៏ធ្វើឲ្យកីឡាករជើងខ្លាំងនោះសន្លប់បាត់មាត់ឈឹង ។

គ្រូបង្វឹករបស់ពេជ្រ ម្ទេសខ្មាំង មិនជឿលើភាពភ្លាត់ស្នៀតរបស់កូនសិស្សនោះទេ ដោយផ្អែកថា កីឡាកររូបនេះ បើទោះជាវាយរហ័ស និងពេលខ្លះក៏មានការសម្រុកខ្លាំង ប៉ុន្តែគេអាចទប់ជាប់នូវភាពភ្លាត់ស្នៀតនៅលើសង្វៀនជាមួយកីឡាករល្អៗបាន។ ម្យ៉ាងកីឡាកររូបនេះ បើនិយាយពីស្នាដៃ និងភាពលេចធ្លោនាពេលចុងក្រោយក៏លោតខ្លាំងក្នុងអារម្មណ៍មហាជនផងដែរ ។ យ៉ាងណាមិញ កីឡាករ យិន បូរិន ក៏មិនមែនជើងថ្មីនោះទេ គឺគេខ្លាំង និងល្បីឈ្មោះយូរមកហើយ ដោយអាចចាត់ទុកថា ជារៀមច្បងរបស់ពេជ្រ ម្ទេសខ្មាំង នោះផងដែរ ថ្វីដ្បិតតែការប្រកួតរបស់គេក្នុងប៉ុន្មានឆ្នាំចុងក្រោយហាក់ស្ទក់ និងមិនសូវខ្លាំងដូចមុន ។
នៅថ្ងៃអាទិត្យនោះដែរ កីឡាករ ចាន់ គង់រាជ នឹងត្រូវប្រកួតជម្រុះជាមួយកីឡាករ ឡូញ វ៉ាន់ឌី ដើម្បីយកម្នាក់ឡើង និងកំណត់ឲ្យម្នាក់ធ្លាក់ចេញពីឱកាសឡើងទៅប្រកួតដណ្ដើមពានជើងឯកផងដែរ ។ រវាងអ្នកទាំងពីរសុទ្ធតែនៅក្មេង និងមានបច្ចេកទេសវាយរហ័សដូចគ្នា ហើយបើវិភាគពីការត្រៀមខ្លួនរបស់ពួកគេក៏មើលទៅច្បាស់លាស់ណាស់ដែរ ។ យ៉ាងណាក៏ដោយកីឡាករ ចាន់ គង់រាជ ដូចជាមានអ្នកទុកចិត្តជាងបន្តិច ដោយសារតែក្រៅពីច្បាស់កែង ម៉ាត់ និងជង្គង់ ក៏មើលទៅរហ័សមិនធម្មតាផងដែរ។ គូនេះនឹងមានម្នាក់ឡើងទៅជួបពេជ្រ ម្ទេសខ្មាំង ឬយិន បូរិន ដោយលទ្ធផលរបស់ពួកគេគឺទោះអ្នកណាឈានឡើងក៏ពិតជាទ្រមខ្លួនដោយជៀសមិនផុត ។
លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំនៅប៉ុស្ដិ៍លេខ៥បានអះអាងថា ផ្អែកតាមការផ្ដល់ដំណឹងរបស់ក្រុមការងារ និងប្រធានក្លិបរបស់កីឡាករទាំង៤រូប គឺបេក្ខភាពដែលត្រូវប្រកួតគ្នាសម្រាប់ព្រឹត្តិករណ៍ «Tiffy Super Fight» នៅថ្ងៃអាទិត្យនេះ សុទ្ធតែបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ដូចគ្នាទាំងអស់ ។ លោកពេញចិត្តចំពោះដំណឹងដែលបានបញ្ជាក់ប្រាប់នេះខ្លាំងណាស់ ដើម្បីឲ្យ៣ទឹកសម្រាប់ការប្រកួតរបស់អ្នកទាំង៤អាចកន្ត្រាក់អារម្មណ៍អ្នកទស្សនាឱ្យជក់ចិត្តនឹងការប្រកួតទាំងមូលបាន ។ លោកថា កីឡាករទាំង៤រូប ពិតជាត្រូវការឈ្នះដោយសារតែទម្រាំឡើងអង្គុយកៅអី៤នាក់ចុងក្រោយ គឺបានឆ្លងកាត់ការប្រកួតក្នុងចំណោមកីឡាករសរុបរហូតដល់៣២រូបតាំងពីដើមកម្មវិធី ។ លោកថា អ្នកទាំង៤បើចាញ់មួយលើកនេះ ក៏មិនធ្លាក់ហាលអាវដូចមុនទៀតដែរ ដោយគ្រាន់តែបាត់ឱកាសដណ្ដើមយកជើងឯកដែលជាបំណងប្រាថ្នារបស់ខ្លួនប៉ុណ្ណោះ ។ អ្នកឈ្នះនឹងបោះជំហានឡើងប្រកួតយកពានជើងឯក ហើយអ្នកចាញ់នឹងត្រូវប្រកួតយកលេខ៣នៅសប្ដាហ៍បន្តបន្ទាប់ ។
ក្នុងនោះចំណាត់ថ្នាក់លេខ១លោកថាទទួលបានពានធំមួយ ថវិកា៤ពាន់ដុល្លារ ។ លេខ២ទទួលបាន២ពាន់ដុល្លារ, លេខ៣ទទួលបាន៧៥០ដុល្លារ អមដោយពានកិត្តិយសមួយ និងចំណាត់ថ្នាក់លេខ៤ទទួលបានតែ៥០០ដុល្លារប៉ុណ្ណោះ ជាការលើកទឹកចិត្ត ។ លោកមិនហ៊ានរំពឹងថា អ្នកណាទំនងនឹងឈ្នះពាន១០០%នោះទេ ក្នុងពេលដែលកីឡាករទាំង៤រូបសុទ្ធតែមានប្រវត្តិល្អនាពេលកន្លងមក ហើយក៏ប្រកាសពីការត្រៀមខ្លួនដូចៗគ្នាបែបនេះ ៕
ចែករំលែកព័តមាននេះ