ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដរោងចក្របិទ ងាកមកលក់ផ្លែដូងខ្ចីចិញ្ចឹមជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ហ៊ីង នាថ ជាអតីតកម្មកររោងចក្រកាត់ដេរម្នាក់ ។ លោកថា កំលុងពេលផ្ទុះជំងឺកូវីដ ១៩…

រាជធានីភ្នំពេញ ៖ លោក ហ៊ីង នាថ ជាអតីតកម្មកររោងចក្រកាត់ដេរម្នាក់ ។ លោកថា កំលុងពេលផ្ទុះជំងឺកូវីដ ១៩ រោងចក្ររបស់លោកបានបិទទ្វារធ្វើឲ្យគាត់បាត់បង់ចំណូល ដូច្នេះលោកបានសម្រេចចិត្តដើរលក់ផ្លែដូង ទោះបីសព្វថ្ងៃនេះមានអ្នកលក់ដូងខ្ចីច្រើនស្ទើរតែគ្រប់ទីកន្លែងយ៉ាងណាក្តី ។ ជារៀងរាល់ថ្ងៃលោកដឹកដូងខ្ចីតាមរឺម៉ក់ដើរលក់គ្រប់ទីកន្លែង ។ ទោះបីជាចំណូលដែលទទួលបានមកពីមុខរបរមួយនេះពេលខ្លះបានតិច និងពេលខ្លះទៀតច្រើនពុំទៀងទាត់ក៏ដោយ តែវាបានជួយសម្រាលការងារលំបាកក្នុងគ្រួសារនៅពេលរោងចក្របិទទ្វារ ។

បុរសវ័យ ៤០ ឆ្នាំរូបនេះបានប្រាប់ថា ផ្លែដូងដែលគាត់ដឹកលក់នេះបានទៅទិញពីខេត្តកំពតដោយខ្លួនឯងផ្ទាល់ គឺដើរទិញតាមផ្ទះអ្នកភូមិ និងជួលឲ្យអ្នកភូមិដែលមានជំនាញខាងឡើងដើមដូងឲ្យឡើងបេះឲ្យ ។ អ្នកឡើងដើមដូងបានទារថ្លៃឈ្នួលឡើងបេះក្នុងផ្លែដូង ១ ឡូត៌ថ្លៃ ១៨,០០០ រៀល ហើយក្រោយទិញបានពេញ ១ រ៉ឺម៉ក ទើបលោកដឹកដើរលក់នៅក្នុងភូមិសាស្រ្តសង្កាត់កំបូល ខណ្ឌកំបូល ។ «ក្រោយទិញបានខ្ញូំ តែងតែឈប់សំចតលក់នៅតាមផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដែលកំពុងសាងសង់ ។ ដូង ១ ផ្លែខ្ញុំអាចលក់បាន ៣ ពាន់រៀល មានទាំងដូងស្រស់់ និងដាក់ក្លាសេត្រជាក់ៗ» ។

លោក ហ៊ីង នាថ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សព្វថ្ងៃបានមកស្នាក់នៅផ្ទះជួលស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ជាយរាជធានីភ្នំពេញ ។ ប្រពន្ធរបស់លោកបន្តធ្វើជាកម្មការិនីរោងចក្រកាត់ដេរ ដើម្បីបានចំណូលផ្សំគ្នាសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារដែលមានកូនស្រីម្នាក់ ។ លោកបានរៀបរាប់ប្រាប់ឲ្យដឹងទៀតថា លោកបានចាកចេញពីស្រុកកំណើតមករស់នៅភ្នំពេញច្រើនឆ្នាំមកហើយ ដោយមុនដំបូងលោកក៏បានធ្វើជាកម្មកររោងចក្រកាត់ដេរដែរ ។ ប៉ុន្តែដោយសារតែបញ្ហាការរាតត្បាតនៃជម្ងឺកូវីដ ១៩ រោងចក្របានផ្អាកដំណើរការ ទើបលោកគ្មានការងារធ្វើ ហើយដើម្បីរកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារនោះ លោកក៏ងាកមកលក់ដូងខ្ចីនេះវិញ ដែលមានរយៈពេលប្រមាណ ៣ ខែហើយ ។ ក្នុងមួយអាទិត្យលោកឡើងទៅទិញដូងនៅខេត្តកំពតម្តង ។ លោកថា របរលក់ដូងខ្ចីនេះ ជាមធ្យមក្នុងមួយសប្តាហ៍លោកអាចរកប្រាក់ចំណេញបាន ១០ ម៉ឺនរៀលដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ