ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​សង្ឃឹម​មាន​អ្នកចូលរួម​ច្រើន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​សង្ឃឹម​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ច្រើន​ជាង​មុន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​នេះ​សង្ឃឹម​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ច្រើន​ជាង​មុន ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ក្នុង​ឱកាស​ធ្វើ​សន្និសីទកាសែត​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ថ្ងៃ​ទី​២២ មីនា កន្លង​មកនេះ ។

លោក វ៉ា​ត់ ចំរើន បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួត​ឆ្នាំ​នេះ​មានការ​បើក​ទូលាយ​ដូច​ឆ្នាំ​មុន អ្នក​ណា​ក៏​អាច​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​ដែរ ទាំង​អ្នក​អាជីព​ឬ​មិន​អាជីព​នៅ​ទូ​ទាំង​រាជធានី​-​ខេត្ត ។ រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ជាង​៦០​នាក់​ហើយ​។ ទោះបីជា​ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត​នឹង​ត្រូវ​បិទ​នៅ​ត្រឹម​ថ្ងៃ​ទី​១ មេ​សា មែន ក៏​លោក​សង្ឃឹមថា រហូត​ដល់​ពេល​នោះ​នឹង​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​លើស​ពី​១០០​នាក់​។​សម្រាប់​ការ​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​តម្រូវ​ឱ្យ​បង់ប្រាក់​វិភាគទាន​តែ​៥០០០​រៀល​ប៉ុណ្ណោះ​ក្នុង​ម្នាក់ ខណៈ​ប្រាក់​រង្វាន់​ជាបឋម​នេះ​លេខ​១​ទទួល​បាន​១២​លាន​រៀល លេខ​២​ទទួល​បាន​៨​លាន​រៀល និង​លេខ​៣​ទទួល​បាន​៤​លាន​រៀល​។ ការ​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៨ មេ​សា ឆ្នាំ​២០១៦ ហើយ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ មេ​សា នៅ​មុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។ ការ​ប្រកួត​វគ្គ​ជម្រុះ​ដំបូង​យក​តែ​៨​នាក់​ប៉ុណ្ណោះ​សម្រាប់​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត​នៅ​ខេត្តសៀមរាប ដើម្បី​ស្វែងរក​តំណែង​ស្ដេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ប្រចាំឆ្នាំ​២០១៦ ។

លោក វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​កីឡា​អុកចត្រង្គ​កាន់តែ​ច្រើន​ឡើង​ៗ ខណៈ​កីឡា​មួយ​នេះ​កំពុង​មាន​សកម្មភាព​ផុសផុល​ក្នុង​ស្រទាប់​មហាជន ។ ម្យ៉ាងវិញទៀត ដើម្បី​ឱ្យ​ល្បែង​អុក​មួយ​នេះ​ប្រែ​ក្លាយជា​ប្រភេទ​កីឡា​អុក​វិញ​នោះ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ខិតខំ​ចងក្រង​ឱ្យ​មាន​ក្បួនច្បាប់​ត្រឹមត្រូវ ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​ផែនការមេ​សម្រាប់​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

លោក​បាន​លើក​ឡើង​អំពី​ប្រវត្តិ​កីឡា​អុកចត្រង្គ​របស់​ខ្មែរ​យើង​ផង​ដែរ​ថា ក្បួន​អុក​របស់​ខ្មែរ​យើង​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា​ដែល​មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មក​ហើយ  និង​ត្រូវ​បាន​ខ្មែរ​យើង​យក​មក​បំ​លែង​ឱ្យទៅ​ជា​របស់​ខ្មែរ ។ អុក​របស់​ខ្មែរ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​អុក​បរទេស​ត្រង់​ក្បាច់​ដើរ​របស់​អុក​ខ្មែរ​មាន​លក្ខណៈ​ស៊ីជម្រៅ​ជាង ។ លោក​បានឱ្យ​ដឹង​ទៀត​ថា នៅ​ប្រទេស​គេ កីឡា​អុក​នេះ​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សិស្ស​ថ្នាក់ម​ត្តេ​យ្យ ព្រោះថា​បើកាលណា​គេ​ចេះ​លេងអុក គឺ​គេ​ចេះ​គិត​ពិចារណា​យ៉ាង​ខ្លាំង​មុន​នឹង​ធ្វើ​អ្វីមួយ ។ ម្យ៉ាងវិញទៀត កាលណា​ក្មេង​ចេះ​លេង​មើលទៅ​ប្រៀប​បាន​នឹង​មនុស្ស​អាយុ​២០​ឆ្នាំ​អ​ញ្ចឹ​ង​ដែរ​។ ក្បួន​អុក​មិន​ខុស​ពី​ក្បួន​ធ្វើសង្គ្រាម​ឡើយ ដែល​កាលពី​សម័យ​មុន មេទ័ព​ខ្មែរ​យើង​បាន​យក​ក្បាច់​ក្រឡា​អុក​ទៅ​រៀបចំ​កងទ័ព​ធ្វើសឹក​សង្គ្រាម​ជាមួយ​សត្រូវ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ៕