ខេត្តព្រៃវែង ៖ ក្មេងប្រុសម្នាក់ស្លាប់យ៉ាងអណោចអធ័មនៅក្នុងភក់ ដោយសារតែរូបគេតខ្សែភ្លើងទៅឆក់អន្ទង់ តែភ្លាត់ស្នៀតឆក់ស្លាប់ទាំងខ្លួនឯងទៅវិញ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី២២ មីនា ស្ថិតនៅចំណុចក្នុងស្រះទឹកខាងក្រោយផ្ទះចម្ងាយ៥០ម៉ែត្រ ក្នុងភូមិវាល ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ក្មេងប្រុសដែលស្លាប់ឈ្មោះគីម កុង អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។
បើតាមប្រភពម្តាយបានឱ្យដឹងថា នៅព្រឹកកើតហេតុនោះ ក្រោយពេលដែលគាត់មកពីផ្សារវិញ បាត់កូនមិនឃើញនៅផ្ទះទេ គាត់ក៏ឡើងរកមើលលើផ្ទះ ស្រាប់តែឃើញខ្សែភ្លើងតចេញពីព្រីភ្លើងចុះទៅក្រោម គាត់ក៏សង្ស័យបានដើរតាមខ្សែនោះ ស្រាប់តែឃើញកូនប្រុសដេកផ្កាប់មុខក្នុងភក់ល្បាប់នៅក្នុងស្រះស្លាប់បាត់ទៅហើយ ។ គាត់បានស្រែកផ្អើលឆោឡោ ហៅអ្នកស្រុកឱ្យមកជួយ និងទាក់ទងទៅរថយន្តសង្គ្រោះទៅដឹកកូនប្រុសទៅមន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ ត្រូវគ្រូពេទ្យប្រាប់ថា កូនបានស្លាប់បាត់ទៅ
ហើយ ។
ដោយឡែក ខាងសមត្ថកិច្ចក៏បានឱ្យដឹងផងដែរថា បើយោងតាមការពិនិត្យទីតាំងកើតហេតុ ក្មេងប្រុសរងគ្រោះបានយកខ្សែភ្លើងតភ្លើងចេញពីក្នុងផ្ទះ ភ្ជាប់ជាមួយដែក២សរសៃចុះទៅឆក់អន្ទង់នៅក្នុងស្រះ ដែលទើបតែបាចចាប់ត្រីអស់កាលពីប៉ុន្មានថ្ងៃមុន ។ ហើយពេលចុះឆក់អន្ទង់នោះ ទំនងជាមានអន្ទង់ប្រកាច់រើចេញពីក្នុងភក់ ទើបក្មេងប្រុសស្ទុះលោតទៅចាប់ ហើយក៏ត្រូវចរន្តភ្លើង ដែលឆក់អន្ទង់នោះ ឆក់ទាំងមនុស្សដួលផ្កាប់មុខទៅក្នុងភក់ល្បាប់តែម្តងទៅ ។ ភ្លាមៗនោះ មិនមានអ្នកឃើញជួយទាន់ ទើបធ្វើឱ្យចរន្តភ្លើងឆក់កុមាររងគ្រោះរហូតស្លាប់បាត់បង់ជីវិតតែម្តង ។
ចែករំលែកព័តមាននេះ