រាជធានីភ្នំពេញ ៖ នៅក្នុងឆ្នាំ២០១៥កន្លងមក សហគ្រាសខ្នាតតូចនិងមធ្យម (SMEs) អាចទាញយកចំណូលពីវិស័យទេសចរណ៍បានប្រមាណ១.៩០០លានដុល្លារអាមេរិក។ នេះបើតាមលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងជាសហប្រធានផ្នែកឯកជននៃក្រុមការងារផ្នែកកម្មន្ដសាល សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម បានបញ្ជាក់នៅក្នុងពិធីបុណ្យទន្លេលើកទី២ ឆ្នាំ២០១៦ កាលពីពេលកន្លងមក ។
លោកឧកញ៉ាបន្តថា ៖ « លំហូរថវិកានេះ នឹងជាប្រយោជន៍ផ្ទាល់ពីវិស័យទេសចរណ៍មកលើសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) ប៉ុន្តែសហគ្រាសធុនតូចនិងមធ្យម ក៏នៅទទួលបានផលប្រយោជន៍មិនផ្ទាល់ផងដែរ ដូចជាការផ្សាយពាណិជ្ជកម្មផលិតផលខ្មែរ និងការពង្រីកទីផ្សារស្វែងរកវិនិយោគថ្មីៗ ជាដើម » ។
លោកឧកញ៉ាក៏បានសម្តែងនូវកោត សរសើរ ចំពោះក្រសួងទេសចរណ៍ ដែលបានរៀបចំឲ្យមានព្រឹត្តិការណ៍បុណ្យទន្លេជាថ្មីម្តងទៀត និងបានផ្តល់ឱកាសដល់ផលិតករ និងពាណិជ្ជករបានចូលរួមតាំងបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងពិធីបុណ្យដ៏មានសារសំខាន់មួយនេះ ។ តាមរយៈការដាក់តាំងបង្ហាញនូវទំនិញ នំចំណី ភេសជ្ជៈ និងសម្ភារជាច្រើនប្រភេទនេះ នឹងរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់ផលិតភាព និងសហគ្រិនភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យកាន់តែមានភាពរឹងមាំមួយកម្រិតទៀត ។
ទោះជាយ៉ាងណា លោក តែ តាំងប៉ បានបញ្ជាក់ថា ៖ « អ្វីដែលសហគ្រាសធុនតូចនិងមធ្យមអាចរកចំណូលបានពីភ្ញៀវទេសចរ គឺបានតាមរយៈការចំណាយលើការស្នាក់នៅ ចំណីអាហារ និងទិញវត្ថុអនុស្សាវរីយ៍ ដែលភ្ញៀវទេសចរម្នាក់ៗត្រូវចំណាយប្រហែល៣៩៨ដុល្លារអាមេរិក ។ កត្តាទាំងនេះ គឺជាឱកាសសម្រាប់សហគ្រាសធុនតូចនិងមធ្យមអាចពង្រឹងការផលិតឲ្យកាន់តែច្រើន និងមានគុណភាពល្អ ដើម្បីបំពេញតម្រូវការភ្ញៀវជាតិ និងអន្តរជាតិ » ។
យោងតាមរបាយការណ៍៍ក្រសួងឧស្សា-ហកម្ម និងសិប្បកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០១៥ ចំនួនសហគ្រាសធុនតូច និងមធ្យម ផ្នែកកម្មន្តសាលនៅទូទាំងប្រទេស ដែលបានចុះបញ្ជីដំណើរការអាជីវកម្មស្របច្បាប់នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានចំនួន៣៨.៨៣១មូលដ្ឋាន កើនឡើង៣៧២មូលដ្ឋាន បើធៀបនឹងឆ្នាំ២០១៤ មានតែ៣៨.៤៥៩មូលដ្ឋានប៉ុណ្ណោះ។ កំណើននេះ បានបង្កើតការងារសរុបចំនួនជាង១៩៤.០៥៣កន្លែង កើនឡើងចំនួន៤.៧៩៣កន្លែង បើធៀបនឹងឆ្នាំ២០១៤ ដែលបានផ្ដល់ការងារចំនួន១៨៩.២៦០កន្លែង ៕
ចែករំលែកព័តមាននេះ