ខេត្តប៉ៃលិន ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋប្រទះឃើញសពស្ត្រីម្នាក់ត្រូវភ្លើងឆេះខ្លោចស្ទើរមើលមិនយល់ នៅក្នុងចម្ការតាង៉ែនហៅមៀនប៉ៃលិនរបស់ខ្លួន ដែលនៅចម្ងាយពីភូមិប្រហែល៤ទៅ៥គីឡូម៉ែត្រ ។ ពាក់ព័ន្ធនឹងបញ្ហានេះ គេសង្ស័យថា គាត់រត់ទៅពន្លត់ភ្លើងឆេះព្រៃដែលរាលមកឆេះចម្ការរបស់ខ្លួន ហើយដោយសារទាក់ដួលងើបមិនរួច ក៏ត្រូវភ្លើងឆេះស្លាប់តែម្តង ។
ការប្រទះឃើញសពស្ត្រីរងគ្រោះនេះ គឺកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២១ ខែមីនា កន្លងទៅ នៅក្បែរបន្ទាយយោធាវរសេនាតូចលេខ៥០៧ ជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិបហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីលោក ជ ម៉ាញ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បយ៉ាខា បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែមីនា ថា ស្ត្រីរងគ្រោះឈ្មោះ ណឹប លាង អាយុ៣៥ឆ្នាំ ជាចុងភៅនៅបន្ទាយយោធាខាងលើ មានប្តីឈ្មោះ ឈឺ ធី អាយុ៣៦ឆ្នាំ ជាមន្ត្រីយោធា ហើយប្តីប្រពន្ធនេះស្នាក់នៅក្នុងបន្ទាយ ។ ប្រភពដដែលបន្តថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អាកាសធាតុក្តៅខ្លាំងគួរឱ្យកត់សម្គាល់ ហើយក៏មានអ្នកដុតព្រៃក្បែរចម្ការនោះជាញឹកញាប់ដែរ។ ដោយឡែកនៅថ្ងៃទី២០ ខែមីនា កន្លងទៅ ភ្លើងព្រៃបន្តឆេះលើភ្នំក្បែរចម្ការតាង៉ែនរបស់ពួកគាត់ និងបាននាំគ្នាទៅពន្លត់ម្តងរួចហើយ ។
លោកនាយប៉ុស្តិ៍បញ្ជាក់ថា នៅរសៀលថ្ងៃទី២០ ខែមីនានោះ ខណៈប្តីគាត់ជាប់រវល់ទៅទិញសម្ភារនៅឯផ្សារសាមគ្គី ហៅប៉ាហ៊ី ប្រហែលជាស្ត្រីរងគ្រោះឃើញភ្លើងឆេះព្រៃភ្នំរាលដាលចូលទៅឆេះចម្ការរបស់ខ្លួន ទើបរត់ទៅម្នាក់ឯងដើម្បីពន្លត់ភ្លើងនោះ តែជាអកុសលដោយសារទាក់ជើងនឹងវល្លិដួលសន្លប់នៅនឹងកន្លែង ទើបត្រូវភ្លើងឆេះស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។
ចំណែកលោក ឈឺ ធី ជាប្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុគាត់មិនបានដឹងថា ប្រពន្ធទៅកន្លែងភ្លើងឆេះចម្ការនោះឡើយ លុះពេលត្រឡប់មកពីផ្សារដល់បន្ទាយវិញ ស្រាប់តែបាត់ប្រពន្ធ ហើយសួរនាំមិត្តភក្តិ ជាយោធានៅក្នុងបន្ទាយ ក៏គ្មាននរណាដឹងថាទៅណាឡើយ ។ ប្រពន្ធគាត់បានបាត់ខ្លួនអស់១យប់ លុះព្រឹកឡើងស្រាប់តែមានគេមកប្រាប់ថា ប្រពន្ធត្រូវភ្លើងឆេះព្រៃស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យគាត់មានការតក់ស្លុតរន្ធត់ក្នុងចិត្ត ហើយសោកស្តាយយ៉ាងខ្លាំងចំពោះគ្រោះអកុសលនេះ ៕
ចែករំលែកព័តមាននេះ