ទីភ្នាក់ងារសារព័ត៌មានបែលហ្ស៊ិក BELGA បានរាយការណ៍ថា មានការផ្ទុះចំនួន២លើកនាព្រឹកថ្ងៃទី២២ មីនា នៅកន្លែងរង់ចាំចេញដំណើរនៃព្រលានយន្តហោះក្រុងព្រុចសែល BRUXELLES-ZA VENTEM និងផ្ទុះមួយគ្រាប់ទៀតនៅស្ថានីយមេត្រូ ដែលរបាយការណ៍ផ្លូវការដំបូងៗបានអោយដឹងថា មនុស្សយ៉ាងហោចណាស់៣៥នាក់ស្លាប់ និងរបួសច្រើនរយនាក់ទៀត នេះគិតមកត្រឹមព្រឹកថ្ងៃទី២៣ មីនា នេះ។
BELGA បញ្ជាក់ថា ប្រភពនៃការផ្ទុះនៅពុំទាន់អាចកំណត់ដឹងនៅឡើយសម្រាប់ពេលនេះ ក៏ប៉ុន្តែស្នូរកាំភ្លើង និងសំឡេងស្រែកជាភាសាអារ៉ាប់ត្រូវបានស្តាប់ឮ មុនការផ្ទុះគ្រាប់បែកទាំង២គ្រាប់នេះ ។ អាជ្ញាធរបានចេញផ្សាយរូបភាពជនសង្ស័យ២នាក់ អាចជាអ្នកវាយប្រហារអត្តឃាតដែលថតបានពេលរុញរទេះតាមរយៈស្ថានីយ និងអាជ្ញាធរបាននិយាយថា ពួកគេត្រូវបានស្វែងរកយ៉ាងសកម្ម ហើយសម្រាប់លើកទី៣ ត្រូវបានអាជ្ញាធរស្វែងរកឃើញមានគ្រាប់បែកមួយគ្រាប់មិនផ្ទុះ។
រាល់ការហោះហើរត្រូវបានផ្អាកភ្លាមៗហើយសមត្ថកិច្ចព្រលានយន្តហោះបានជម្លៀសមនុស្សចេញ ។ ការធ្វើចរាចរណ៍តាមផ្លូវដែកមកកាន់ព្រលានយន្តហោះ ZAVENTEM ក៏ត្រូវផ្អាកដែរ ។
បណ្តារូបភាពផ្សាយតាមទូរទស្សន៍បែលហ្ស៊ិកបង្ហាញពីការខូចខាតធ្ងន់ធ្ងរ ។ មានការកត់សម្គាល់ថា ការផ្ទុះគ្រាប់បែកនេះកើតមាន៤ថ្ងៃក្រោយការចាប់ខ្លួននៅ MOLENBEEK ជាសង្កាត់មួយនៃក្រុងព្រុចសែល បុរសម្នាក់ឈ្មោះ SALAH ABDESLAM គឺជាជនសង្ស័យសំខាន់នៃក្រុមកុំម៉ង់ដូវាយប្រហារភេរវកម្មថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥ នៅក្រុងប៉ារីស និង SAINT-DENIS ប្រទេសបារាំងដែលបណ្តាលឱ្យស្លាប់មនុស្ស១៣០នាក់ ។
បណ្តារូបភាពផ្សាយតាមបណ្តាញសង្គមបង្ហាញផ្សែងហុយ ចេញពីទីតាំងព្រលានយន្តហោះ និងបណ្តាអ្នកដំណើររាប់រយនាក់ដែលនាំគ្នារត់គេចខ្លួនចេញពីកន្លែងផ្ទុះ ។
យោងតាមសារព័ត៌មានបែលហ្ស៊ិកជាច្រើនថា ការផ្ទុះនោះបានកើតមាននៅក្បែរបញ្ជរចុះឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាេមរិក AMERICAN AIRLINE ។ នាវេលាម៉ោង៩និង៣៥នាទីម៉ោងនៅក្រុងព្រុចសែល ទូរទស្សន៍បែលហ្ស៊ិក RTBF បានរាយការណ៍ពីមនុស្សស្លាប់យ៉ាងតិច១០នាក់ និងរបួស៣០នាក់ ។
នាវេលាម៉ោង៨និង៥៥នាទី សារព័ត៌មានបែលហ្ស៊ិកមួយចំនួនរាយការណ៍រួចហើយ ពីមនុស្សស្លាប់១៥នាក់ និងរបួស៣៥នាក់ ។
ផ្ទុះមួយគ្រាប់ទៀតនៅស្ថានីយមេត្រូ
ទូរទស្សន៍រដ្ឋបែលហ្ស៊ិក VRT គូសបញ្ជាក់ថា ការផ្ទុះ២នៅព្រលានយន្តហោះក្រុងព្រុចសែល គឺជាការវាយប្រហារអត្តឃាត ។ ទូរទស្សន៍នោះរៀបរាប់នាវេលាម៉ោង១០និង៥នាទីពីមនុស្សស្លាប់យ៉ាងតិច១៣នាក់ និងរបួស៣៥នាក់ នៅព្រលានយន្តហោះ ។ តាមប្រភពក្រៅផ្លូវការបាននិយាយពីចំនួនមនុស្សស្លាប់រហូតដល់ជាង២០នាក់ ។
ម្យ៉ាងទៀតយោងតាមទូរទស្សន៍ RTBF ថា ការផ្ទុះមួយទៀតកើតមាននៅក្នុងស្ថានីយមេត្រូ MAELBEEK ក្បែរទីស្នាក់ការនៃបណ្តាស្ថាប័នអឺរ៉ុប កណ្តាលក្រុងព្រុចសែល នាព្រឹកថ្ងៃទី២២ មីនា ដែរ ។
សេចក្តីរាយការណ៍របស់ AFP ពីជនរងគ្រោះដោយសារការផ្ទុះក្នុងស្ថានីយមេត្រូថា មានអ្នករបួសប្រមាណជា១៥នាក់ ហើយមានរូបភាពមួយបង្ហាញពីមនុស្សម្នាក់មានឈាមហូរដាបនៅចិញ្ចើមថ្នល់មុខស្ថានីយមេត្រូនោះ ។
បណ្តាសារព័ត៌មានបែលហ្ស៊ិកនានារៀបរាប់ពីមនុស្សស្លាប់១០នាក់ក្នុងស្ថានីយមេត្រូ តែចំនួននេះមិនទាន់អាចកំណត់ជាផ្លូវការបាននៅឡើយទេ ។
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក CHARLES MICHEL ថ្លែងតាម TWITTER ថា យើងតាមដានសភាពការណ៍ពី១នាទីទៅ១នាទី ។ អាទិភាពសំខាន់គឺជួយបណ្តាជនរងគ្រោះ និងបណ្តាមនុស្សនៅព្រលានយន្តហោះ ។
នាវេលាម៉ោង១០និង៥៧នាទី ថ្ងៃទី២២ មីនា ម៉ោងនៅក្នុងក្រុងព្រុចសែល ត្រូវនឹងម៉ោង៦ល្ងាចនៅកម្ពុជាតុល្យការថ្មីក្រៅផ្លូវការបានឱ្យដឹងថា មានមនុស្សស្លាប់សរុប២៣នាក់ ៕
ចែករំលែកព័តមាននេះ