ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករបារម្ភពីការចំណាយច្រើនលើការធ្វើស្រែ ដោយសារប្រេង ជី ឡើងថ្លៃហើយគ្មានទឹក

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដល់រដូវសាបព្រោះស្រូវហើយតែគ្មានទឹក ។ ប្រជាកសិករមួយចំនួននៅស្រុកកោះធំ ខេត្តកណ្តាល បានកំពុងព្រួយបារម្ភពីការខ្វះទឹកនៅក្នុងការដាំដុះ ពីព្រោះកម្រឹតទឹកទន្លេទាបខ្លំាងនៅឆ្នាំនេះមិនអាចហូរចូលស្រែ ប្រឡាយបាន ។…

ខេត្តកណ្តាល ៖ ដល់រដូវសាបព្រោះស្រូវហើយតែគ្មានទឹក ។ ប្រជាកសិករមួយចំនួននៅស្រុកកោះធំ ខេត្តកណ្តាល បានកំពុងព្រួយបារម្ភពីការខ្វះទឹកនៅក្នុងការដាំដុះ ពីព្រោះកម្រឹតទឹកទន្លេទាបខ្លំាងនៅឆ្នាំនេះមិនអាចហូរចូលស្រែ ប្រឡាយបាន ។ អ្នកស្រី ហេង កសិករម្នាក់បាននិយាយថា ទឹកមិនពេញប្រឡាយ ដូច្នេះមិនមានទឹកគ្រប់គ្រាន់សម្រាប់បញ្ជូលស្រែទេ មានតែពឹងលើទឹកអណ្តូងហើយ ។ កសិករខាងលើថា ទឹកអណ្តូងអាចប្រើជំនួសទឹកប្រឡាយក៏ពិតមែន តែបើប្រើទឹកអណ្តូងចំណាយអស់លុយទិញប្រេងច្រើនណាស់ ។

«ប្រើទឹកអណ្តូង ដាក់ស្រែខ្ញុំអាចនឹងអស់ប្រេងទៅ ៥ កាន រីឯប្រើទឹកប្រឡាយវិញអស់តែបីកានប៉ុណ្ណោះ ។ ប្រេងសំាងឥឡូវឡើងថ្លៃខ្លំាងណាស់ មួយលីត្រជាង ៤ ពាន់រៀលទៅហើយ ដូច្នេះការធ្វើស្រែនៅឆ្នាំនេះ ប្រហែលជាខាតហើយ» នេះជាការបារម្ភរបស់កសិករមួយរូប ។ អ្នកស្រី ហេង មានដីធ្វើស្រែទំហំពីរហិកតា ជាដីរបស់គាត់ជួលគេផង និងដីខ្លួនឯងផង ។ អ្នកស្រីនិយាយទាំងមុខស្ងួតថា នៅក្នុងការធ្វើស្រែជារៀងរាល់ឆ្នាំនេះ កសិករត្រូវចំណា យលើប្រេង ជី និងថ្នាំកសិក្ម ។ ទំាងថ្នាំកសិកម្ម និងប្រេង ជី នៅឆ្នាំនេះសុទ្ធតែឡើងថ្លៃគ្រប់មុខ នៅមិនទាន់គិតដល់ថ្លៃជួលដី និងគ្រៀងយន្តនានាទៀតផង ។

កសិករម្នាក់ទៀត ឈ្មោះ នាក់ ប្រាំង បានប្រាប់ថា ទឹកដែលមានក្នុងប្រឡាយនាពេលនេះ គឺជាទឹកភ្លៀងដែរនៅសល់ប៉ុណ្ណោះ ប៉ុន្តែកសិករបានកំពុងទន្ទឹងរងចំាទឹកទន្លេចូល ។ កសិករវ័យ ៥០ ឆ្នាំជាងនេះមានដីមួយហិតា លោកនឹងប្រើសាំង និងម៉ាស៊ូតអស់ដល់ ២៥ កានឯណោះដោយសារដីមិនសូវទប់ទឹកបាន ។ 

បុរសរូបនេះរអ៊ូថា ចំណាយច្រើនចំណែកផលស្រូវ មិនសូវជាបានប៉ុន្មានទេ ធ្វើមួយសារបានតែ ៤ ទៅ ៥ តោនប៉ុណ្ណោះ គ្រាន់តែចំណាយលើជី និងថ្នាំអស់ ១ លានរៀលជាងទៅហើយ មិនគិតថ្លៃពូជ និងថ្លៃជួលគេភ្ជួររាស់ផង ។ ជី ១ ប៉ាវ ១៣ ម៉ឺនរៀល សាំង ១ កាន ១២ ម៉ឺនរៀល រីឯម៉ាស៊ូត ១ កាន ៩ ម៉ឺនរៀល ។ 

 មិនខុសពីកសិករដទៃនោះទេ អ្នកស្រី ជៀម ថាគ្រួសារគាត់ពឹងលើការធ្វើស្រែ ។ អ្នកស្រីបានត្អូញពីការឡើងថ្លៃពីប្រេង ជី និងថ្នាំផងដែរ ។ ខ្ញុំមានដីធ្វើស្រែ ១ ហិកតា ដែលធ្វើស្រែក្នុងមួយឆ្នាំអស់ជីសរុបទាំងអស់ ១៥ ប៉ាវ ប្រេង ៦ កាន ។ អ្នកស្រីបញ្ជាក់ថា ជីកាលពីឆ្នាំមុនជីគីមី (ជីស )តម្លៃតែ ៩ ម៉ឺន រៀល រីឯជីសរីរាង្គ (ជីព័ណ៌) តម្លៃ ១២ ម៉ឺនរៀល ចំណែកប្រេងសំាង ១ កានតម្លៃ ៩៩០០០ ប៉ុណ្ណោះ ។ ចំណែកឆ្នាំនេះ ជីគីមី ១ ប៉ាវ ១៣ ម៉ឺន ជីសរីរាង្គឡើងដល់ ១៥ ម៉ឺន រីឯសំាងឡើង ១ កាន ១២ ម៉ឺនរៀល ។ 

នៅក្នុងការពន្យល់ពីវិស័យកសិកម្មដល់សាធារណជន លោក វេង សាខុន ក៏បានលើកឡើងពីមូលហេតុអ្វីបានជី និងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃនោអដែរ ។ តាមលោករដ្ឋមន្រ្តីជី និងថ្នាំកសិកម្មឡើងថ្លៃ នេះគឺថា នៅបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម ។ វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ ។ ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយដោយកម្លាំងពលកម្មថយចុះដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម ។ ការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ ។ ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ក៏ជាបន្ទុកមួយទៀត ដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ ។ ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំមិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្តាល ជាហេតុធ្វើឱ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត ។ ជាមួយគ្នានេះ តម្រូវការជីកសិកម្មក្នុងស្រុកមានក៏ការកើនឡើងច្រើនដែរ ៕ ដោយ ៖ ម៉ុន ចាន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ