ទូរទស្សន៍រដ្ឋបែលហ្ស៊ិក VRT គូសបញ្ជាក់ថា ការផ្ទុះ២នៅព្រលានយន្តហោះក្រុងព្រុចសែល ជាការវាយប្រហារអត្តឃាត ។ ទូរទស្សន៍នោះរៀបរាប់នាវេលាម៉ោង១០និង៥នាទីពីមនុស្សស្លាប់យ៉ាងតិច១៣នាក់ និងរបួស៣៥នាក់ នៅព្រលានយន្តហោះ ។ មានគេនិយាយពីចំនួនមនុស្សស្លាប់ថាមានជាង២០នាក់ ។
ម្យា៉ងទៀតយោងតាមទូរទស្សន៍ RTBF ថា ការផ្ទុះមួយទៀតកើតមាននៅក្នុងស្ថានីយមេត្រូ MAELBEEK ក្បែរទីស្នាក់ការនៃបណ្តាស្ថាប័នអឺរ៉ុប កណ្តាលក្រុងព្រុចសែល នាព្រឹកថ្ងៃទី២២ មីនា ដែរ ។
សេចក្តីរាយការណ៍របស់ AFP ពីជនរងគ្រោះដោយសារការផ្ទុះក្នុងស្ថានីយមេត្រូថា មានអ្នករបួសប្រមាណជា១៥នាក់ ហើយមានរូបភាពមួយបង្ហាញពីមនុស្សម្នាក់មានឈាមហូរដាបនៅចិញ្ចើមថ្នល់មុខស្ថានីយមេត្រូនោះ ។
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក CHARLES MICHEL ថ្លែងតាម TWITTER ថា យើងតាមដានសភាពការណ៍ពី១នាទីទៅ១នាទី ។ អាទិភាពសំខាន់គឺជួយបណ្តាជនរងគ្រោះ និងបណ្តាមនុស្សនៅព្រលានយន្តហោះ ៕
ចែករំលែកព័តមាននេះ