ទីភ្នាក់ងារសារព័ត៌មានបែលហ្ស៊ិក BELGA រាយការណ៍ថា មានការផ្ទុះ២កើតមាននាព្រឹកថ្ងៃទី២២ មីនា នៅកន្លែងរង់ចាំចេញដំណើរនៃព្រលានយន្តហោះក្រុងព្រុចសែល BRUXELLES-ZA VENTEM ដោយរបាយការណ៍ផ្លូវការដំបូងនិយាយពីមនុស្សម្នាក់ស្លាប់ និងរបួសច្រើននាក់ ។
BELGA បញ្ជាក់ថា ប្រភពនៃការផ្ទុះនៅពុំទាន់អាចកំណត់ដឹងនៅឡើយសម្រាប់ពេលនេះ ក៏ប៉ុន្តែស្នូរកាំភ្លើង និងសំឡេងស្រែកជាភាសាអារ៉ាប់ត្រូវបានស្តាប់ឮ មុនការផ្ទុះគ្រាប់បែកទាំង២គ្រាប់នេះ ។
រាល់ការហោះហើររបស់យន្តហោះត្រូវផ្អាក ហើយព្រលានយន្តហោះជម្លៀសមនុស្សចេញ ។ ការធ្វើចរាចរណ៍តាមផ្លូវដែកមកកាន់ព្រលានយន្តហោះ ZAVENTEM ក៏ត្រូវផ្អាកដែរ ។
បណ្តារូបភាពផ្សាយតាមទូរទស្សន៍បែលហ្ស៊ិកបង្ហាញពីការខូចខាតធ្ងន់ធ្ងរ ។ ការផ្ទុះគ្រាប់បែកទាំងនេះកើតមាន៤ថ្ងៃក្រោយការចាប់ខ្លួននៅ MOLENBEEK ជាសង្កាត់មួយនៃក្រុងព្រុចសែល បុរសឈ្មោះ SALAH ABDESLAM ជនសង្ស័យសំខាន់នៃក្រុមកុំម៉ង់ដូវាយប្រហារភេរវកម្មថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥ នៅក្រុងប៉ារីស និង SAINT-DENIS ប្រទេសបារាំងបណ្តាលឱ្យស្លាប់មនុស្ស១៣០នាក់ ។
បណ្តារូបភាពផ្សាយតាមបណ្តាញសង្គមបង្ហាញផ្សែងហុយចេញពីទីតាំងព្រលានយន្តហោះ និងបណ្តាអ្នកដំណើរដែលនាំគ្នារត់គេចខ្លួន ។
យោងតាមសារព័ត៌មានបែលហ្ស៊ិកជាច្រើនថា ការផ្ទុះកើតមាននៅក្បែរបញ្ជរចុះឈ្មោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាេមរិក AMERICAN AIRLINE ។ នាវេលាម៉ោង៩និង៣៥នាទីម៉ោងនៅក្រុងព្រុចសែល ទូរទស្សន៍បែលហ្ស៊ិក RTBF រាយការណ៍ពីមនុស្សស្លាប់យ៉ាងតិច១០នាក់ និងរបួស៣០នាក់ ។
នាវេលាម៉ោង៨និង៥៥នាទី សារព័ត៌មានបែលហ្ស៊ិកមួយចំនួនរាយការណ៍រួចហើយ ពីមនុស្សស្លាប់១១នាក់ និងរបួស២៥នាក់ តែអាជ្ញាធរទើបអះអាងពីមនុស្សស្លាប់ម្នាក់ប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ